
ទីស្តីការក្រសួងពាណិជ្ជកម្ម។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីបំភ្លឺចំពោះតម្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូលដោយក្រសួងអះអាងថា ទំនិញដែលចរាចរក្នុងទីផ្សារកម្ពុជា មិនមែនក្រសួងជាអ្នកកំណត់នោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកាលពីថ្ងៃទី ២០ ខែកក្កដា បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មសូមបំភ្លឺជូនសាធារណជនថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ឱ្យរដ្ឋអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដែលមានកំណត់ក្នុងច្បាប់។
ផ្អែកតាមគោលការណ៍គ្រឹះនេះ ក្រសួងពាណិជ្ជកម្មបានចរចាបើកច្រកទីផ្សារក្រៅប្រទេសដោយមិនចាំបាច់បង់ពន្ធ បានជួយសម្រួលដល់យន្តការទីផ្សារឱ្យមានការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និងទំនិញនានាដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយដែលគ្មានកំណត់ក្នុងច្បាប់នោះឡើយ។ ជាទូទៅ ការអនុវត្តយន្តការផ្សារសេរីនេះក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ានផងដែរ។
ដោយឡែកការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតនៅក្រោមការធ្វើនិយតកម្មស្របតាមច្បាប់ និងអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដោយតម្រូវឱ្យសុំអាជ្ញាប័ណ្ណអនុញ្ញាតការនាំចូលជ្រូកពីអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមិនស្ថិតក្រោមសមត្ថកិច្ចក្រសួងពាណិជ្ជកម្មឡើយ។
ការធ្វើតុល្យភាពនៃសេចក្តីត្រូវការក្នុងស្រុកជាមួយនឹងផលិតកម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យនាំចូលក្នុងបរិមាណណាមួយ ជាសិទ្ធិសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរដ្ឋាភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញយន្តការ និងវិធានការណាមួយសម្រាប់គ្រប់គ្រងតម្លៃទំនិញ (price control) នាំចូល ឬទំនិញដែលធ្វើចរាចរណ៍ក្នុងទីផ្សារកម្ពុជានោះឡើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារទៅវិញទេ ដែលជាកត្តាកំណត់តម្លៃទំនិញ។
លើកលែងតែក្នុងករណីមានរបាយការណ៍ស៊ើបអង្កេតដែលអាចបញ្ជាក់ថា មានមុខទំនិញនាំចូលជាក់លាក់ណាមួយត្រូវបានលក់បង្ខូចថ្លៃ (លក់ទាបជាងថ្លៃដើមផលិតកម្ម) ឬមានការឧបត្ថម្ភធនដោយប្រទេសនាំចេញ ឬទំនិញនាំចូលនោះត្រូវបាននាំចូលដោយមានការកើនទ្បើងដោយគំហុកនោះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការស៊ើបអង្កេត និងឈានទៅអនុវត្តវិធានការនានា រួមទាំងការកំហិតបរិមាណ និងដំឡើងពន្ធនាំចូល ដូចមានចែងក្នុងច្បាប់ជាធរមាន សំដៅការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានមកលើកសិករ ឬឧស្សាហកម្មកម្ពុជា។
លោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប បានសរសេរលើគេហទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី ២១ ខែកក្កដាថា លោកទទួលដំណឹងក្រៅផ្លូវការខ្លះៗ និងតាមបណ្តាញសារព័ត៌មានជាច្រើនបានចុះផ្សាយពីការនាំជ្រូកចូលមកពីបរទេស ប៉ុន្តែលោកកម្របានឃើញអ្នកមានលុយមានលទ្ធភាពជជែកគ្នាពីការចិញ្ចឹមសត្វ ដើម្បីជួយកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារឱ្យប្រជាជននៅតាមជនបទ និងដើម្បីកាត់បន្ថយលំហូរសាច់ប្រាក់ទៅបរទេស។
លោកសរសេរថា៖ «បើអ្នកមានទ្រព្យសម្បត្តិច្រើន មានលទ្ធភាពមិននាំគ្នាបង្កើនការចិញ្ចឹមសត្វ ផលិតចំណីសត្វ ហើយនៅតែចង់ប្រកួតប្រជែងគ្នានាំសត្វរស់ សាច់សត្វ និងចំណីសត្វចូលមកពីបរទេសដូច្នេះអ្វីដែលចាស់ៗជំនាន់យើងបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយៗគឺនៅតែនាំចូលដដែល។ ការកាត់បន្ថយភាពក្រីក្រលើវិស័យកសិកម្ម កសិឧស្សាហកម្ម ការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វនៅតែដដែល មិនជឿនលឿនតំណជំនាន់»៕ LA