ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក.ប.ទ) ​ណែនាំ​ឱ្យ​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​បញ្ឈប់​ជាបន្ទាន់​ការប្រើប្រាស់​លេខ​កូដ​ខ្លី​ហៅចូល​ទៅកាន់​អ្នកប្រើប្រាស់ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​សេវាកម្ម​ (VAS) របស់ខ្លួន​ដោយ​អ្នកប្រើប្រាស់​មិនបាន​ចុះឈ្មោះ​ប្រើប្រាស់​ជាមុន​។

សេចក្តី​ជូនដំណឹង​ស្តីពី​ការលុបបំបាត់​ការហៅ​ចូលមក​លេខ​ទូរសព្ទ​របស់​អ្នកប្រើប្រាស់​ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​សេវាកម្ម​បន្ថែម​បាន​ផ្សាយ​នៅ​ថ្ងៃទី ២៦ ខែកក្កដា​នេះ​ថា នាពេល​កន្លងមក និយ័តករ​ទូរគមនាគមន៍​កម្ពុជា (​ន.ទ.ក) បាន​រកឃើញថា ប្រតិបត្តិករ​ផ្តល់​សេវា​ទូរសព្ទ​ចល័ត​មួយចំនួន​បាន​ប្រើប្រាស់​លេខកូដ​ខ្លី ឬ​លេខ​ផ្សេងៗ​គ្នា​ជាច្រើន ហៅចូល​ទៅកាន់​អ្នកប្រើប្រាស់​ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​សេវា​បន្ថែម (VAS) របស់ខ្លួន ដោយ​អ្នកប្រើប្រាស់​មិនបាន​ចុះឈ្មោះ​ប្រើប្រាស់​ជាមុន ដែល​សកម្មភាព​នេះ​បាន​រំខាន​ដល់​ជីវភាព​ប្រចាំថ្ងៃ​ និង​ផ្ទុយ​ពី​ឆន្ទៈ​របស់​អ្នកប្រើប្រាស់​។

ក្នុងន័យនេះ ន.ទ.ក បាន​ចេញ​សេចក្តីណែនាំ​ដល់​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរសព្ទ​ចល័ត​ទាំងអស់​ត្រូវ​បញ្ឈប់​រាល់​ការរំខាន​ដល់​អ្នកប្រើប្រាស់​តាម​ការហៅ​ចូល​លេខ​ទូរសព្ទ​ចល័ត​ជា​បន្ទាប់ ព្រោះ​សេវា​ហៅ ចូល​នេះ​ពុំមាន​ការចុះឈ្មោះ​ប្រើប្រាស់​ជាមុន​ដោយ​អ្នកប្រើប្រាស់​ឡើយ​។

ន.ទ.ក ក៏​ណែនាំ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​ការប្រើប្រាស់​លេខ​កូដ​ទូរគមនាគមន៍​ទាំងឡាយ​ណា ដែល​គ្មាន​ការអនុញ្ញាត​ពី ន.ទ.ក ។

សេចក្តី​ជូនដំណឹង​បន្តថា​ក្នុង​ករណី​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត​ពុំ​អនុវត្តតាម​ការណែនាំ​ខាងលើនេះ​ទេ ក.ប.ទ នឹង​ចាត់វិធានការ ម៉ឺងម៉ាត់ ដោយ​ណែនាំ​ឱ្យ ន.ទ.ក បង្កក​រាល់​ការស្នើសុំ​នានា​របស់​ប្រតិបត្តិករ​ទាំងនោះ ព្រមទាំង​ចាត់វិធានការ​ស្រប​តាម​មាត្រា​ ៦៩ និង​មាត្រា​ ៧៨ នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​»៕