ទីក្រុងស្ដុកខុល: Volvo Group ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដឹក​ទំនិញ​របស់​ប្រទេស​ស៊ុយអែត​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ថា កង្វះ​សម្ភារ​ដូចជា​ឧបករណ៍​ពាក់កណ្ដាល​ចម្លង​នឹង​បន្ត​រារាំង​ផលិតកម្ម​នៅ​ឆមាស​ទី​ ២ ​ឆ្នាំ​នេះ​។

លោក​ Martin Lundstedt ​អគ្គនាយក​ក្រុមហ៊ុន​ Volvo បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ខណៈ​ដែល​ក្រុមហ៊ុន​មួយ​នេះ​បានចេញ​ផ្សាយ​ប្រាក់ចំណេញ​ត្រីមាស​ទី​ ២ ​របស់ខ្លួន​ថា​៖ «​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​សម្រាប់​ឧបករណ៍​ពាក់កណ្ដាល​ចម្លង ព្រមទាំង​សម្រាប់​គ្រឿង​បង្គុំ​ផ្សេងទៀត នៅតែ​មិនមាន​ស្ថិរភាព​ជាមួយ​និង​ការទាក់ទាញ​ចំណាប់អារម្មណ៍​នៅមាន​កម្រិត​ទាប​»​។

លោក​ថ្លែងថា​៖ «​នឹងមាន​ការរំខាន និង​ការបញ្ឈប់​បន្ថែមទៀត​នៅក្នុង​ការផលិត​រថយន្ត​ដឹកទំនិញ និង​គ្រឿងបន្លាស់​ផ្សេងទៀត​របស់​ក្រុមហ៊ុន​នៅ​ឆមាស​ទី​ ២ ​ឆ្នាំនេះ​»​។

ការព្រមាន​នេះ​បានធ្វើ​ឡើង ខណៈ​ដែល​ក្រុមហ៊ុន​មួយ​នេះ​បាន​កត់ត្រា​ប្រាក់ចំណេញ​សុទ្ធ​ចំនួន ៨,៩ ​ពាន់​លាន​ក្រូន័រ (១ ​ពាន់​លាន​ដុល្លារ ៨៦៨ ​លាន​អឺរ៉ូ​) នៅ​ត្រីមាស​ទី​ ២ ​នេះ​។

ប្រាក់ចំណេញ​នោះ​បើ​ធៀប​នឹង​ការខាតបង់​សុទ្ធ​ចំនួន ២៨២ ​លាន​កាលពី​ឆ្នាំ​ ២០២០ ដែល​ស្ថិតក្នុង​ភាពអាក្រក់​ខ្លាំង​បំផុត​ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​ប្រាក់ចំណេញ​សុទ្ធ​នៅតែ​ស្ថិតក្រោម​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០១៩ ដែល​នៅពេល​នោះ​ប្រាក់ចំណេញ​សុទ្ធ​មាន​ចំនួន​ ១១,១ ​ពាន់​លាន​។

ការលក់​មាន​ចំនួន​ ៩០,៦ ​ពាន់​លាន​នៅ​ត្រីមាស​ទី​ ២ ធ្លាក់ចុះ​ស្ទើរតែ​ ១ ​ភាគ​ ៤ ​ធៀប​នឹង​កម្រិត​មុនពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

រួម​ជាមួយ​នឹង​តម្រូវ​ការចុះ​ខ្សោយ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្រុមហ៊ុន​ Volvo ក៏ដូចជា​ក្រុមហ៊ុន​ជាច្រើន​ទៀតផង​ដែរ បាន​ទទួលរង​ផលប៉ះពាល់​ ដោយសារ​តែ​កង្វះ​គ្រឿង​បង្គុំ ជាពិសេស​ឧបករណ៍​ពាក់កណ្ដាល​ចម្លង​។

កាលពី​ខែមីនា ក្រុមហ៊ុន​ផលិត​រថយន្ត​ដឹកទំនិញ​មួយ​នេះ​បានប្រកាសថា នឹង​ត្រូវតែ​បញ្ឈប់​ការផលិត​រថយន្ត​ដឹកទំនិញ​នៅ​ចន្លោះ​រយៈពេល​ពី​ពីរ​ទៅ​ ៤ ​សប្ដាហ៍ អាស្រ័យ​លើ​ទីតាំង​ផលិត ដោយសារ​តែ​កង្វះ​ឧបករណ៍​ពាក់កណ្ដាល​ចម្លង​នឹង «​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​ផលិតកម្ម​របស់​ក្រុមហ៊ុន Volvo Group នៅ​ត្រីមាស​ទី​ ២ ​នេះ​»​។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Volvo បាន​ធ្លាក់ចុះ​ប្រហែល​ ៣ ​ភាគរយ​នៅក្នុង​ការជួញដូរ​នៅពេល​ព្រឹក​នៅលើ​ផ្សារហ៊ុន​ស្ដុកខុល​ជា​កន្លែង​ដែល​សន្ទស្សន៍​សំខាន់ៗ​បាន​កើនឡើង​ ០,៤ ​ភាគរយ​ជារួម​៕ LA