ភ្នំពេញៈ លោក David Malpass ប្រធាន​ធនាគារពិភពលោក​បាន​ថ្លែងប្រាប់ ភ្នំពេញ​ ប៉ុស្ដិ៍​ថា កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក ដែល​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ធនាគារ​មួយ​នេះ​សម្រាប់​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ខណៈ​ដែល​ការចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​រហ័ស នឹង​រួមចំណែក​សម្រាប់​ការស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។

លោក David Malpass បាន​លើកឡើង​ក្នុង​វេទិកា​តុមូល​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា ជា​ការឆ្លើយតប​នឹង​កំណើន​តម្រូវការ​រហ័ស ធនាគារ​ពិភពលោក​បាន​បង្កើន​ហិរញ្ញប្បទាន​ដែល​អាច​រកបាន​សម្រាប់​វ៉ាក់សាំង​រហូតដល់ ២០ ​ពាន់​លាន​ដុល្លារ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល ១៨ ​ខែក្រោយ​។

លោក​ថ្លែងថា​៖ «​យើង​បានផ្ដល់​ប្រាក់ ១,១ ​ពាន់​លាន​ដុល្លារ​ដល់​បណ្ដា​ប្រទេស​ជាច្រើន​នៅ​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​រួចហើយ ដែល​រួមមាន​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ម៉ុងហ្គោលី ឡាវ ប៉ាពូអាស៊ីនូវែលហ្គីណេ និង​ហ្វីលីពីន ហើយ​យើង​ក៏មាន​បំណង​ផ្ដល់​បន្ថែមទៀត​ផងដែរ​»​។

លោក Malpass បាន​និយាយ​មកកាន់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល​តាម​បណ្តា​ប្រទេស​ទូទាំង​ពិភពលោក​ធ្លាក់ចុះ​។ លោក​បន្តថា​៖ «​នោះ​ជា​អ្វីដែល​ខ្ញុំ​ចង់​លើកឡើង​គឺ​ផលប៉ះពាល់​ដ៏ធំ​ទៅលើ​ការប្រមូល​ចំណូល ហើយ​ចំណូល​នោះ គឺមាន​សារៈសំខាន់​បំផុត​សម្រាប់​ការស្ទុះ​ងើបឡើង​ឱ្យបាន​ឆាប់​។ ការផ្ដល់ប្រាក់​របស់​យើង​ក្នុង​រយៈពេល ១៥ ​ខែ​មុន​នៃ​ការរីករាលដាល​កូវីដ​ ១៩ បាន​កើន​ដល់ ១៥៧ ​ពាន់​លាន​ដុល្លារ​។ ចំនួន​នោះ​កើនឡើង ៦០ ​ភាគរយ​ធៀប​រយៈពេល ១៥ ​ខែ​មុន​។ វា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដោយ​ធនាគារពិភពលោក​ក្នុង​ការផ្ដល់​ការគាំទ្រ​ដល់​ប្រទេស​ទាំងឡាយ​រួមទាំង​កម្ពុជា​»​។

លោកស្រី Victoria Kwakwa អនុប្រធាន​ធនាគារពិភពលោក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា ក៏ដូចជា​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត​ដែរ កម្ពុជា​កំពុង​ជម្នះ​ក្នុង​ការដោះស្រាយ​វីរុស​វ៉ារ្យ៉ង់​ថ្មី​។ វា​ពិបាក​ក្នុង​ការបិទខ្ទប់ ប៉ុន្តែ​ទោះយ៉ាងណា ក៏​កម្ពុជា​នៅពេលនេះ​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​បាន​កម្រិត​ខ្ពស់បំផុត​នៅក្នុង​តំបន់​នេះ ឬ​អាច​ខ្ពស់បំផុត​ទី​ ២ បន្ទាប់ពី​ប្រទេស​សិង្ហបុរី​។ លោកស្រី​បាន​បន្ថែមថា​៖ «​ការពន្លឿន​ចាក់​វ៉ាក់សាំង​នេះ គឺ​ល្អ ហើយ​ពួកគេ​កំពុង​ព្យាយាម​ធ្វើឱ្យបាន​កាន់តែច្រើន​ថែមទៀត​»​។

លោកស្រី​បន្ថែមទៀត​ថា​៖ «​ការប៉ាន់​ប្រមាណ​របស់​យើង គឺថា​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​អាច​កើនឡើង​ប្រហែល​ ៤ ​ភាគរយ ដែល​សន្មត​ថា ពួកគេ​អាច​ទទួលបាន​ជោគជ័យ​នៅក្នុង​ការធ្វើ​ឱ្យ​វីរុស​វ៉ារ្យ៉ង់​ទាំងនេះ​ស្ថិតក្រោម​ការគ្រប់គ្រង និង​ត្រឡប់​ទៅរក​ផ្លូវ​ត្រឹមត្រូវ​នៃ​ការបង្កើន​ការនាំចេញ​មួយចំនួន និង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ពួកគេ​បាន​ចុះហត្ថលេខា ព្រម​ជាមួយ​នឹង​ការកែទម្រង់​ដែល​បាន​រំពឹងទុក​មួយចំនួន​ទាក់ទង​នឹង​ការវិនិយោគ​បរទេស​នៅ​ចុងឆ្នាំ​នេះ​»​។

លោកស្រី​បញ្ជាក់ថា​៖ «​នៅពេលនេះ សម្រាប់​សេណារីយោ​មិនល្អ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់ចុះ​ដែល​អាច​ស្ថិតក្នុង​រង្វង់​កំណើន​ត្រឹម ១ ​ភាគរយ​ប៉ុណ្ណោះ ជាពិសេស​ប្រសិនបើ​កម្ពុជា​មិនអាច​ដោះស្រាយ​បានល្អ​លើ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩»​។

លោកស្រី​បាន​ពន្យល់ថា ខណៈ​ទំហំ​នៃ​ការបង្កើន​សារពើពន្ធ​របស់​កម្ពុជា​នៅតែមាន កម្ពុជា​នៅតែ​អាច​បន្ត​ការចំណាយ​មួយចំនួន​ដែល​ចាំបាច់ ជាពិសេស​លើ​ផ្នែក​ការវិនិយោគ ដើម្បី​បន្ត​គាំទ្រ​កំណើន ប៉ុន្តែ​ពួកគេ​ពិតជា​មាន​ហានិភ័យ​។

លោកស្រី Victoria លើកឡើង​ថា​៖ «​យើង​មើលឃើញថា​ក្រុមហ៊ុន​ឯកជន​ជាច្រើន​កំពុង​ធ្លាក់ចុះ​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ហើយ​សកម្មភាព​របស់​ពួកគេ​មាន​ការជាប់ទាក់ទង​សម្រាប់​វិស័យ​ធនាគារ ដែល​វា​នឹងមាន​ភាពងាយ​ទទួលរង​ហានិភ័យ​។ ដូច្នេះ​វិស័យ​ទាំងនោះ​ចាំបាច់​ត្រូវធ្វើ​ការពិនិត្យ​ដោយ​ប្រុងប្រយ័ត្ន​ ដើម្បី​ធ្វើឱ្យ​ប្រាកដថា វា​នឹងមិន​មាន​កតា្ត​ជំរុញ​ណាមួយ​ដែល​បង្កឱ្យ​មាន​អស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​»​។

កាលពី​ថ្ងៃទី​ ១៦ ខែកក្កដា កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (UNDP) បាន​ឱ្យដឹង​ក្នុង​ការសិក្សា​មួយ​ថា ប្រាក់ចំណូល​ក្នុង​ស្រុក​គឺជា​ប្រភព​ហិរញ្ញប្បទាន​ដ៏សំខាន់​សម្រាប់​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ដែលមាន​ចំនួន ១៩ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) កាលពី​ឆ្នាំមុន និង​ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ដល់​ ២២,៥ ​ភាគរយ​ត្រឹម​ចុងឆ្នាំ​ ២០២៥ ខណៈដែល​លំហូរ​ចូល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ​នៅតែមាន​សារៈសំខាន់ ដែល​បាន​ប៉ាន់ប្រមាណ​ប្រហែល​ ៧,៩ ​ភាគរយ​នៃ GDP​។

យោងតាម​ការសិក្សា​នេះ​៖ «​ជំងឺ​កូវីដ​ ១៩ បាន​បណ្ដាលឱ្យ​មាន​ការខាតបង់​លំហូរ​ហិរញ្ញប្បទាន​សរុប​ដែល​បាន​ប៉ាន់ប្រមាណ​ចំនួន ៣,៦ ​ពាន់​លាន​ដុល្លារ ស្មើនឹង​ ១៩,៨ ​ភាគរយ​នៃ​លំហូរ​សរុប​ក្នុង​ឆ្នាំ​ ២០២០​។ វិស័យ ៣ រង​ផលប៉ះពាល់​ខ្លាំង​បំផុត គឺ​ប្រាក់​ចំណូល​ក្នុងស្រុក ការវិនិយោគ​ផ្ទាល់​បរទេស (FDI) និង​ការវិនិយោគ​ក្នុងស្រុក​ឯកជន​»​។

អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូលប្រាក់​ចំណូល​ពន្ធ​បាន ១ ៥១៥,៩០ ពាន់​លាន​ដុល្លារ នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ធ្លាក់ចុះ ១០,៦០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) ប្រមូល​ចំណូល​បាន ១,១៥៩៥ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២១ ធ្លាក់ចុះ​ ៨,៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕ LA