
ស្នាក់ការអគ្គនាយកដ្ឋានពន្ធដារ (GDT)។ ហេង ជីវ័ន
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រមូលពន្ធអាករបាន ១ ៥១៥,៩០ លានដុល្លារនៅក្នុងឆមាសទី១ ឆ្នាំ ២០២១ ធ្លាក់ចុះ ១០,៦០ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ GDT។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ការប្រមូលចំណូលពន្ធអាករក្នុងឆមាសទី១ ស្មើនឹង ៦៧,៥៨ ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ សម្រាប់ខែមិថុនា ឆ្នាំនេះ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ១៦៧,៦១ លានដុល្លារ ស្មើនឹង ៧,៤៧ ភាគរយនៃផែនការ។
បើគិតត្រឹមថ្ងៃទី ២០ ខែកក្កដា GDT បានប្រមូលចំណូលពន្ធ អាករគ្រប់ប្រភេទបានចំនួន ១ ៥៩០,៣៨ លានដុល្លារ ក្នុងនោះរយៈពេល ២០ ថ្ងៃខែកក្កដានេះ ប្រមូលចំណូលសរុបចំនួន ៧៤,៣២ លានដុល្លារ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ការបន្តអូសបន្លាយនៃការរាតត្បាតជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២០ និងការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានជះឥទ្ធិពលជាអវិជ្ជមានមកលើការប្រមូលចំណូលពន្ធអាករយ៉ាងខ្លាំង។
ទោះយ៉ាងណាលោកបញ្ជាក់ថា ការដាក់ចេញវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារត្រូវបានអនុវត្តដោយបុរេសកម្ម និងបានឆ្លើយតបទៅនឹងបញ្ហាប្រឈម និងការលំបាកនានាក្នុងបរិបទនៃជំងឺកូវីដ ១៩ ដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលប្រមូលចំណូលក្នុងឆមាសទី១ សម្រេចបានរហូតដល់ ៦៧,៥៨ ភាគរយនៃផែនការ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងបរិបទកូវីដ ១៩ ប្រមុខរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីជួយកាត់បន្ថយបន្ទុកដល់វិស័យដែលរងផលប៉ះពាល់។
ទោះបីយ៉ាងណាលោកប្រាប់ថា៖ «យើងមានការបារម្ភបើជំងឺកូវីដ ១៩ នៅតែបន្តអូសបន្លាយវានឹងធ្វើឱ្យប៉ះពាល់ចំណូលថវិកាជាតិ។ ខ្ញុំសង្ឃឹមថា យុទ្ធសាស្ត្រចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ នៅតាមរាជធានី-ខេត្ត នឹងជួយទប់ស្កាត់ ឬក៏កាត់បន្ថយការរីករាលដាលជំងឺកូវីដ ១៩ ហើយអាចដំណើរការវិស័យផ្សេងៗឡើងវិញ»៕ LA