
លោក ញឹម កុសល ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។
តម្លៃប្រេងឆៅត្រូវបានជួញដូរក្នុងតម្លៃខ្ពស់បំផុត ៧៦,៩៣ ដុល្លារ ក្នុង ១ បារ៉ែល នាដើមខែកក្កដា។ ប៉ុន្ដែទំនោរតម្លៃបានបន្តធ្លាក់ចុះមកវិញជាបន្តបន្ទាប់មកកាន់តម្លៃទាបបំផុត ៦៥,៥៣ ដុល្លារគិតត្រឹមថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ ដោយសារមានផែនការផលិតប្រេងដែលអាចលើសពីតម្រូវការ តាមរយៈកិច្ចព្រមព្រៀងរបស់អង្គការ OPEC+ ស្របពេលដែលមេរោគបំប្លែងថ្មី Delta កំពុងតែបន្ដគំរាមកំហែងដល់ការស្តារសេដ្ឋកិច្ចសកលជាថ្មី តម្លៃប្រេងត្រូវបានព្យាករថានឹងបន្ដធ្លាក់ចុះទៀត។
យោងតាមកិច្ចប្រជុំកាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ អង្គការ OPEC+ បានសម្រេចបង្កើនចង្វាក់ផលិតកម្មប្រេងសរុបប្រចាំខែដោយត្រូវផលិតចំនួន ៤០០,០០០ បារ៉ែលក្នុង ១ ថ្ងៃចាប់ពីដើមខែសីហា ឆ្នាំ ២០២១ តទៅ។ ស្របគ្នានេះដែរ ប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងប្រឈមនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ដែលជាកត្ដារាំងស្ទះដល់ដំណើរការស្ដារសេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសទាំងនោះ និងធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ថាមពលមានកម្រិតទាប។
ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ីមានចំនួនអ្នកឆ្លងជំងឺប្រចាំសប្តាហ៍ច្រើនជាងប្រទេសឥណ្ឌា និងប្រេស៊ីលទៅទៀត។ នេះបើយោងតាមគេហទំព័រ Worldometer។ ក្នុងបញ្ហាដូចគ្នានេះ ប្រទេសឥណ្ឌាដែលជាប្រទេសនាំចូលប្រេងធំជាងគេនៅអាស៊ីបានកាត់បន្ថយការបញ្ជាទិញប្រេងឆៅ ៣៦% ពីប្រទេសអារ៉ាប៊ី សាអ៊ូឌីត តាំងពីខែឧសភា ដោយមានការព្រួយបារម្ភនៃការធ្លាក់ចុះតម្រូវការ ខណៈប្រទេសរបស់ខ្លួនកំពុងតែប្រយុទ្ធប្រឆាំងនឹងការឆ្លងយ៉ាងរហ័សនៃជំងឺបំប្លែងថ្មី Delta។
ចំណែកចក្រភពអង់គ្លេសវិញ សារព័ត៌មាន BBC News បានរាយការណ៍ថា៖ «ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃបានកើនលើសពី ៥០ ០០០ ករណី ដែលជាកំណត់ត្រាខ្ពស់បំផុត បើគិតចាប់ពីខែមករា ឆ្នាំ ២០២១ មក។
សម្រាប់ការវិភាគផ្នែកបច្ចេកទេសវិញ តម្លៃប្រេងឆៅបានរត់នៅក្នុងទំនោរធ្លាក់ចុះ ហើយកំពុងត្រូវបានជួញដូរនៅតម្លៃ ៦៦,៥០ ដុល្លារ ទាបជាងតម្លៃមធ្យមនៃខ្សែបន្ទាត់ក្នុងរយៈពេល ៥០ ថ្ងៃ (ក្នុងតម្លៃ ៦៩,៨៥ ដុល្លារ) កាលពីព្រឹកថ្ងៃអង្គារសបា្ដហ៍នេះ។ ដូច្នេះសម្រាប់ការវិភាគជួញដូរ វិនិយោគិនអាចពិចារណាជួញដូរតម្លៃប្រេងក្នុងចន្លោះតម្លៃពី ៦៥ ទៅ ៧៥ ដុល្លារក្នុង ១ បារ៉ែល៕
