ភ្នំពេញៈ អ្នកប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​កម្ពុជា​បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (​ន.ទ.ក) ​ដែល​ប្រាប់​ឱ្យ​ក្រុមហ៊ុន ខេម ជ្ជីអេសអេម អែលធីឌី CamGSM Ltd និង​ក្រុមហ៊ុន វៀតធេល (​ខេមបូឌា​) Viettel (Cambodia) បញ្ឈប់​ជាបន្ទាន់​រាល់​ការរំខាន​អ្នកប្រើប្រាស់ ដោយ​ការហៅ​ចូលមក​លេខ​ទូរស័ព្ទ​ចល័ត​របស់​អតិថិជន​ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​សេវាកម្ម​បន្ថែម​របស់​ក្រុមហ៊ុន ខណៈ​លេខ​កូដ​ទូរគមនាគមន៍​ដែល​ក្រុមហ៊ុន​ប្រើប្រាស់ មិនដែល​ទទួលបាន​ការអនុញ្ញាត​ពី ន.ទ.ក។

លិខិត​ចំនួន ២ ដែល​ចុះហត្ថលេខា​ដោយ​នាយក​និយតករ​ទូរគមនាគមន៍​កម្ពុជា លោក ថោង ចិន្តា កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា ឱ្យដឹងថា ន.ទ.ក បាន​រកឃើញ​ការហៅ​ចូល​ពី​ក្រុមហ៊ុន ខេម ជ្ជីអេសអេម អែលធីឌី ដែលមាន ២៨-២៨, ៨១៩២, ៨៨៨៨, ៩១៩១, ៩២៩២, ៨៨៩៩, ៨៦៨៦, ២៦២៦, ២៩២៩ និង​លេខ ៩៩៩៨ និង​ការហៅចូល​របស់​ក្រុមហ៊ុន វៀតធេល (​ខេមបូឌា) ​ដែលមាន​លេខ ៦២៣៦, ៦៦៨៨,៦១៦០, ៦៣៨៨, ១៧៧២ និង ១៤១៤ ជាអាទិ៍​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​សេវាកម្ម​បន្ថែម​នានា​ (VAS) របស់​ក្រុមហ៊ុន​។

លិខិត​បន្តថា សេវា​ដោយ​គ្មាន​ការចុះឈ្មោះ​ប្រើ​ជាមុន​ដោយ​អតិថិជន​នេះ​ជា​សកម្មភាព​រំខាន​ដល់​អ្នក​ប្រើប្រាស់​ដោយសារ​ខុសពី​ឆន្ទៈ​របស់​ពួកគាត់ ដែល​ការណ៍​នេះ​ស្តែង​ឱ្យឃើញ​អំពី​ភាព​ឥត​សណ្ដាប់ធ្នាប់​ក្នុង​វិស័យ​ទូរគមនាគមន៍​។ ម្យ៉ាងវិញទៀត លេខ​កូដ​ទូរគមនាគមន៍​ដែល​ក្រុមហ៊ុន​កំពុង​ប្រើប្រាស់​នេះ មិនដែល​ទទួលបាន ការអនុញ្ញាត​ពី ន.ទ.ក ឡើយ​។

លិខិត​បាន​បន្ថែមថា​៖ «​ក្នុងន័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ន.ទ.ក តម្រូវឱ្យ​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ជាបន្ទាន់​រាល់​ការរំខាន​នានា​ដល់​អ្នកប្រើប្រាស់​ដោយ​ការហៅ​ចូលមក​លេខ​ទូរស័ព្ទ​ចល័ត​របស់​អតិថិជន ដោយ​សេវា​នេះ​ពុំមាន​ការចុះឈ្មោះ​ប្រើប្រាស់​ជាមុន​ដោយ​អតិថិជន និង​បញ្ឈប់​ជាបន្ទាន់​រាល់​ការប្រើប្រាស់​លេខ​កូដ​ទូរគមនាគមន៍​ទាំងឡាយណា​ដែល​គ្មាន​ការអនុញ្ញាត​ពី ន.ទ.ក»​។

នៅលើ​គេហទំព័រ ន.ទ.ក គេ​ឃើញ​មាន​អ្នកប្រើប្រាស់​មួយចំនួន​បាន​ចូល​បញ្ចេញយោបល់ (Comment) ដោយ​ពួកគេ​សុទ្ធតែ​បង្ហាញ​ការគាំទ្រ​ចំពោះ​លិខិត​របស់ ន.ទ.ក។

គណនី​ដែលមាន​ឈ្មោះថា Kelian Haaland បានឱ្យដឹងថា សូម TRC មាន​វិធានការ​ទៅលើ​ក្រុមហ៊ុន Smart ក៏ដូចជា​ក្រុមហ៊ុន​ផ្សេងទៀត​ចំពោះ​ការលក់​សេវា​ទៅឱ្យ​ក្រុមហ៊ុន​បែប​អចលនទ្រព្យ​ជាដើម ព្រោះ​វា​ហាក់ដូចជា​លួច​លក់​ឯកជនភាព​របស់​អតិថិជន​តែម្ដង​ (​ព្រោះ​មិនមាន​ការជូនដំណឹង ឬ​សុំ​ការអនុញ្ញាត​ពី​អតិថិជន​បន្តិច​ឡើយ​)​។

លោក​សរសេរថា​៖ «​វា​ពិតជា​មាន​ការរំខាន​ជាខ្លាំង ព្រោះ​លេខ​ដែល​ធ្វើ​ការហៅ​ចូលមក​នោះ គឺជា​លេខ​ទូរស័ព្ទ​ធម្មតា​ដែល​មិនអាច​សម្គាល់​បានជា​លេខ​សម្រាប់​សេវាកម្ម​អ្វីមួយ​បានឡើយ ដូច្នេះ​ទោះ​ចង់ ឬ​មិន​ចង់​ក៏​ត្រូវតែ​ទទួល​សិន​ដែរ ដែល​ពេលខ្លះ​ទាំង​កំពុង​បើកបរ បរិភោគ​អាហារ និង​រៀនសូត្រ​ជាដើម​»​។

គណនី​ហ្វេកប៊ុក​ដែលមាន​ឈ្មោះថា Rathana Phin បាន​សរសេរថា​៖ «​ខ្ញុំ​បាន​ប្រើ​លេខ​ទូរស័ព្ទ​របស់​ប្រព័ន្ធ Metfone នឹង Cellcard ដោយ​ពួកគេ​បាន​ធ្វើ​ដូច​អ៊ីចឹង​ (​លិខិត ន.ទ.ក)​។ ការផ្សាយពាណិជ្ជកម្ម​ប្រភេទ​នេះ​គួរឱ្យ​ធុញទ្រាន់ និង​រំខាន​ដល់​កិច្ចការឯកជន និង​កិច្ចការផ្ទាល់ខ្លួន​របស់​អតិថិជន​»​។

ចំណែក​គណនី​ដែលមាន​ឈ្មោះថា Chanthol Sou សរសេរ​ថា​៖ «​ខ្ញុំ​រង់ចាំ​ពេលវេលា​នេះ​យូរហើយ ព្រោះ​មានការ​រំខាន​រាល់ថ្ងៃ​ពី​លេខ​របស់​ក្រុមហ៊ុន​ ៤ ​ខ្ទង់​ទាំងនេះ​។ សូម​អរគុណ​សម្រាប់​ចំណាត់ការ​របស់​ក្រសួង​»​។

យោងតាម ន.ទ.ក បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា ​មាន​ក្រុមហ៊ុន​បម្រើសេវា​ទូរស័ព្ទ​ចល័ត និង​អចល័ត​សរុប​ចំនួន ៧​។ គិត​ត្រឹម​ខែមេសា ឆ្នាំ​ ២០២១ ចំនួន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​មាន​ចំនួន ២០ ៨១៦ ៦១៦ និង​អ្នកប្រើប្រាស់​ទូរស័ព្ទ​អចល័ត​មាន ចំនួន ៤២ ៥៧៧៕ LA