ភ្នំពេញៈ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន ២ ត្រូវ​បាន​និយ័តករ​ទូរគមនាគមន៍​កម្ពុជា (ន. ទ. ក.) Telecommunication Regulator of Cambodia (TRC) ប្រាប់​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការរំខាន​ដល់​អ្នកប្រើប្រាស់ ដោយ​ការហៅ​ចូលមក​លេខ​ទូរស័ព្ទ​ចល័ត​របស់​អតិថិជន​ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​សេវាកម្ម​បន្ថែម (VAS) របស់​ក្រុមហ៊ុន ខណៈ​លេខ​កូដ​ទូរគមនាគមន៍​ដែល​ក្រុមហ៊ុន​កំពុង​ប្រើប្រាស់ មិន​ដែល​ទទួលបាន​ការអនុញ្ញាត​ពី ន.ទ.ក. ឡើយ។

ក្រុមហ៊ុន​ទាំង ២ នោះ​រួមមាន ក្រុមហ៊ុន ខេម ជ្ជីអេសអេម អែលធីឌី CamGSM Ltd និង​ក្រុមហ៊ុន វៀតធេល (ខេមបូឌា) Viettel (Cambodia)។

លិខិត​ចំនួន ២ ដែល​ចុះហត្ថលេខា​ដោយ​លោក ថោង ចិន្តា នាយក​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​កាលពី​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ ឱ្យដឹងថា ន. ទ. ក. បាន​រកឃើញ​ការហៅ​ចូល​ពី​ក្រុមហ៊ុន ខេម ជ្ជីអេសអេម អែលធីឌី ដែលមាន ២៨២៨, ៨១៩២, ៨៨៨៨, ៩១៩១, ៩២៩២ ៨៨៩៩, ៨៦៨៦, ២៦២៦, ២៩២៩ និង​លេខ ៩៩៩៨ និង​ការហៅ​ចូល​របស់​ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ដែលមាន​លេខ ៦២៣៦, ៦៦៨៨,៦១៦០, ៦៣៨៨, ១៧៧២ និង ១៤១៤ ជាអាទិ៍​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​សេវាកម្ម​បន្ថែម (VAS) នានា​របស់​ក្រុមហ៊ុន។

លិខិត​បន្តថា សេវា​ដោយ​គ្មាន​ការចុះឈ្មោះ​ប្រើ​ជាមុន​ដោយ​អតិថិ​ជននេះ​ជា​សកម្មភាព​រំខាន​ដល់​អ្នកប្រើប្រាស់​ ដោយសារ​ខុសពី​ឆន្ទៈ​របស់​ពួកគាត់ ដែល​ការណ៍​នេះ​ស្តែង​ឱ្យឃើញ​អំពី​ភាពឥត​សណ្ដាប់ធ្នាប់​ក្នុង​វិស័យ​ទូរគមនាគមន៍។ ម្យ៉ាងវិញទៀត លេខកូដ​ទូរគមនាគមន៍​ដែល​ក្រុមហ៊ុន​កំពុង​ប្រើប្រាស់​នេះ មិនដែល​ទទួល​បាន​ការអនុញ្ញាត​ពី​ ន.ទ.ក. ឡើយ។

លិខិត​បាន​បន្ថែមថា៖ «ក្នុងន័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ន.ទ.ក. តម្រូវ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ជាបន្ទាន់​រាល់​ការរំខាន​នានា​ដល់​អ្នកប្រើប្រាស់ ដោយ​ការហៅ​ចូលមក​លេខ​ទូរស័ព្ទ​ចល័ត​របស់​អតិថិជន ដោយ​សេវា​នេះ​ពុំមាន​ការចុះឈ្មោះ​ប្រើប្រាស់​ជាមុន​ដោយ​អតិថិជន និង​បញ្ឈប់​ជាបន្ទាន់​រាល់​ការប្រើប្រាស់​លេខ​កូដ​ទូរគមនាគមន៍​ទាំងឡាយ​ណា​ដែល​គ្មាន​ការអនុញ្ញាត​ពី ន. ទ. ក.»។

យោងតាម​លិខិត​របស់ ន. ទ. ក. ក្នុង​ករណី​ក្រុមហ៊ុន​ទាំង ២ ខាងលើ​ពុំ​ព្រម​អនុវត្តតាម​ការណែនាំ ន.ទ.ក. នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​បង្ក​ករាល់​ការស្នើសុំ​នានា​របស់​ក្រុមហ៊ុន ព្រមទាំង​ចាត់វិធានការ​ស្របតាម​មាត្រា ៦៩ និង​មាត្រា ៧៨ នៃ​ច្បាប់​ស្តីពី ទូរគមនាគមន៍៕