ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​ផលិតផល​វាយនភណ្ឌ​ផ្សេងទៀត​ក្នុងតម្លៃ​ជាង ៤,៧ ​ពាន់​លាន​ដុល្លារ​កាលពី​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ កើនឡើង​តិចតួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ​បានបង្ហាញ​ថា ការនាំចេញ​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំនេះ មាន​ទឹកប្រាក់ ៤ ៧២១,៤ ​លាន​ដុល្លារ កើន​ប្រមាណ ៤០,១ លាន​ដុល្លារ ស្មើនឹង ០,៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ-កម្ពុជា​ (GMAC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ទីផ្សារ​វាយនភណ្ឌ និង​សម្លៀកបំពាក់ គឺជា​ទីផ្សារ​កើនឡើង​រហ័ស ដោយសារ​តែ​កំណើន​របស់​ប្រជាជន និង​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​កើនឡើង​ជា​បន្តបន្ទាប់​។

ទោះបីយ៉ាងណា ទីផ្សារ​លក់រាយ​បាន​ផ្លាស់ប្តូរ​ពី​ «​ការផលិត​ក្នុង​ចំនួន​ច្រើន​» ​ទៅជា​ «​ក្រុម​តូចៗ​ដែលមាន​វដ្ដ​ជីវិត​រយៈពេល​ខ្លី ការផលិត​ម៉ូដ​ទាន់សម័យ​រហ័ស​» និង​ស្ថិតក្រោម​សម្ពាធ​របស់​អតិថិជន ព្រមទាំង​ការកើនឡើង​ការទិញ​ទំនិញ​តាម​អនឡាញ ជាដើម​។

លោក​និយាយថា​៖ «​នៅ​ឆ្នាំនេះ​យើង​សំណាង​ដោយ​ទទួល​បាន​ការបញ្ជាទិញ​មួយចំនួន​ពី​ប្រទេស​មីយ៉ាន់ម៉ា​។ យើង​នឹងមាន​កំណើន​កាន់តែច្រើន បើ​មិន​មានការ​ផ្ទុះឡើង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​កត់សម្គាល់​ថា វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ធ្ងន់ធ្ងរ​នៅ​ប្រទេស​បង់ក្លាដែស​បាន​នាំឱ្យ​អ្នកបញ្ជា​ទិញ​បង្វែរ​ការកុម្ម៉ង់​ទំនិញ​ពី​កម្ពុជា​ជំនួស​។ មីយ៉ាន់ម៉ា និង​បង់ក្លាដែស គឺ​ដៃគូ​ប្រកួតប្រជែង​ដ៏មាន​សក្តានុពល​របស់​កម្ពុជា​លើ​វិស័យ​កាត់ដេរ​។

លោក​ប្រាប់ថា​៖ «​នេះ​ជា​មូលហេតុ​ធ្វើឱ្យ​កំណើន​នៃ​ការនាំចេញ​វិស័យ​កាត់ដេរ​កើនឡើង ជាពិសេស​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប អាមេរិក និង​ចក្រភព​អង់គ្លេស​។ ​ខ្ញុំ​ជឿថា នាពេល​អនាគត​វិស័យ​កាត់ដេរ​នឹង​នៅ​ដើរ​ល្អ​សម្រាប់​កម្ពុជា​»​។

ប្រទេស​ចិន គឺជា​ប្រភព​ផ្គត់ផ្គង់​វត្ថុធាតុដើម​ដ៏ចម្បង​របស់​កម្ពុជា​សម្រាប់​បម្រើ​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង​។ កម្ពុជា​បាន​នាំចូល​ប្រហែល ៦០ ​ភាគរយ​នៃ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​សម្រាប់​ការផលិត និង​ការនាំចេញ​។

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ BTV កាលពី​ថ្មី​នេះ លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​និយាយថា ចិន​បាន​ជួយ​កម្ពុជា​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​ ១៩ ដោយបាន​ពុះពារ​រាល់​ការលំបាក​ក្នុង​ការធានា​ការផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ដល់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ភាគី​ចិន​រីករាយ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ​ ដើម្បី​ជួយ​កម្ពុជា​ស្តារ​សេដ្ឋកិច្ច​ឱ្យមាន​ភាព​រស់រវើក​ឡើងវិញ​»​។

ការនាំចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ សម្រេចបាន ១៧ ២១៥,៣៧ ​លាន​ដុល្លារ កើនឡើង ១៦,៧២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ១៤ ៧៤៨,៧៤ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​៕ LA