ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក្រោម​ជំនួយ​បច្ចេកទេស​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ​ទិន្នន័យ​តាមដាន​ម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Surveillance Database System - MSDS) ខណៈ​ប្រព័ន្ធ​នេះ​ត្រូវ​រំពឹងថា នឹង​ប្រើ​សម្រាប់​ការវិភាគ និង​ការតាមដាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា។

ពិធី​ដាក់ឱ្យ​ដំណើរការ​សាកល្បង MSDS បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ កាលពី​ថ្ងៃទី ២៣ ខែកក្កដា រវាង​លោក យូ វុឍ្ឍី អគ្គនាយករង​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ជាមួយ​នឹង លោក Anthony Gill ប្រធាន​បេសកកម្ម​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​នៅ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ NBC ឱ្យដឹងថា MSDS គឺជា​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​អនឡាញ ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការវិភាគ និង​ការតាមដាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​ដល់​ការរៀបចំ​គោលនយោបាយ​នានា សំដៅ​ធានា​ឱ្យបាន​នូវ​ស្ថិរភាព​ថ្លៃ និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។ លើសពីនេះ MSDS នឹង​ផ្តល់​លទ្ធភាព​ដល់​អ្នកប្រើប្រាស់​ក្នុង​ការតាមដាន និង​វាយតម្លៃ​ការវិវឌ្ឍ​នៃ​ដំណើរការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​សូចនាករ​គន្លឹះ​ទាំង ៧០, តារាង​សូចនាករសំខាន់, ក្រាហ្វិក និង​ទិន្នន័យ​តាម​វិស័យ​ប្រមាណ ៣០០ មុខ​បន្ថែមទៀត ដែល​ត្រូវ​បាន​រៀបចំ​ក្រោម​ជំនួយ​បច្ចេកទេស​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​ដោយ​មាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​រាជរដ្ឋាភិបាល​ជប៉ុន។

យោងតាម NBC សូចនាករ​គន្លឹះ និង​ទិន្នន័យ​ផ្សេងទៀត ត្រូវ​បានរៀបចំ​ជាប្រចាំ​ខែ ត្រីមាស និង​ឆ្នាំ ព្រមទាំង​ចែកចេញជា ៦ វិស័យ​ម៉ាក្រូ​សេដ្ឋកិច្ច​សំខាន់ៗ រួមមាន ការប្រែប្រួល​សេដ្ឋកិច្ច​សកល, ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច, វិស័យ​ក្រៅ​ប្រទេស, វិស័យ​សារពើពន្ធ, វិស័យ​ហិរញ្ញវត្ថុ និង​សូចនាករ​សម្រាប់​ប្រៀបធៀប​ជាមួយ​ប្រទេស​ដែលមាន​ស្ថានភាព​សេដ្ឋកិច្ច​ប្រហាក់ប្រហែល​នឹង​កម្ពុជា។

NBC បាន​បញ្ជាក់ថា៖ «ការដាក់​ឱ្យ​ដំណើរការ​សាកល្បង​នូវ​ប្រព័ន្ធ​ទិន្នន័យ​តាមដាន​ម៉ាក្រូសេដ្ឋកិច្ច​នេះ គឺជា​ជំហាន​ថ្មី​មួយទៀត​នៃ​ដំណើរការ​ផ្សព្វផ្សាយ​ទិន្នន័យ​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង​ភាព​ទាន់ពេលវេលា ស្របតាម​បេសកកម្ម​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា»៕