
អតិថិជនទៅទទួលសេវាកម្មពីក្រុមហ៊ុន Smart នាពេលកន្លងទៅ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart AxiataCo., Ltd.) ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់ប្រទេសកម្ពុជា បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរស័ព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២២ ខែកក្កដានេះ។
សេចក្តីប្រកាសព័ត៌មានបន្តថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីការចាត់វិធានការលើក្រុមហ៊ុន ស្មាត អាស្យាតា មួយចំនួន រួមមាន ក្រុមហ៊ុន ស្មាត អាស្យាតា ត្រូវធ្វើការសុំទោសជាសាធារណៈដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសាជាថ្មីម្តងទៀត។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ក្រុមហ៊ុន ស្មាត ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្តខុសនឹងនីតិវិធីក្នុងការបិទលេខទូរស័ព្ទពីអតិថិជនដែលកំពុងប្រើប្រាស់ ព្រមទាំងម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរស័ព្ទនោះមកប្រើប្រាស់វិញ។ រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រុមហ៊ុន ស្មាត មិនទាន់ឆ្លើយតបមកកាន់ ភ្នំពេញ ប៉ុស្តិ៍ ទាក់ទងនឹងបញ្ហានេះនៅឡើយទេ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមរំឭកដល់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ត្រូវពង្រឹងការគ្រប់គ្រង និងនីតិវិធីនៃការចែកចាយ និងលក់ស៊ីមកាតទូរស័ព្ទចល័តឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួនចៀសវាងមានករណីបែបនេះកើតឡើង។
«ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងបន្តតាមដាន និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តណាដែលបានប្រព្រឹត្តខុស»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន៕