ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​សេវា​បញ្ញើ​ឆាប់រហ័ស​អន្តរជាតិ​ចំនួន ៦ ​ក្រុមហ៊ុន ដែល​អាជ្ញាប័ណ្ណ​មួយចំនួន​អស់​សុពលភាព និង​មួយចំនួន​ទៀត​សុំ​ឈប់​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​។

លិខិត​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ស្តីពី «​ការលុប​អាជ្ញាប័ណ្ណ​សេវា​បញ្ជើ​ឆាប់រហ័ស​អន្តរជាតិ​របស់​ប្រតិបត្តិករ​ប្រៃសណីយ៍​ចំនួន ៦ ​ក្រុមហ៊ុន​»​កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា យោងតាម​ស្ថានភាព​ជាក់ស្តែង​ក្រសួង​សម្រេច​លុប​អាជ្ញាប័ណ្ណ​សេវា​បញ្ញើ​ឆាប់រហ័ស​អន្តរជាតិ​របស់​ក្រុមហ៊ុន​ចំនួន​ ៦ ​ក្នុងនោះ​ក្រុមហ៊ុន ២ មាន​អាជ្ញាប័ណ្ណ​ហួស​សុពលភាព (​ក្រុមហ៊ុន Awg Trucking Service Co., Ltd និង​ Mygo (Cambodia)Co., Ltd) និង ៤ ​​ក្រុមហ៊ុន​ទៀត​បានដាក់​ពាក្យស្នើសុំ​ឈប់​ធ្វើ​អាជីវកម្ម​ (​ក្រុមហ៊ុន Zhong Wai Tong Express Logistic Co., Ltd., Air Express Worldwide Inc., SJ Shipping Co., Ltd. និង​ក្រុមហ៊ុន Angkor E-Booking Co., Ltd.)​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បើ​និយាយ​ពី​សេវា​បញ្ញើ​ឆាប់រហ័ស​អន្តរជាតិ​នៅក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ផលប៉ះពាល់​ប្រាកដ​ជាមាន ព្រោះ​ភាគច្រើន​បញ្ញើ​ឆាប់រហ័ស​អន្តរជាតិ​ត្រូវបាន​ធ្វើឡើង​តាម​ជើង​ហោះហើរ​។

លោក​បន្ថែមថា ឧបសគ្គ​ដែល​ធ្វើឱ្យ​សេវាកម្ម​នេះ​ធ្លាក់ចុះ​អាចមកពី​មិនសូវ​មាន​ជើងហោះហើរ​ទាំង​ក្រុង​ស្រុក និង​អន្តរជាតិ ដែល​ជំរុញ​ឱ្យ​អ្នក​ប្រើប្រាស់​ងាយ​ទៅរក​សេវា​ដឹក​តាម​ផ្លូវទឹក និង​ផ្លូវគោក​វិញ​។

លោក​ថ្លែងថា​៖ «​ការរីករាលដាល​កូវីដ​ ១៩ ធ្វើឱ្យ​សេវា​បញ្ញើ​ឆាប់រហ័ស​អន្តរជាតិ​ធ្លាក់ចុះ​ច្រើន ហើយ​ការបញ្ជូន​ទំនិញ​ទៅតាម​គោលដៅ ក៏​មិនអាច​មាន​ភាព​ឆាប់រហ័ស​ដូច​មុន​ដែរ​»​។

លោក ហេង បូរិន អគ្គនាយក​ក្រុមហ៊ុន Aladdin Express និង​ជា​សហស្ថាបនិក​ក្រុមហ៊ុន Angkor E-Booking Co., Ltd. បាន​និយាយថា ក្រុមហ៊ុន Angkor E-Booking Co., Ltd. ​បង្កើតឡើង​ដោយ​ផ្សារភ្ជាប់​ជាមួយ​នឹង​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ប៉ុន្តែ​ដោយសារ​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ ១៩ ធ្វើឱ្យ​សេវាកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​មិនមាន​ដំណើរ​ការល្អ ដូច្នេះ​លោក​ក៏បាន​ស្នើសុំ​ទៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ឱ្យ​លុប​អាជ្ញាប័ណ្ណ​បញ្ញើ​ឆាប់​រហ័ស​នេះ​។

លោក​បន្ថែមថា មូលហេតុ​ដែល​ក្រុមហ៊ុន​លោក​សុំ​ក្រសួង​ដើម្បី​ឈប់​ធ្វើ​អាជីវកម្ម គឺ​ដោយសារ​ក្រុមហ៊ុន​មាន​បំណង​ចង់​ផ្តោត​ការយកចិត្ត​ទុកដាក់​កាន់តែខ្លាំង​ទៅលើ​ការផ្តល់​សេវាកម្ម​របស់​ក្រុមហ៊ុន​អាឡាដាំង អិចប្រេស ដែល​កំពុង​ទទួលបាន​ការគាំទ្រ​កាន់តែ​ខ្លាំង​នៅក្នុង​វិស័យ​ដឹកជញ្ជូន​បញ្ញើ​រហ័ស​នៅ​កម្ពុជា​។

លោក​និយាយថា​៖ «​ក្នុងនាម​ក្រុមហ៊ុន​គោរព​ច្បាប់​យើង​បាន​ស្នើសុំ​ឱ្យ​ក្រសួង​លុប​អាជ្ញាប័ណ្ណ​របស់ Angkor E-Booking Co., Ltd. ព្រោះ​យើង​មិនបាន​ប្រើប្រាស់​វា​ទៀត​ទេ​»​។

ទាក់ទង​សេវាកម្ម​បញ្ញើ​រហ័ស លោក​បញ្ជាក់ថា វិស័យនេះ​មិន​ទទួលរង​ផលប៉ះពាល់​ពី​ការរីករាលដាល​កូវីដ​ ១៩ ទេ​៕ LA