ភ្នំពេញ៖ គម្រោង​វិនិយោគ​ចំនួន ៦ ដែល​មាន​តម្លៃ​សរុប ៥៨,៩ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៨ ៥៣៥ កន្លែង ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ចាប់​ពី​ថ្ងៃទី ២០-២៣ ខែ កក្កដា ឆ្នាំ ២០២១។ នេះ​បើ​យោង​តាម CDC។

បណ្តាញ​សង្គម​ផ្លូវ​ការ​របស់ CDC បង្ហាញ​ថា នៅ​ក្នុង​ថ្ងៃទី ២៣ ខែ​កក្កដា​នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ២ ដែល​រួម​មាន គម្រោង​បង្កើត​រោងចក្រ​វាយនភណ្ឌ​របស់​ក្រុមហ៊ុន Cathaya (Cambodia) Co., Ltd. មាន​ទីតាំង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្រោម​ទុន​វិនិយោគ ២,៨ លាន​ដុល្លារ បង្កើន​ការងារ​បាន ១៧០ នាក់ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែក​ជើង គ្រឿង​បន្សំ​ស្បែក​ជើង និង​សម្ភារ​កីឡា​របស់​ក្រុមហ៊ុន CK Sports Co., Ltd ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន ក្រុង​បាវិត ខេត្ត​ស្វាយរៀង មាន​ទុនវិនិយោគ ៥ លាន​ដុល្លារ និង​បង្កើន​ការងារ​បាន ២១០ នាក់។

ដោយ​ឡែក​កាល​ពី​ថ្ងៃទី ២០ ខែ​កក្កដា CDC ក៏​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ៤ ដែល​រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​ខ្សែ​ក្រវាត់ របស់​ក្រុមហ៊ុន Hong Cen Max Leather Products Co., Ltd ស្ថិតនៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​មាន​ទុនវិនិយោគ ២,៦ លាន​ដុល្លារ បង្កើត​ការងារ​បាន ៦៧៦ កន្លែង, គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​របស់​ក្រុមហ៊ុន Remstex Fashion Co., Ltd នៅ​ក្រុង​ដូនកែវ ខេត្ត​តាកែវ មាន​ទុន​វិនិយោគ ៦ លាន​ដុល្លារ បង្កើត​ការងារ​បាន ១ ៩២៩ កន្លែង, គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​របស់​ក្រុមហ៊ុន Top Form (Cambodia) Manufacturing Company Limited នៅ​ស្រុកពញាឮ ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ ៩,៥ លាន​ដុល្លារ បង្កើត​ការងារ​បាន ១ ៨៥០ កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ ចាក់​សម្លៀក​បំពាក់ និង​ផលិត​ម៉ាស់ របស់​ក្រុមហ៊ុន New Wide Apparel Co., Ltd នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល មាន​ទុនវិនិយោគ ៣៣ លាន​ដុល្លារ បង្កើត​ការងារ​បាន ៣ ៧០០ កន្លែង។

តាម​ការ​គណនា​របស់​កាសែត ភ្នំពេញ ប៉ុស្តិ៍ ចំពោះ​គម្រោង​ដែល​ត្រូវ​បាន CDC អនុម័ត ហើយ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវ​ការ​ចាប់​ពី​ខែ​មករា ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ ២០២១ មាន​ចំនួន ៧០ ជាមួយ​នឹង​ទុន​វិនិយោគ​សរុប ២ ៤២៨ លាន​ដុល្លារ ដែល​ភាគ​ច្រើន​ជា​គម្រោង​វិនិយោគ​លើ​វិស័យ​វាយនភណ្ឌ កាត់​ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង ផលិតផល​ធ្វើ​ដំណើរ គ្រឿង​បង្គុំ​អគ្គិសនី គ្រឿង​បង្គុំ​ទោចក្រយាន គ្រឿង​សង្ហារិម វិស័យ​ថាមពល​អគ្គិសនី និង​បដិសណ្ឋារ​កិច្ច​ជាដើម៕