ភ្នំពេញៈ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ​លោក ជា ចាន់តូ បានឱ្យដឹងថា ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​នឹង​ផ្តល់នូវ​ភាពអំណោយផល​ដល់​វិស័យ​ខាងក្រៅ​របស់​កម្ពុជា ជាពិសេស​ការនាំចេញ​និង​ការវិនិយោគ​ដែល​នឹង​គាំទ្រ​បន្ត​ដល់​វិស័យ​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឱ្យសម្រេចបាន​កំណើន​វិជ្ជមាន​វិញ ទោះបី​វិស័យ​ទេសចរណ៍​អាច​នឹង​ងើបឡើង​នៅក្នុង​រយៈពេល​យូរ​ក៏ដោយ​។

ការថ្លែង​បែបនេះ​ធ្វើឡើង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​ ១ ឆ្នាំ​ ២០២១ របស់ NBC កាលពី​ថ្ងៃទី​ ២២ ខែកក្កដា​។ លោក​លើកឡើង​ទៀតថា ការអូសបន្លាយ​ពេល​ការរីករាលដាល​កូវីដ​ ១៩ បាន​បន្ត​គំរាមកំហែង​ដល់​ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​។

លោក​បន្តថា បណ្តា​ប្រទេស​នានា​បាន​បន្ត​ប្រើប្រាស់​នយោបាយ​សារពើពន្ធ និង​រូបិយវត្ថុ​វិត្ថារកម្ម (Stimulus) និង​បង្កើន​ការចាក់​វ៉ាក់សាំង​ទៅឱ្យ​ប្រជាជន​ដើម្បី​គាំទ្រ​សុខុមាលភាព​សង្គម និង​សកម្មភាព​សេដ្ឋកិច្ច​។ ក៏ប៉ុន្តែ​ភាពខុសគ្នា​នៃ​លទ្ធភាព​ទទួលបាន​វ៉ាក់សាំង និង​លម្ហ​នយោបាយ​វិត្ថារកម្ម​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ងើបឡើង​ខុសគ្នា ដោយ​ប្រទេស​អភិវឌ្ឍន៍​រំពឹងថា នឹង​ងើបឡើង​លឿន​ជាង​ប្រទេស​កំពុង​លូតលាស់ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

លោក​អះអាង​ថា​៖ «​សេដ្ឋកិច្ចកម្ពុជា​ដូចនឹង​សេដ្ឋកិច្ច​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា ក៏​អាច​ប្រឈម​នឹង​រលក​ថ្មី​នៃ​ការរីករាលដាល​កូវីដ​ ១៩, ការកើនឡើង​នៃ​បំណុល​សាធារណៈ និង​ឯកជន និង​ការកើនឡើង​នៃ​វិសមភាព និង​ភាពក្រីក្រ​ផងដែរ​។ ក្នុងស្ថានភាព​នេះ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ត្រៀមខ្លួន​រួមចំណែក​ស្តារ និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​គាំទ្រ​ចាំបាច់​នានា ប្រកបដោយ​ភាពប្រុងប្រយ័ត្ន សន្សឹមៗ និង​អាច​រំពឹងទុក​បាន​»​។

លោក​បន្ថែមថា​៖ «​នៅ​កម្ពុជា​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់ និង​ទាន់​ពេលវេលា​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​សហគមន៍ និង​អនុវត្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​បាន​យ៉ាង​ឆាប់រហ័ស​។ វិធានការ​ជា​កញ្ចប់​ដែល​បានដាក់​ចេញ​ជា​ដំណាក់កាល​បាន​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ និង​រក្សា​និរន្តរភាព​អាជីវកម្ម ពិសេស​បាន​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ងាយរងគ្រោះ និង​វិស័យ​អាទិភាព​។

យោងតាម​លោក ជា ចាន់តូ ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចូលរួមចំណែក​អនុវត្ត​នយោបាយ​រូបិយវត្ថុ​វិត្ថារកម្ម និង​ការបន្ធូរបន្ថយ​វិធានការ​ម៉ាក្រូ​ប្រុងប្រយ័ត្ន ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ហិរញ្ញប្បទាន​ក្នុង​សេដ្ឋកិច្ច និង​សម្រាល​បន្ទុក​ដល់​អតិថិជន​ដែលមាន​ចំណូល​ធ្លាក់ចុះ​ដោយសារ​វិបត្តិ តាមរយៈ​ការបង្កើន​សាច់ប្រាក់​ក្នុង​ដៃ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​ទាំងនោះ​ធ្វើការ​រៀបចំ​ឥណទាន​ឡើងវិញ​។

បើ​យោងតាម​របាយការណ៍​ប្រចាំឆមាស​ទី​ ១ របស់ NBC ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​អាច​កើន​ដល់ ៦ ​ភាគរយ​នៅ​ឆ្នាំ​ ២០២១ ធៀប​នឹង -៣,៣ ភាគរយ​កាលពី​ឆ្នាំ​ ២០២០ ក្នុងនោះ​ប្រទេស​អភិវឌ្ឍន៍​កើន​ដល់ ៥,១ ​ភាគរយ ប្រទេស​កំពុង​លូតលាស់ និង​កំពុងអភិវឌ្ឍន៍​កើន​ដល់ ៦,៧ ​ភាគរយ​។ ចំពោះ​អាស៊ាន​បូក ៥ សេដ្ឋកិច្ច​រំពឹង​នឹង​កើន​ត្រឹម ៤,៩ ​ភាគរយ​ដែល​ទាប​ជាង​ការព្យាករ​កាលពី​ដើមឆ្នាំ​ដោយសារ​ការប្រឈម​នឹង​រលក​ថ្មី​នៃ​កូវីដ​ ១៩ ខណៈ​ធនាគារ​ពិភពលោក​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​ក្នុង​រង្វង់​ ៤ ​ភាគរយ​នៅ​ឆ្នាំ​ ២០២១ ​នេះ ប៉ុន្តែ​បើ​ក្នុងករណី​ប្រធាន​ស័ក្តិ កំណើន​នេះ​នឹង​ធ្លាក់​ក្រោម ១ ​ភាគរយ​។

NBC បញ្ជាក់ថា​៖ «​ការងើបឡើង​នៃ​ប្រទេស​អភិវឌ្ឍន៍​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​បានផ្តល់​ផល​វិជ្ជមាន​ដល់​ការនាំចេញ​របស់​កម្ពុជា​។ ក៏ប៉ុន្តែ ដោយសារ​ការជួប​ប្រទះ​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ទាំង​ក្នុង​តំបន់ និង​នៅ​កម្ពុជា វិស័យ​ចម្បងៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​ទទួលរង​ការថយចុះ ជាពិសេស​វិស័យ​ទេសចរណ៍​»​។

របាយការណ៍ NBC ឱ្យដឹងទៀតថា ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​កម្ពុជា​បាន​ធ្លាក់ចុះ -៨៧,៨ តម្លៃ​ផលិតផល​សរុប​ក្នុង​វិស័យ​កម្មន្តសាល ថយចុះ​ប្រមាណ -៣៧ ​ភាគរយ ហើយ​វិស័យ​សំណង់​ក៏​ថមថយ​ផងដែរ ដោយសារ​តម្លៃ​គម្រោង​សំណង់​ថយចុះ -៤០,៥ ​ភាគរយ​។ ដោយឡែក​វិស័យ​កសិកម្ម​បន្ត​មាន​វឌ្ឍនភាព​ល្អ​ដោយ​ផលស្រូវ​រដូវប្រាំង កើនឡើង ១២ ​ភាគរយ​។

រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​វិធានការ​ជុំ​ទី​ ៩ ជា​បន្តទៀត​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ លើ​វិស័យ​វាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​វិស័យ​ទេសចរណ៍​ដោយ​ស្ថានភាព​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នៅតែ​បន្ត​វិវឌ្ឍ​ខ្លួន​គួរឱ្យ​បារម្ភ​តាមរយៈ​ការបំប្លែង​ខ្លួន​ថ្មី​។

ទោះយ៉ាងណា​ជញ្ជីងទូទាត់​កម្ពុជា​នៅ​បន្ត​ទទួល​បាន​អតិរេក ១៥៧ ​លាន​ដុល្លារ ដែល​គាំទ្រ​ដោយ​លំហូរ​ចូល​សុទ្ធ​នៃ​គណនី​ហិរញ្ញវត្ថុ បើទោះបី​ជា​ឱនភាព​គណនី​ចរន្ត​បន្ត​កើនឡើង​ក៏ដោយ​។ ទន្ទឹមនេះ ទុនបម្រុង​អន្តរជាតិ​បាន​បន្ត​ស្ថិតក្នុង​កម្រិត​ខ្ពស់ ២០,៨ ពាន់​លាន​ដុល្លារ ដែល​អាច​ធានា​ការនាំចូល​ទំនិញ និង​សេវា​សម្រាប់​គ្រា​បន្ទាន់​បាន​ជាង ១០ ​ខែ​។ នេះ​បើ​យោង​តាម​របាយការណ៍ NBC៕ LA