
ក្រុមអ្នកនេសាទលើកត្រីចេញពីទូក លក់ឱ្យអតិថិជន។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាបាននាំចេញផលនេសាទសរុប ២ ០៩២ តោន ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០២១ កើន ៥២,៤៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍បង្ហាញថា ក្នុងនោះការនាំចេញផលនេសាទស្រស់មានចំនួន ១ ៩៤៥ តោន កើន ៨០៥ តោន ស្មើនឹង ៧០,៦១ ភាគរយធៀបនឹងឆមាសទី១ ឆ្នាំ ២០២០ ចំណែកការនាំចេញផលនេសាទកែច្នៃមានចំនួន ១៤៧ តោន ធ្លាក់ ៣៦,៦៣ ភាគរយ។ ផលនេសាទភាគច្រើនត្រូវនាំចេញទៅកាន់ប្រទេសវៀតណាម និងថៃ។
អ្នកចិញ្ចឹមក្នុងស្រុកអះអាងថា ទីផ្សារនេសាទក្នុងស្រុកនៅតែពិបាកប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូល។
លោក លីម សុខហេង ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឱ្យដឹងថាក្នុងអំឡុងពេលនេះទីផ្សារត្រីនៅក្នុងស្រុកមិនមានការប្រែប្រួលទេ គឺតម្លៃនៅបន្តធ្លាក់ចុះ ដោយហាងឆេងត្រីប្រាបោះដុំក្នុងរង្វង់ ៤ ៣០០ រៀល ក្នុង ១ គីឡូក្រាម បើធៀបនឹងអំឡុងខែមីនាឆ្នាំនេះ តម្លៃជាមធ្យម ៤ ៦០០ រៀល ក្នុង ១ គីឡូក្រាម។
លោកបន្តថា កសិដ្ឋានលោកអាចប្រមូលផលត្រីប្រាក្នុង ១ រដូវបានជាង ១ ពាន់តោន ដែលភាគច្រើនត្រូវបានផ្គត់ផ្គង់ទៅទីផ្សារក្នុងក្រុងភ្នំពេញ និងចែកចាយបន្តទៅបណ្តាខេត្តផ្សេងៗ។ លោកបន្តថា ត្រីក្នុងស្តុកដែលអាចប្រមូលផលបាននៅសល់ប្រហែល ៣០០ តោន មិនទាន់បញ្ចេញលក់។
លោកនិយាយថា៖ «ទីផ្សារត្រីរាងខ្សោយបន្តិចឥឡូវនេះ ប្រហែលមកពីការនាំចូលត្រី។ ស្រះខ្ញុំនឹងបន្តប្រមូលផលត្រីជាបន្តបន្ទាប់ទៀតក្នុងរយៈពេល ២ ខែខាងមុខ»។
ស្រដៀងគ្នានេះ លោក សុង សីហា ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមេពូជនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ទីផ្សារកូនត្រីនៅក្នុងស្រុកនៅទ្រឹងមិនទាន់មានការប្រែប្រួលនោះទេ។
លោកបន្ថែមថា បច្ចុប្បន្ន កូនត្រីលក់ចេញក្នុងតម្លៃ ៣០ ០០០ រៀល ក្នុង ១ គីឡូក្រាមដែលតម្លៃនេះថយចុះបន្តិចបើធៀបនឹងមុនជំងឺកូវីដ ១៩។
ទិន្នន័យនេះបានឱ្យដឹងទៀតថា ការកែច្នៃផលនេសាទទឹកសាបបានចំនួន ២៥ ៩១០ តោន ស្មើនឹង ៣២,៣៩ ភាគរយនៃផែនការធៀបនឹងឆមាសទី ១ ឆ្នាំ ២០២០ ធ្លាក់ ១ ៣៤០ តោន។ ដោយឡែកផលនេសាទសមុទ្រមានចំនួន ៦ ១៣០ តោន ស្មើនឹង ៥១,៨ ភាគរយនៃផែនការធៀបនឹងឆមាសទី១ ឆ្នាំ ២០២០ កើន ២០ តោន។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល ធ្លាប់បានប្រាប់ថា រដ្ឋបាលជលផលខេត្តកណ្តាលកំពុងជំរុញវារីវប្បកម្មដើម្បីបង្កើនសមត្ថភាពផលិត។ លោកបានបន្ថែមថា៖ «ការធ្វើវារីវប្បកម្មលក្ខណៈគ្រួសារកំពុងមាននិន្នាការកើនឡើង។ រដ្ឋបាលជលផលខេត្តកំពុងជំរុញវារីវប្បកម្មពីលក្ខណៈគ្រួសារឱ្យទៅជាលក្ខណៈពាណិជ្ជកម្មផងដែរ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថា រដ្ឋាភិបាលកំពុងខិតខំជំរុញវារីវប្បកម្ម ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅការនាំចេញផលនេសាទពីកម្ពុជាទៅទីផ្សារអន្តរជាតិ។
លោកនិយាយថា៖ «ខ្ញុំជឿថា តាមរយៈការខិតខំពេលនេះ វិស័យឯកជននឹងមើលឃើញថា កម្ពុជាអាចឈានដល់ការនាំចេញផលនេសាទទៅទីផ្សារអន្តរជាតិដោយការចិញ្ចឹមសម្រាប់នាំចេញតាមបែបផែនផលិតកម្ម ដើម្បីអាចឆ្លើយតបនឹងតម្រូវការទីផ្សារ។ យើងត្រូវមានការកែលម្អការចិញ្ចឹម ដើម្បីឆ្លើយតបទៅនឹងស្តង់ដារបស់គេស្របពេលប្រមុខរដ្ឋាភិបាលកំពុងធ្វើការកែលម្អការដឹកជញ្ជូនទំនិញ»។
កម្ពុជាបាននាំចេញផលនេសាទសរុប ៣ ៥៩០ តោន ទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃសរុបជាង ៨,៣៣ លានដុល្លារ កាលពីឆ្នាំ ២០២០ ធ្លាក់ ៧៤,៥៣ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៩ ដែលមានចំនួន ១៤ ១០០ តោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ LA