ទីក្រុងឡុងដ៍: Unilever ជា​ក្រុមហ៊ុន​ទំនិញ​ប្រើប្រាស់​របស់​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​ការធ្លាក់ចុះ​ប្រាក់ចំណេញ​សុទ្ធ​ឆមាស​ទី​ ១ ​ដោយសារ​តែ​តម្លៃ​កើនឡើង​។

ក្រុមហ៊ុន​ Unilever បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ប្រាក់ចំណេញ​បន្ទាប់ពី​បង់ពន្ធ​រួច​បាន​ធ្លាក់ចុះ​ ៥ ​ភាគរយ​មក​នៅត្រឹម​ ៣,១២ ​ពាន់​លាន​អឺរ៉ូ (៣,៦៨ ​ពាន់​លាន​ដុល្លារ​) នៅ​រយៈពេល​ ៦ ​ខែ​ដំបូង​ឆ្នាំនេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០​។

ប្រាក់ចំណូល​បាន​ធ្លាក់ចុះ​ប្រហែល​ ២៦ ​ពាន់​លាន​អឺរ៉ូ សម្រាប់​ក្រុមហ៊ុន​ផលិត​អាហារ​មួយ​នេះ ផលិតផល​សម្អាត និង​ផលិតផល​សម្រស់ ដែល​រួមមាន ការ៉េម​ Magnum សាប៊ូលាងមុខ​ Cif ​និង ​Dove ។

ក្រុមហ៊ុន​ Unilever ត្រូវ​រង​ផលប៉ះពាល់​ដោយ​ការចរាចរណ៍​អត្រា​ប្តូរប្រាក់ បន្ថែម​លើ​ការកើនឡើង​អតិផរណា ខណៈ​ដែល​សេដ្ឋកិច្ច​ដែល​ខ្ទេចខ្ទាំ​ដោយ​វីរុស​ងើប​ចេញពី​ការបិទខ្ទប់​។

លោក​ Alan Jope ប្រធាន​ប្រតិបត្តិ​បាន​កត់សម្គាល់​ថា​៖ «​យើង​បាន​មើលឃើញ​អតិផរណា​កើនឡើង​បន្ថែមទៀត​នៅ​ត្រីមាស​ទី​ ២»​។

ក្រុមហ៊ុន​ដែល​ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​ផលិតផល​សម្អាត​ដៃ និង​ផលិតផល​សម្អាតផ្ទះ​កាលពី​ឆ្នាំមុន ដោយសារ​តែ​ការរីករាលដាល​វីរុស​កូរ៉ូណា​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​បន្ត​រង​ផលប៉ះពាល់​ ដោយសារ​តែ​ការរីករាលដាល​វីរុស​នេះ​។

ក្រុមហ៊ុន​ Unilever បាន​បន្ថែម​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​បរិយាកាស​ប្រតិបត្តិការ​នៅ​ទូទាំង​ទីផ្សារ​របស់​យើង​បាន​មើលឃើញ​ការកើនឡើង​មួយ​ចំនួន ប៉ុន្តែ​នៅតែ​មាន​ការប្រែប្រួល​»​។

ការធ្វើ​បច្ចុប្បន្នភាព​ធ្វើឡើង បន្ទាប់ពី​លោក​ Naftali Bennett ​នាយករដ្ឋមន្ដ្រី​ប្រទេស​អ៊ីស្រាអែល​នៅ​សប្ដាហ៍​នេះ​បាន​ព្រមាន​ក្រុមហ៊ុន​ Unilever ថា ការសម្រេចចិត្ត​របស់​ Ben & Jerry''s ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​ក្នុង​ការបញ្ឈប់​ការលក់​ការ៉េម​នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន​កាន់កាប់​នឹង «​មាន​ផលវិបាក​ធ្ងន់ធ្ងរ​» ជាមិនខាន​។

ក្រុមហ៊ុន​ Ben & Jerry''s កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ការលក់​ការ៉េម​នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន​ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល​គឺ «​មិន​ស្របគ្នា​ជាមួយ​នឹង​តម្លៃ​របស់​យើង​នោះទេ​» ទោះបីជា​ក្រុមហ៊ុន​មួយ​នេះ​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​គ្រោង​នឹង​បន្ត​ការលក់​ផលិតផល​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ក៏ដោយ​។

ក្រុមហ៊ុន​ Unilever បាន​ក្លាយជា​ក្រុមហ៊ុន​ចក្រ​អង់គ្លេស​ទាំងស្រុង​កាលពី​ចុង​ឆ្នាំមុន បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ​បានបញ្ចប់​ការច្របាច់​បញ្ចូល​គ្នា​ជា​ប្រវត្តិសាស្ដ្រ​នៃ​ក្រុមហ៊ុន​សាជីវកម្ម​របស់​ប្រទេស​ហូឡង់ និង​អង់គ្លេស​របស់​ខ្លួន​៕ LA