ភ្នំពេញៈ ក្រសួង​ទេសចរណ៍​បាន​ក្រើនរំឭក​ដល់​អ្នកគ្រប់គ្រង ឬ​ប្រធាន​សហគមន៍​នៅតាម​តំបន់​ទេសចរណ៍​ផ្សងព្រេង ត្រូវ​រៀបចំ​ឱ្យ​មាន​ការគ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ ជាពិសេស​ការធ្វើ​សម្រង់​ព័ត៌មាន​ភ្ញៀវទេសចរ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ឱ្យ​ភ្ញៀវទេសចរ​ចូលទៅ​តំបន់​ផ្សងព្រេង​របស់ខ្លួន​។

ក្រសួង​ទេសចរណ៍​ឱ្យ​ដឹងថា ក្នុងដំណាក់កាល​ដ៏លំបាក​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ទៅកាន់​តំបន់​អេកូទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​តំបន់​ទេសចរណ៍​ផ្សងព្រេង​មាន​សម្ទុះ​កើនឡើង​យ៉ាងខ្លាំង​ដែល​បាន​ជួយ​បង្កើត​ប្រាក់ចំណូល​ដោយផ្ទាល់​ទៅ​ប្រជាជន​ក្នុង​សហគមន៍ និង​បាន​ធ្វើឱ្យ​អនុវិស័យ​ទាំងនេះ​មាន​ភាពធន់​នឹង​វិបត្តិ (Resilient) ក្នុង​ការរួមចំណែក​ទ្រទ្រង់​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

ក្រសួង​ក៏បាន​ក្រើនរំឭក​ឱ្យ​ភ្ញៀវទេសចរ ផ្នែក​ឯកជន និង​គណៈ​គ្រប់គ្រង​តំបន់​យកចិត្តទុកដាក់​ចូលរួម​អនុវត្ត​ស្តង់ដា​ទេសចរណ៍​ផ្សងព្រេង ដែល​ក្រសួង​ទេសចរណ៍​បាន​ដាក់ឱ្យអនុវត្ត​កាលពី​ឆ្នាំ​ ២០១៥ ដើម្បី​ជំរុញ​ការរៀបចំ​តំបន់​ទេសចរណ៍​ផ្សងព្រេង​នានា​ឱ្យ​គោរព​តាម​ស្តង់ដា ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​។

ក្រសួង​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ តំបន់​ទេសចរណ៍​ផ្សងព្រេង​ទាំងអស់​ត្រូវ​រៀបចំ​ឱ្យមាន​ការគ្រប់គ្រង​ចរន្ត​ទេសចរ ពិសេស​ការធ្វើ​សម្រង់​ព័ត៌មាន​ភ្ញៀវ​ទេសចរ​ឱ្យបាន​ច្បាស់លាស់ មុននឹង​ចាប់ផ្តើម​ចូលទៅ​តំបន់​ផ្សងព្រេង ហើយ​អ្នកគ្រប់គ្រង​តំបន់​ក៏ត្រូវ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​ភ្ញៀវទេសចរ​ឱ្យ​គោរព​ទៅតាម​បទប្បញ្ញត្តិ និង​បម្រាម​នានា ដែល​ត្រូវ​បានកំណត់​ក្នុង​តំបន់​នីមួយៗ ព្រមទាំង​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ពិសេស​ការអនុវត្ត​វិធានការ ៣ កុំ និង ៣ ការពារ​»​។

ក្រសួង​ឱ្យដឹងទៀតថា ទន្ទឹមនឹងនេះ​ត្រូវ​រៀបចំ​ឱ្យបាន​សមរម្យ​នូវ​បន្ទប់ទឹក និង​បង្គន់​អនាម័យ​ដែលមាន​ទំហំ​សមស្រប​ដែល​អាចមាន​លទ្ធភាព​រៀបចំ​បាន ដើម្បី​ធានា​សោភណភាព និង​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​បរិស្ថាន និង​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ ព្រមទាំង​រំឭក​ឱ្យ​ភ្ញៀវទេសចរ​ចូលរួម​ថែរក្សា​បរិស្ថាន និង​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។

លោក ហុង វណ្ណថេត ស្ថាបនិក​នៃ 12GoAdventure (​ចង់ទៅ​ដើរ​ព្រៃ​) ​ដែល​ជា​សហគមន៍​អេកូទេសចរណ៍​ជាមួយនឹង​បេសកកម្ម​ ដើម្បី​លើកកម្ពស់​ទេសចរណ៍​ក្នុងស្រុក​នៅក្នុង​សហគមន៍​ដាច់ស្រយាល​នៅ​ទូទាំងប្រទេស​កម្ពុជា បានឱ្យ​ដឹងថា សហគមន៍​អេកូទេសចរណ៍​របស់លោក​តែង​គោរព​តាម​ការណែនាំ​របស់​ក្រសួង​ក្នុង​ការរៀបចំ​ដំណើរ​ផ្សងព្រេង​ទៅ​តំបន់​អេកូទេសចរណ៍​នានា​។

លោក​សម្គាល់ថា ប្រជាជន​ខ្មែរ​ហាក់​ចាប់អារម្មណ៍​ច្រើន​នៃ​ការធ្វើ​ទេសចរណ៍​ផ្សងព្រេង​ទៅ​សហគមន៍​អេកូទេសចរណ៍​ធម្មជាតិ​នាពេលនេះ​។

លោក​ប្រាប់ថា​៖ «​អ្នក​ដែល​ចូលរួម​ដំណើរ​ផ្សងព្រេង​ទាំងអស់ ទាល់តែ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩ រួចរាល់ ទើប​យើង​អនុញ្ញាត​ឱ្យចូល​រួមការ​ផ្សងព្រេង​នេះ ចំពោះ​អ្នក​អត់​បាន​ចាក់​ពួកខ្ញុំ​អត់​យក​ទេ​»​។

បើតាម​ក្រសួង​ទេសចរណ៍ តំបន់​ទេសចរណ៍​ផ្សងព្រេង​សំខាន់ៗ​រួមមាន តំបន់​ខ្នងផ្សារ ភ្នំ​ឱរ៉ាល់ គិរីរម្យ តំបន់​ជីផាត អារ៉ែង ពាម​ក្រសោប ស្រែអំបិល វាល​ធំ សំឡូត ភ្នំ​ត្បែង សមុទ្រឈើ តំបន់​រាមសា បឹង​ទន្លេសាប ភ្នំ​គូលែន និង​តំបន់​ទេសចរណ៍​ផ្សងព្រេង​ជាច្រើន គឺ​សុទ្ធតែ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​គួរឱ្យ​កត់សម្គាល់​ក្នុងអំឡុង​វិបត្តិ​កូវីដ​ ១៩ ក្នុង​ឆ្នាំ​ ២០២០ និង​ ២០២១ ​នេះ​។

ក្រសួង​បញ្ជាក់ថា ស្តង់ដា​ទេសចរណ៍​ផ្សងព្រេង​នេះ​ត្រូវបាន​បែងចែក​ជា ៧ សូចនាករ ដូចជា គុណភាព​ផ្លូវ​ផ្សងព្រេង​កម្សាន្ត​ក្នុងព្រៃ ការផ្តល់​ព័ត៌មាន​ជូន​ភ្ញៀវទេសចរ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់ និង​ការធានា​សន្តិសុខ​សុវត្ថិភាព ព្រមទាំង​ការផ្តល់​សេវាកម្ម ការគ្រប់គ្រង និង​ការធានា​ផលប្រយោជន៍​សង្គម និង​បរិស្ថាន​។

ជាមួយ​គ្នា​នេះ​អង្គការ​ទេសចរណ៍​ពិភពលោក ក៏បាន​ចាត់ទុក​ថា អេកូទេសចរណ៍​ផ្សងព្រេង រួមទាំង​ទេសចរណ៍​ជនបទ​ គឺជា​អនុវិស័យ​នៃ​ទេសចរណ៍​ពិភពលោក ដែល​នៅតែមាន​សកម្មភាព និង​ដំណើរការ​ទោះ​ក្នុងដំណាក់កាល​វិបត្តិ​កូវីដ-១៩ ពិសេស​ទ្រទ្រង់​ដល់​សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង និង​ជា​ឧបករណ៍​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍​៕ LA