ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​រកឃើញ​ថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.) ដែលជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​បាន​អនុវត្ត​ខុស​នីតិវិធី​ក្នុង​ការបើក​លេខ​ទូរស័ព្ទ​ឱ្យ​អតិថិជន ដោយបាន​ទៅ​កាត់ផ្តាច់​លេខ​ទូរស័ព្ទ​របស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​រាល់ថ្ងៃ ហើយ​យកទៅ​លក់​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់​ដើម​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២២ ខែកក្កដា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត ក្រសួង​សូម​ជម្រាបជូន​សាធារណជន​អំពី​ការចាត់វិធានការ​លើ​ក្រុមហ៊ុន ស្មាត អាស្យាតា មួយចំនួន​រួមមាន ក្រុមហ៊ុន ស្មាត អាស្យាតា ​ត្រូវ​ធ្វើការ​សុំទោស​ជា​សាធារណៈ​ដោយ​ចុះផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន និង​សន្យា​មិន​ឱ្យមាន​ហេតុការណ៍​ខាងលើ​កើតមាន​សាជាថ្មី​ម្តងទៀត​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន ស្មាត ត្រូវ​ផ្តល់​សំណង​នៃ​ការខូចខាត​ដល់​ម្ចាស់​ដើម​ចំពោះ​ការប្រព្រឹត្ត​ខុស​នឹង​នីតិវិធី​ក្នុង​ការបិទ​លេខ​ទូរស័ព្ទ​ពី​អតិថិជន​ដែល​កំពុង​ប្រើប្រាស់ ព្រមទាំង​ម្ចាស់​ដើម​មាន​សិទ្ធិ​ទទួលបាន​លេខ​ទូរស័ព្ទ​នោះមក​ប្រើប្រាស់​វិញ​។ រាល់​បុគ្គល​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សូម​រំឭក​ដល់​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់​ត្រូវ​ពង្រឹង ការគ្រប់គ្រង និង​នីតិវិធី​នៃ​ការចែកចាយ និង​លក់​ស៊ីមកាត​ទូរស័ព្ទ​ចល័ត​ឱ្យបាន​ត្រឹមត្រូវ​ជូន​អតិថិជន​របស់ខ្លួន​ចៀសវាង​មាន​ករណីបែបនេះ​កើតឡើង​។ ​ក្រសួង​នឹង​បន្ត​តាមដាន និង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ចំពោះ​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ណា​ដែល​ប្រព្រឹត្ត​ខុស​»៕LA