ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ចិន-កម្ពុជា​មាន​សុខភាព​ល្អ ហើយ​លោក​ប្តេជ្ញា​នឹង​បន្ត​ជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។

ការថ្លែង​នេះ​បាន​ធ្វើឡើង​នៅក្នុង​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន-កម្ពុជា​ក្នុង​ថ្ងៃទី​ ២៣ ខែកក្កដា តាម​ប្រព័ន្ធ​អនឡាញ​។

វេទិកា​នេះ​រៀបចំ​ដោយសារ​ព័ត៌មាន China Economic Daily និង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI) ដោយ​ពិភាក្សា​លើ​ប្រធានបទ «​ការផ្ទៀងផ្ទាត់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រវាង​ចិន និង​កម្ពុជា ឱកាស​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ចិន និង​កម្ពុជា និង​ចក្ខុវិស័យ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល​ចិន និង​កម្ពុជា​»​។

លោក Wang បាន​និយាយថា ចិន និង​កម្ពុជា គឺជា​ប្រទេស​ជិតខាង​ល្អ មិត្ត​ល្អ បងប្អូន​ល្អ និង​ជា​ដៃគូ​ល្អ​។ ចាប់តាំងពី​ឆ្នាំ​ ២០២០ ជំងឺ​កូវីដ​ ១៩ បាន​រីករាលដាល​ទូទាំង​ពិភពលោក ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន-កម្ពុជា​នៅតែ​មាន​កំណើន​ដដែល​។

លោក​បន្តថា សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែល​ប្រទេស​ទាំង​ ២ ​ទទួលបាន​នាពេលនេះ​គឺ​ដោយសារ​ការមាន​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក មានគំនិត​សហប្រតិបត្តិ​ការគោរព​គ្នា​ទៅវិញទៅមក ទទួលបាន​អត្ថប្រយោជន៍​ជោគជ័យ​រួម និង​ការពង្រីក​ឥតឈប់ឈរ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ជួយ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​កម្រិត​ខ្ពស់​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ប្រទេស​ទាំង​ ២ ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ដ៏សំខាន់​នៃ​ការអភិវឌ្ឍ​ដែល​ភាគី​ទាំង​ ២ ​ត្រូវ​ពង្រឹង​ការផ្ទៀងផ្ទាត់​យុទ្ធសាស្ត្រ​ថែម​មួយកម្រិត​ទៀត​ ដើម្បី​ប្រើប្រាស់​ឱ្យបាន​ល្អ​នូវ​ផលប្រយោជន៍​គោលនយោបាយ​ក្នុង​ការដើរ​តួនាទី​ពិសេស​ក្នុង​ការបំពេញ​ចន្លោះ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​នៃ​ការអនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​»​។

ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន AVI លោក សុក ស៊ីផាន់ណា បាន​លើកឡើងថា រដ្ឋាភិបាល​ចិន​បាន​ផ្តល់​វ៉ាក់សាំង​កូវីដ​ជាច្រើន​ដល់​កម្ពុជា​ដែល​ជួយ​ពន្លឿន​ការអនុវត្ត​គោលដៅ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។ នេះ​បង្ហាញ​កាន់តែច្បាស់​អំពី​ចំណងមិត្តភាព​ដ៏ជ្រាលជ្រៅ​រវាង​កម្ពុជា និង​ចិន​ក្នុងពេល​ដ៏ចាំបាច់​។ លោក​ថ្លែងថា​៖ «​ភាគី​ទាំង​ ២ ​ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែមទៀត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ព្រមទាំង​ខិតខំ​រួមគ្នា​ ដើម្បី​ចៀសផុត​ពី​ផលប៉ះពាល់​នៃ​ជំងឺ​មួយ​នេះ​ឱ្យបាន​ឆាប់រហ័ស​»​។

លោក Zheng Qingdong ប្រធាន និង​ជា​និពន្ធ​នាយក​នៃ​សារព័ត៌មាន China Economic Daily បាន​លើកឡើងថា សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន និង​កម្ពុជា​ទទួលបាន​យ៉ាងច្រើន​។ ស្ថិតក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​តែង​បោះជំហាន​ទៅមុខ​យ៉ាង​រលូន​។

លោក​និយាយថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​ និង​កម្ពុជា ដែល​ចុះហត្ថលេខា​កាលពី​ខែតុលា ឆ្នាំ​ ២០២០ បានបង្ហាញ​ឱ្យឃើញ​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​ភាគី​ទាំង​ ២ ព្រមទាំង​បានកសាង​សហគមន៍​វាសនា​រួមគ្នា និង​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយទៀត​»​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​ចិន ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២ រំពឹងថា​នឹង​ចូល​ជាធរ​មាននៅ​ដើមឆ្នាំ​ក្រោយនេះ​។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ចិន​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ​ប្រមាណ ៩,៥៦ ពាន់​លាន​ដុល្លារ កើន ១,៤ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម លោក Wang Wentian៕ LA