ភ្នំពេញៈ វិស័យ​ឯកជន​នៃ​ក្រុម​ការងារ​បច្ចេកទេស​ទី២ «​គយ​ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​មិនមែន​កាត់ដេរ​» បានស្នើ​ដល់​រដ្ឋាភិបាល​ក្នុង​ការជួយ​សម្របសម្រួល​ទំនិញ​ឆ្លងកាត់​ព្រំដែន​ដែល​ត្រូវបាន​រឹតបន្តឹង​ក្នុង​អំឡុងពេល​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។

កិច្ចប្រជុំ​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ (Zoom) ​កាលពី​រសៀល​ថ្ងៃទី​ ២៣ ខែកក្កដា បាន​ដឹកនាំ​ដោយ​លោក តាន់ មុនីវណ្ណ សហប្រធាន​ក្រុមបច្ចេកទេស​ទី២ «​គយ​ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​មិនមែន​កាត់ដេរ​» ផ្នែក​ឯកជន លោក ងួន ម៉េងតិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា សមាជិក​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​តំណាង​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា តំណាង​សហគ្រាស តំណាង​សមាគម តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា តំណាង​ក្រុមហ៊ុន​នាំចេញ និង​ក្រុម​ការងារ​បច្ចេកទេស​ជាច្រើនរូប​ទៀត​។

គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ពិគ្រោះ​ពិភាក្សា​ទៅលើ​បញ្ហា​ប្រឈម​របស់​ផ្នែក​ឯកជន​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​មិនមែន​កាត់ដេរ​ដែល​កំពុង​ជួបប្រទះ ពិសេស​បញ្ហា​កើតមានឡើង​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​កំពុងតែ​ឆ្លង​រាលដាល​យ៉ាងខ្លាំង​នៅ​កម្ពុជា​។ ម្យ៉ាងទៀត ក៏​ដើម្បី​ប្រមូលយក​បញ្ហា​ប្រឈម កង្វល់ និង​សំណូមពរ​រួម​របស់​ផ្នែក​ឯកជន សម្រាប់​ស្នើសុំ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការជួប​ពិភាក្សា​គ្នា​នេះ​គឺ​ដើម្បី​ដោះស្រាយ​លើ​ការសម្របសម្រួល​ការនាំ​ចេញ-នាំចូល​ទំនិញ​ជាមួយ​នឹង​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ក្នុងអំឡុងពេល​មាន​ការរឹតបន្តឹង​តាម​ព្រំដែន​កម្ពុជា-វៀតណាម និង​កម្ពុជា-ថៃ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ប្រាប់ថា​៖ «​នាពេល​កន្លងមក យើង​បាន​ដោះស្រាយ​បញ្ហា​ជាច្រើន​ដូចជា​សម្រួល​ការនាំចេញ-ចូល ការស្តុក​ទំនិញ​នៅ​ព្រលានយន្តហោះ និង​តាម​បណ្តា​កំពង់ផែ​ផ្សេងៗ​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​»​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​ (CLA) ដែល​ចូលរួម​ការពិភាក្សា​នេះ​បាន​ប្រាប់ថា អង្គប្រជុំ​បាន​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​នៃ​ការកកស្ទះ​ការនាំចេញ​ដំឡូងមី​ស្ងួត​ទៅ​ប្រទេស​ថៃ​ដោយសារ​រឹតបន្តឹង​តាម​ព្រំដែន​ក្នុង​អំឡុងពេល​កូវីដ​ ១៩​។

លោក​លើកឡើងថា​៖ «​យើង​ចង់ឱ្យ​មាន​ការបង្វែរ​ដំឡូងមី​មក​តាម​កំពង់ផែ​ក្រុងព្រះសីហនុ​វិញ ប៉ុន្តែ​យើង​កំពុងធ្វើការ​សិក្សា​ទៅលើ​ថ្លៃ​ដឹកជញ្ជូន​ដែល​នឹងត្រូវ​ចំណាយ​ថ្លៃដើម​ខ្ពស់ អ៊ីចឹង​យើង​ចង់ស្នើឱ្យកំពង់ផែជួយរៀបចំកន្លែង​ដាច់​ដោយឡែក​សម្រាប់តែ​ទំនិញ​កសិផល​​ ដើម្បី​សម្រួល​ដល់​ការនាំចេញ​។ ចំពោះ​ទំនិញ​អង្ករ យើង​ក៏​ស្នើសុំ​ឱ្យ​គយ​បញ្ចុះតម្លៃ​លើកដាក់​ទំនិញ​ថែមទៀត​ផងដែរ​»​។

បើ​ក្រុម​ការងារ​ណាមួយ​ដោះស្រាយ​មិន​រួច សភាពាណិជ្ជកម្ម​នឹងដាក់​លិខិត​ទៅកាន់​សហប្រធាន​ទាំង ១៣ ​ក្រុម​នៃ​យន្តការ​ភាពជា​ដៃគូ​គយ​ផ្នែក​ឯកជន​ដើម្បី​ជួយ​រក​ដំណោះស្រាយ ហើយ​បើ​បញ្ហា​នេះ​នៅតែ​មិនអាច​ដោះ​រួច នឹងដាក់​ទៅ​កាន់​វេទិកា​រាជរដ្ឋាភិបាល​ឯកជន​ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នកសម្រេច​។ នេះ​បើតាម លោក លឹម ហេង​។

កម្ពុជា​បាន​នាំចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ​ក្នុង​ទឹកប្រាក់​សរុប ១ ៨៩៩,៧ ​លាន​ដុល្លារ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ កើន ៤៩,៩ ភាគរយ​ធៀប​ទៅនឹង​ឆមាស​ទី​១ ឆ្នាំ ២០២០ ដែលមាន​ចំនួន ១ ២៦៧,២ លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​។

ផលិតផល​ទាំងនោះ​មានដូចជា កង់ គ្រឿង​បំណែក​អេឡិចត្រូនិក គ្រឿង​ផ្គុំ​ខ្សែភ្លើង គ្រឿងបន្លាស់​រថយន្ត អំពូល​លម្អ​កុងផ្លាកេ និង​ផលិតផល​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​៕ LA

វីដេអូ៖