ភ្នំពេញៈ កម្ពុជា​រំពឹង​នឹង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​រុស្ស៊ី ពិសេស​ក្នុងដំណាក់កាល​ដែល​កម្ពុជា​គ្រោង​នឹង​បើក​ទទួលយក «​ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​» ​បន្ទាប់ពី​ស្ថានភាព​កូវីដ​ ១៩ បាន​ធូរស្រាល​។

ក្តីសុទិដ្ឋិនិយម​នេះ​កើតឡើង​បន្ទាប់ពី​ជំនួប​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​រវាង លោក ថោង រដ្ឋសក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​ទេសចរណ៍​កម្ពុជា ជាមួយ​នឹង​លោក Demyan Smilevets ប្រធាន​ផ្នែក​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ទីភ្នាក់ងារ​ទេសចរណ៍​សហព័ន្ធ​រុស្ស៊ី កាលពី​ចុង​សប្តាហ៍​មុន​។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ឱ្យ​ដឹងថា វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ភ្ញៀវទេសចរ​រុស្ស៊ី​មក​កម្ពុជា​ធ្លាក់ចុះ​យ៉ាងគំហុក ដោយ​ក្នុង​រយៈពេល ៥ ​ខែ​ដំបូង​ឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវ​រុស្ស៊ី​ចំនួន ៤៣ ​នាក់​ធ្លាក់ចុះ ៩៩,៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ២១ ៨៣៤ ​នាក់​។

លោក ទ្រី ឈីវ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន​នៃ​ក្រសួងទេសចរណ៍​បាន​ឱ្យដឹងថា លោក Demyan Smilevets បាន​ទទួលយក​សំណើ​របស់​កម្ពុជា​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ក្នុងដំណាក់កាល​ដែល​កម្ពុជា​នឹង​បើក​ទទួលយក​ «​ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​» ​បន្ទាប់ពី​ស្ថានភាព​កូវីដ​ ១៩ បាន​ធូរស្រាល​។

តាមរយៈ​កិច្ចប្រជុំ​នេះ​ភាគី​ទាំង​ ២ ​ក៏បាន​ពិភាក្សា​លើ​បញ្ហា​មួយចំនួន​ដូចជា ការបណ្ដុះបណ្ដាល​បំប៉ន​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​រុស្ស៊ី​, ការរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ Road show តាម​ប្រព័ន្ធ​អនឡាញ ដោយមាន​ការចូលរួម​របស់​ក្រុមហ៊ុន​ទេសចរណ៍​រុស្ស៊ី​, ការរៀបចំ​ទស្សនកិច្ច​សិក្សា​ផ្សព្វផ្សាយ​ពិសេស​លើ​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា​ពី​ក្រុមហ៊ុន​ទេសចរណ៍ និង​សារព័ត៌មាន ការគាំទ្រ​របស់​រុស្ស៊ី​ដល់​ការអនុវត្ត «​ផែនទី​ចង្អុល​ផ្លូវ​ស្ដីពី​ផែនការ​ស្ដារ​លើកស្ទួយ និង​ស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​កូវីដ​ ១៩,​ការសហការ​ជំរុញ​ការហោះហើរ​ត្រង់​កម្ពុជា-រុស្ស៊ី និង​គំនិត​ផ្ដួចផ្ដើម​រៀបចំ​ឱ្យ​មាន​មជ្ឈមណ្ឌល​ទេសចរណ៍​អាស៊ាន-រុស្ស៊ី​ជាដើម​។

បច្ចុប្បន្ន​កម្ពុជា-រុស្ស៊ី បាននិង​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​ជាមួយ​គ្នា​ដើម្បី​ជំរុញ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ឱ្យមាន​ទំហំ​កាន់តែ​ធំ​។

ក្នុង​ជំនួប​ជាមួយ​លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី​ប្រចាំ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ​កាលពី​ខែធ្នូ ឆ្នាំ​ ២០២០ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើឱ្យ​ភាគី​រុស្ស៊ី​អញ្ជើញ​ធុរជន និង​វិនិយោគិន​កម្ពុជា​ទៅ​ចូលរួម​កម្មវិធី​នានា​របស់​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​រុស្ស៊ី​នាពេលខាងមុខ ដើម្បី​ទទួល​បាន​នូវ​កាលានុវត្តភាព ពាណិជ្ជកម្ម និង​វិនិយោគ​ផ្តល់​ដោយ​សហព័ន្ធរុស្ស៊ី​។

លោក​លើកឡើង​ថា​៖ «​ក្នុង​បរិការណ៍​នេះ កម្ពុជា​ត្រូវការ​ការវិនិយោគ​បន្ថែម​ពី​សហព័ន្ធរុស្ស៊ី ពិសេស​ផ្នែក​ម៉ាស៊ីន​ធុន​ស្រាល និង​មធ្យម ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កម្ពុជា​សម្រាប់​បង្កើន​ការប្រកួតប្រជែង​ក្នុង​ការនាំចេញ​។ ក្នុង​ស្មារតី​នេះ កម្ពុជា​បង្ហាញ​បំណង​សិក្សា​ពី​លទ្ធភាព​នៅក្នុង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា-រុស្សី​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​»​។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-រុស្ស៊ី​ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ៤៥,១៥ ​លាន​ដុល្លារ កើន ៤,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដែលមាន ៤៣,២១ លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ ៣៨,៧៥ ​លាន​ដុល្លារ ធ្លាក់ចុះ ៤,៥៨ ​ភាគរយ និង​ការនាំចូល​មានតម្លៃ ៦,៤ លាន​ដុល្លារ​កើនឡើង ១៥៥,៦ ​ភាគរយ​៕ LA