ភ្នំពេញៈ Smart Axiata ដែល​ជា​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា បាន​ប្រកាស​ទទួល​ស្គាល់ និង​សូម​អភ័យ​ទោស​ចំពោះ​អតិថិជន​ដែល​ទទួល​រង​ការ​ប៉ះពាល់​ពី​ឧប្បត្តិហេតុ​នៃ​ការ​ផ្ទេរ​សិទ្ធិ​លើ​កម្ម​សិទ្ធិ​លេខ​ទូរស័ព្ទ​របស់​អតិថិជន Smart ទៅ​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​ការ​យល់​ព្រម​ជា​មុន។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Smart Axiata នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១។

លិខិត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ ២០២១ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី «ចំណាត់ការ​​លើ​ការ​អនុវត្ត​ខុស​នឹង​នីតិវិធី​ក្នុង​ការ​បើក​លេខ​ទូរស័ព្ទ​ជូន​អតិថិជន» បន្ទាប់​ពី​ក្រសួង​បាន​រក​ឃើញ​ថា ក្រុមហ៊ុន Smart Axiata បាន​អនុវត្ត​ខុស​នឹង​នីតិវិធី​ក្នុង​ការ​បើក​លេខ​ទូរស័ព្ទ​ជូន​អតិថិជន ដោយ​បាន​កាត់​ផ្តាច់​លេខ​ទូរស័ព្ទ​របស់​អតិថិជន​ដែល​កំពុង​ប្រើ​ប្រាស់​រាល់​ថ្ងៃ ហើយ​យក​ទៅ​លក់​បន្ត​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ម្ចាស់​ដើម។

ខ្លឹមសារ​នៅ​ក្នុង​លិខិត​នោះ ក្រសួង​បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន Smart Axiata ត្រូវ​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ ដោយ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន និង​សន្យា​មិន​ឱ្យ​មាន​ហេតុការណ៍​ខាង​លើ​កើត​មាន​សាជាថ្មី​ម្តង​ទៀត, ត្រូវ​ផ្តល់​សំណង​នៃ​ការ​ខូចខាត​ដល់​ម្ចាស់​ដើម​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​នឹង​នីតិវិធី​ក្នុង​ការ​បិទ​លេខ​ទូរស័ព្ទ​ពី​អតិថិជន​ដែល​កំពុង​ប្រើ​ប្រាស់, ម្ចាស់​ដើម​មាន​សិទ្ធិ​ទទួល​បាន​លេខ​ទូរស័ព្ទ​នោះ​មក​ប្រើ​ប្រាស់​វិញ និង​រាល់​បុគ្គល​ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

លិខិត​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Smart Axiata បាន​ឱ្យ​ដឹង​ថា យោង​ទៅ​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ចុះ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ អំពី​ឧប្បត្តិហេតុ​ចំនួន​មួយ​ដែល​បាន​កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ ២០២១ ទាក់​ទង​នឹង​ការ​ផ្ទេរ​សិទ្ធិ​លើ​កម្មសិទ្ធិ​លេខ​ទូរស័ព្ទ​របស់​អតិថិជន Smart មួយ​រូប​ទៅ​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​ការ​យល់​ព្រម ឬ​ការ​ព្រម​ព្រៀង​គ្នា​ជាមុន ក្រុមហ៊ុន Smart សូម​ធ្វើ​ការ​បញ្ជាក់​ថា ក្រុមហ៊ុន Smart បាន​ចាត់​វិធានការ​ចាំបាច់​នានា​ភ្លាមៗ​ដើម្បី​កែ​តម្រូវ​ចំពោះ​បញ្ហា​នេះ។ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ ២០២១ ក្នុង​រយៈពេល ២៤ ម៉ោង​ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង លេខ​ទូរស័ព្ទ​ដែល​ជា​កម្ម​វត្ថុ​នៃ​ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ជា​បណ្តោះ​អាសន្ន​នៅ​មុន​ពេល​ធ្វើ​ការ​ប្រគល់​ត្រលប់ ជូន​ទៅ​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់​វិញ។

លិខិត​បាន​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​ទី​៨​ ខែ​មិថុនា ឆ្នាំ​២០២១ ក្រុមហ៊ុន Smart ដោយ​ខ្លួន​ឯង​ផ្ទាល់​ក៏​បាន​ពិភាក្សា និង​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ករណី​នេះ​ទៅ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា (TRC) និង​ស្ថាប័ន មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ ដែល​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​អតិថិជន​នោះ។

ក្រុមហ៊ុន​បាន​ទាក់​ទង​ជាមួយ​អតិថិជន​ដែល​រង​ការ​ប៉ះពាល់ និង​ស្នើ​ផ្តល់​ជា​ដំណោះ​ស្រាយ​ជូន​គាត់ ក៏​ប៉ុន្តែ​សំណើ​នោះ​ត្រូវ​បាន​បដិសេធ។ ក្រុមហ៊ុន​យើង​ខ្ញុំ​ក៏​នៅ​តែ​បន្ត​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដ៏​សម​ស្រប​មួយ។

លិខិត​បាន​បញ្ជាក់​ថា៖ «តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ក្រុមហ៊ុន Smart សូម​ធ្វើ​ការ​អភ័យ​ទោស​ដោយ​សុទ្ធ​ចិត្ត​ចំពោះ​អតិថិជន ដែល​ទទួល​រង​ការ​ប៉ះ​ពាល់​ពី​បញ្ហា​ដែល​បាន​កើត​ឡើង​នេះ។ ក្រុមហ៊ុន​យើង​ខ្ញុំ​ក៏​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ខ្ញុំ​ក្នុង​ការ​ផ្តល់​នូវ​ដំណោះ​ស្រាយ និង​សំណង​សម​ស្រប​មួយ ជូន​ដល់​អតិថិជន ដែល​ទទួល​រង​ការ​ប៉ះពាល់​នេះ»។

លិខិត​បាន​បន្ថែម​ថា៖ «យោង​តាម​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​យើង​ខ្ញុំ​បាន​រក​ឃើញ​កំហុស​របស់​បុគ្គលិក​មួយ​រូប ដែល​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គាត់​ត្រូវ​បាន​ព្យួរ​ពី​ការងារ និង​ទទួល​ទណ្ឌកម្ម​វិន័យ​នានា យោង​ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន Smart មិន​លើក​លែង​ចំពោះ​សកម្មភាព​ដែល​ផ្ទុយ​ពី​គុណ​តម្លៃ គោលការណ៍ ឬ​នីតិវិធី​របស់​ក្រុមហ៊ុន​ដែល​ទាំង​អស់​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ធានា​ថា អតិថិជន​ទាំង​អស់​របស់​យើង ទទួល​បាន​នូវ​សេវាកម្ម​មួយ​ដ៏​ល្អ និង​អាច​ទុក​ចិត្ត​បាន។ ក្នុង​នាម​ក្រុមហ៊ុន ដែល​បាន​ប្តេជ្ញា​ផ្តល់​តម្លៃ​លើ​ភាព​ស្មោះត្រង់ សមធម៌ និង​គោរព​សិទ្ធិ​អ្នក​ប្រើ​ប្រាស់ ក្រុមហ៊ុន​យើង​ខ្ញុំ​មិន​គាំទ្រ​ជា​ដាច់​ខាត​ចំពោះ​ទង្វើ​របស់​បុគ្គលិក​រូប​នេះ និង​សូម​បញ្ជាក់​ជា សាធារណៈ​ថា បុគ្គលិក​រូប​នោះ​ពិត​ជា​បាន​ប្រព្រឹត្ត​ផ្ទុយ​ស្រឡះ​ពី​ការ​ទទួល​ខុស​ត្រូវ​ស្រប​ទៅ​តាម​ស្តង់ដា​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​យើង​​ខ្ញុំ​ក៏​បាន ពង្រឹង​នីតិវិធី​ផ្ទៃ​ក្នុង ហើយ​បាន​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​នានា ដើម្បី​ធានា​មិន​ឱ្យ​ឧប្បត្តិហេតុ​ដដែល​នេះ​កើត​ឡើង​សាជាថ្មី​ទៀត​ឡើយ»។

យោង​ទៅ​លើ​គោលការណ៍ និង​នីតិវិធី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន បុគ្គលិក​ទាំង​អស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់ ឬ​ផ្ទេរ​សិទ្ធិ​លើ​កម្មសិទ្ធិ​លេខ​ទូរស័ព្ទ​ណា​មួយ​ដែល​កំពុង​ដំណើរ​ការ​ទៅ​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​វត្តមាន និង​ការ​យល់​ព្រម​ដោយ​ជាក់​លាក់​ពី​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី​ឡើយ។

ស្រប​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់​លេខ​ទូរស័ព្ទ Prepaid របស់​ក្រុមហ៊ុន Smart ដែល​មាន​នៅ​លើ​គេហទំព័រ https://www.smart.com.kh/terms-and-conditions រាល់​លេខ​ទូរស័ព្ទ Prepaid ដែល​ត្រូវ​បាន​លក់​ជូន​ទៅ​អ្នក​ប្រើប្រាស់ អាច​នៅ​ជា​កម្មសិទ្ធិ​របស់​គាត់​ក្នុង​រយៈពេល ៩០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បញ្ចូល​លុយ។ បន្ទាប់​ពី រយៈពេល ៩០ ថ្ងៃ​នេះ​កន្លង​ផុត ក្រុមហ៊ុន Smart មាន​សិទ្ធិ​បញ្ឈប់​ការ​ប្រើ​ប្រាស់​លេខ​ទូរស័ព្ទ Prepaid នោះ ហើយ​លក់​លេខ​នេះ​ទៅ​អតិថិជន​ថ្មី​ទៀត ។ ដើម្បី​ជា​ការ​ច្រើន រំឭក​មុន​រយៈពេល ១០ ថ្ងៃ​មក​ដល់ ក្រុមហ៊ុន​តែង​តែ​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​តាម​រយៈសារ (SMS) ជាច្រើន​លើក​ផង​ដែរ​ថា «លេខ​ទូរស័ព្ទ​នឹង​ត្រូវ​ធ្វើ​ការ​ដាក់​លក់ ឡើង​វិញ​ប្រសិន​បើ​មិន​បាន​ធ្វើ​ការ​បញ្ចូល​លុយ​តាម​កាល​កំណត់»។ ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​សុពលភាព​​នៃ​ការ​បញ្ចូល​លុយ​អាច​រក​មើល​បាន​តាម​រយៈ www.smart.com.kh/get-smart/top-up។

ជាមួយគ្នានេះ ក្រុមហ៊ុន​យើង​ខ្ញុំ​សូម​ស្នើ​សុំ និង​ធ្វើ​សេចក្តី​ណែនាំ​ដល់​អតិថិជន Smart ទាំង​អស់ ឱ្យ​ធ្វើ​បច្ចុប្បន្នភាព​ការ​ចុះ​ឈ្មោះ​លេខ​ទូរស័ព្ទ​ឱ្យ​បាន​ត្រឹម​ត្រូវ​គ្រប់​ពេល​វេលា។ លោកអ្នក អាច​ធ្វើ​ការ​ចុះ​ឈ្មោះ​លេខ​ទូរស័ព្ទ​តាម​រយៈ www.smart.com.kh/support/sim-reg ឬ​តាម​រយៈ Smart Shop ណា​មួយ​ដែល​មាន​នៅ​ទូទាំង​ប្រទេស។

ក្រុមហ៊ុន Smart សូម​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ចំពោះ​អតិថិជន។ ក្រុមហ៊ុន​យើង​ខ្ញុំ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​បុគ្គលិក​រូប​នេះ និង​ចំពោះ​ឧប្បត្តិហេតុ មួយ​នេះ ហើយ​ក្រុមហ៊ុន​យើង​ខ្ញុំ​នឹង​បន្ត​ផ្តល់​ជូន​នូវ​សេវាកម្ម​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ដល់​អតិថិជន​របស់​យើង ដោយ​រក្សា​តម្លាភាព​ចំពោះ​ចំណាត់ការ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ៕

វីដេអូ៖