ភ្នំពេញៈ ប្រទេស​រុស្ស៉ី សន្យា​នឹង​បង្កើន​កិច្ច​សហការ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ជាមួយ​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង តាម​រយៈ​ការ​ជំរុញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ខ្លួន​ឱ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​បាន​កាន់​តែ​ច្រើន ពិសេស​ក្នុង​ដំណាក់​កាល​ដែល​កម្ពុជា​គ្រោង​នឹង​បើក​ទទួល​យក «ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង» បន្ទាប់​ពី​ស្ថានភាព​កូវីដ​១៩ បាន​ធូរ​ស្រាល។

ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​អនឡាញ​រវាង លោក ថោង រដ្ឋសក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​ទេសចរណ៍​កម្ពុជា ជាមួយ លោក Demyan Smilevets ប្រធាន​ផ្នែក​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ទី​ភ្នាក់​ងារ​ទេសចរណ៍​សហព័ន្ធ​រុស្ស៉ី កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ ២០២១។

លោក ទ្រី ឈីវ ប្រធាន​នាយក​ដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក Demyan Smilevets បាន​ទទួល​យក​សំណើរ​របស់​ភាគី​កម្ពុជា​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​ដំណាក់​កាល​ដែល​កម្ពុជា​នឹង​បើក​ទទួល​យក «ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង» បន្ទាប់​ពី​ស្ថានភាព​កូវីដ​១៩ បាន​ធូរ​ស្រាល​នា​ពេល​ខាង​មុខ។

តាម​រយៈ​កិច្ច​ប្រជុំ​នេះ​ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន ដូចជា ការ​បណ្ដុះ​បណ្ដាល​បំប៉ន​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​រុស្ស៉ី, ការ​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ Road show តាម​ប្រព័ន្ធ​អនឡាញ ដោយ​មាន​ការ​ចូល​រួម​ផ្ទាល់​របស់​ក្រុមហ៊ុន​ទេសចរណ៍​រុស្ស៉ី, ការ​រៀប​ចំ​ទស្សនកិច្ច​សិក្សា​ផ្សព្វផ្សាយ ពិសេស​លើ​គោល​ដៅ​ទេសចរណ៍​នៅ​កម្ពុជា​ពី​ក្រុមហ៊ុន​ទេសចរណ៍ និង​សារព័ត៌មាន (Tailormade Farm Trip), ការ​គាំទ្រ​របស់​រុស្ស៉ី​ដល់​ការ​អនុវត្ត «ផែនទី​ចង្អុល​ផ្លូវ​ស្ដីពី​ផែនការ​ស្ដារ​លើក​ស្ទួយ និង​ស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​វិបត្តិ​កូវីដ១៩, ការ​សហការ​ជំរុញ​ការ​ហោះ​ហើរ​ត្រង់​រវាង​ កម្ពុជា-រុស្ស៉ី និង​គំនិត​ផ្ដួច​ផ្ដើម​រៀប​ចំ​ឱ្យ​មាន​មជ្ឈមណ្ឌល​ទេសចរណ៍​ អាស៊ាន-រុស្ស៉ី ជាដើម។

យោង​តាម​ក្រសួង​ទេសចរណ៍ មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ ចំនួន​ភ្ញៀវ​ទេសចរ​រុស្ស៉ី​មក​ទស្សនា​នៅ​កម្ពុជា មាន​កំណើន​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​ជា​គោលដៅ​ប្រកប​ដោយ​ភាព​ទាក់​ទាញ​សម្រាប់​ទេសចរ​រុស្ស៉ី។

កាល​ពី​ឆ្នាំ ២០២០ ភ្ញៀវ​រុស្ស៊ី​ធ្វើ​ដំណើរ​មក​កម្ពុជា មានចំនួន ២១ ៨៣៤នាក់ ដោយ​ឡែក​ក្នុង​រយៈពេល ៥​ខែ​ដើម​ឆ្នាំ ២០២១ នេះ គឺ​មាន​ត្រឹម​តែ ៤៣​នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍៕