ភ្នំពេញៈ ទំហំ​ទឹកប្រាក់ និង​បរិមាណ​នៃ​ការជួញដូរ​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​បាន​កើនឡើង​យ៉ាងគំហុក​គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ​នេះ បើទោះបីជា​សកម្មភាព​សេដ្ឋកិច្ច​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ការផ្ទុះឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ យ៉ាងណាក្តី​។

យោងតាម​តួលេខ​ចុងក្រោយ​របស់ CSX គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ផ្សារមូលបត្រ​កម្ពុជា មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន ១៣ ដែល​រួមមាន​ក្រុមហ៊ុន​ចំនួន ៧ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង ៦ ​ទៀត​បាន​ចុះបញ្ជី​ជា​សញ្ញា​ប័ណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ទាំង ១៣ នេះ​បាន​ប្រមូល​ទុន​ពី​ទីផ្សារ​មូលបត្រ​សរុប​ជាង ២៣៥ ​លាន​ដុល្លារ​។

របាយការណ៍​ដដែល​ឱ្យដឹងទៀតថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​ ២០២១ បរិមាណ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម កើន​ដល់ ១១១ ១២៦ ​ហ៊ុន​ក្នុង​ ១ ​ថ្ងៃ ពោលគឺ​កើនឡើង ១៣៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ត្រឹម ៤៧ ២៧២ ​ហ៊ុន​។ ចំណែក​ទំហំ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​ ២០២១ មាន​ចំនួន ២០១ ១៤៣ ​ដុល្លារ កើនឡើង​ប្រមាណ ៧០ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១១៨ ១៤៣ ​ដុល្លារ​។

លោក ហុង សុហួរ អគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បានឱ្យដឹងថា ជាមួយនឹង​ការទទួលបាន​សិទ្ធិ​ចុះបញ្ជី​នៅលើ​ផ្សារមូលបត្រ ក្រុមហ៊ុន​ទាំងនេះ​មិន​ត្រឹមតែ​មានលទ្ធភាព​ទទួល​បាន​នូវ​ប្រភព​ទុន​ដែលមាន​តម្លៃ​ដើម​ទាប និង​ជា​ទុន​រយៈពេល​វែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​នូវ​ការលើក​ទឹកចិត្ត​ពន្ធដារ​ពី​រដ្ឋាភិបាល បង្កើន​កិត្តិនាម​របស់ខ្លួន​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន វិនិយោគិន និង​សាធារណជន​ទៀតផង​។

លោក​ថ្លែងថា​៖ «​ការមាន​ប្រភព​ទុន​តែ ១ ឬ ២ អាច​បណ្តាលឱ្យ​អាជីវកម្ម​ងាយ​ជួបនឹង​ហានិភ័យ ដូចនេះ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សក្តានុពល​នានា​ចាប់​ផ្តើមធ្វើ​ពិពិធកម្ម​ប្រភព​ទុន​របស់ខ្លួន និង​ចាប់យក​នូវ​ការកៀរគរ​ទុន​ពី​សាធារណជន តាមរយៈ​ទីផ្សារ​ភាគហ៊ុន​ដើម្បី​ពង្រីក និង​ពង្រឹង​អាជីវកម្ម​របស់ខ្លួន​ដែល​សមស្រប​សម្រាប់​បរិបទ​បច្ចុប្បន្ន​»​។

លោក​បន្តថា​៖ «​នៅ​ឆ្នាំ​ ២០២១ នេះ​ផងដែរ ខ្ញុំ​រំពឹងថា ផ្សារមូលបត្រ​កម្ពុជា​នឹង​ទទួល​ស្វាគមន៍​ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី​ចំនួន ៤ ឬ ៥ ​ទៀត ដែល​នឹង​ចុះបញ្ជី​ភាគហ៊ុន និង ២ ឬ​ ៣ ទៀត​នឹង​ចុះបញ្ជី​ជា​សញ្ញាប័ណ្ណ​»​។ នេះ​បើ​យោងតាម​ការបញ្ជាក់​របស់​លោក សុហួរ​។

អគ្គនាយក​និយតករ​មូលបត្រ​កម្ពុជា លោក ស៊ូ សុជាតិ បាន​អះអាង​ថា​ក្នុង​កាលៈទេសៈ​មួយ​ដែល​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​នានា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩ CSX បានបង្ហាញ​កាលានុវត្តភាព​ថ្មី​ដោយ​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ពី​សាធារណជន​គួរឱ្យ​កត់សម្គាល់​។

លោក​ថ្លែងថា​៖ «​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​យើង​អាច​ចាប់យក​កាលានុវត្តភាព​ពី​ភាព​ប្រឈម​នេះ ដោយសារតែ​ខ្ញុំ​ទទួលបាន​របាយការណ៍​ជួញដូរ​រៀងរាល់ថ្ងៃ​ពី​ទីផ្សារ គឺ​ការជួញដូរ​របស់​យើង​មិនទាន់​ធ្លាក់​ក្រោម ១ ​ពាន់​លាន​រៀល​ទេ ដែល​ពីមុន​យើង​ឆ្លង​មិន​ផុត​នៃ​ទំហំ​ការជួញដូរ​ដល់ ១ ​ពាន់​លាន​រៀល​ទេ ប៉ុន្តែ​ឥឡូវនេះ​យើង​ទទួលបាន​លើស ១ ​ពាន់​លាន​រៀល​រៀងរាល់ថ្ងៃ​។ ចំណែក​ចំនួន​អ្នក​ចូលរួម​ក្នុង​ទីផ្សារ​ដើមឆ្នាំ​ត្រឹមតែ​កម្រិត ៤ ​ទៅ​ ៥ ​រយ​នាក់​ក្នុង​ ១ ​ថ្ងៃ ប៉ុន្តែ​ឥឡូវ​មិន​ក្រោម ១ ​ពាន់​នាក់​ទេ​ក្នុង​ ១ ​ថ្ងៃ​»​។

កាលពី​ថ្ងៃទី​ ១៩ ខែកក្កដា​ ក្រុមហ៊ុន ឌីប៊ីឌី អ៊ីនជីនារីង ម.ក (DBD Engineering & Construction) បានធ្វើ​រ៉ូដសូ អំពី​ផែនការ​នៃ​ការបោះ​ផ្សាយ​មូលបត្រ​កម្មសិទ្ធិ​របស់ខ្លួន​លើ​ទីផ្សារ​កំណើន​របស់ CSX ចំនួន​ជាង ៦,៤ លាន​ភាគហ៊ុន​ក្នុងការ​កៀរគរ​ទុន​ពី​សាធារណជន​ប្រមាណ ៣ ​លាន​ដុល្លារ​ដើម្បី​ពង្រីក​អាជីវកម្ម​។ ក្រុមហ៊ុន​នេះ​នឹង​ក្លាយជា​ក្រុមហ៊ុន​ទី​ ១ ដែល​បាន​បោះផ្សាយ​លើ​ទីផ្សារ​កំណើន​នៃ CSX ដែល​បានដាក់​ដំណើរការ​តាំងពី​ឆ្នាំ​ ២០១៥​។ DBD បានចាប់ផ្តើម​លក់​ចាប់ពី​ថ្ងៃទី​ ២៦ ខែកក្កដា ដល់​ថ្ងៃទី ១៨ ខែសីហា ខាងមុខ​៕ LA