ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​បានឱ្យដឹងថា ការរៀបចំ​ឥណទាន​ឡើងវិញ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​ចំនួន​ជាង ៣៦ ​ម៉ឺន​គណនី​ដែល​ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥,៥ ​ពាន់​លាន​ដុល្លារ នៅក្នុង​ឆមាស​ទី១ ឆ្នាំ​ ២០២១​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​ ២០២១ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញថា ដើម្បី​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​រៀបចំ​ឥណទាន​ឡើងវិញ​ចំនួន​ ៣៦៧ ២៣៩ ​គណនី ស្មើនឹង ២២,២ ​ទ្រីលាន​រៀល​ (៥,៥ ​ពាន់​លាន​ដុល្លារ​) ​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១​។

លោក កាំង តុងងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង ១១៤ (​រួមទាំង​ធនាគារ​ ៤) ​ដែលជា​សមាជិក​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ធ្វើការ​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​ដល់​អតិថិជន​ចំនួន ៣៤៨ ០៩៤ ​នាក់​​ ក្នុង​ទំហំ​ឥណទាន​ជាង ១ ៦៦៤ ​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃទី​ ១១ ខែកក្កដា ឆ្នាំនេះ​។ ការផ្តល់ជូន​នេះ​បានមកពី​អតិថិជន​ស្នើ​រៀបចំ​ឥណទាន​ឡើងវិញ​សរុប ១៦៩ ៣៤៤ ​នាក់​ក្នុង​ទំហំ​ឥណទាន​សរុប ១ ៧៩៥ ​លាន​ដុល្លារ​។

លោក តុងងី ឱ្យដឹងទៀតថា នា​ដើមឆ្នាំ​ ២០២១ ការស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​មាន​ចំនួន​ក្រោម ១ ​ពាន់​នាក់​ក្នុង ១ ​សប្តាហ៍ ប៉ុន្តែ​វា​បាន​ស្ទុះ​ហក់ឡើង​ខ្លាំង​ក្រោយ​ព្រឹត្តិការណ៍ ២០ ​កុម្ភៈ ដោយ​ឡើង​ខ្ពស់បំផុត​នៅក្នុង​ខែឧសភា ដោយ​ការស្នើសុំ​ឡើងដល់​ជិត​ ១ ​ម៉ឺន​នាក់​ក្នុង​ ១ ​សប្តាហ៍ ហើយ​ចំនួន​នេះ​បានចាប់ផ្តើម​ថយចុះ​វិញ​ក្នុង​ខែ​បន្តបន្ទាប់​មក​ត្រឹម​ប្រមាណ ២ ​ពាន់​នាក់​ក្នុង​សប្តាហ៍​ចុងក្រោយ​នេះ​។

លោក​បន្ថែមថា ទោះយ៉ាងណា ការឡើង​ខ្លាំង​ក្នុងឆ្នាំនេះ​គឺ​នៅ​ទាប​ជាង​ឆ្នាំមុន​ច្រើន ដែល​ពេលនោះ​ក្នុងអំឡុង​ខែ​មេសា-ឧសភា ការស្នើសុំ​បាន​ឡើង​ដល់ ២ ​ម៉ឺន​នាក់​ក្នុង ១ ​សប្តាហ៍​។

លោក​ប្រាប់ថា​៖ «​ការរៀបចំ​ឥណទាន​ឡើងវិញ​បាន​សម្រាល​បន្ទុក​សម្ពាធ​សាច់ប្រាក់ និង​ការបង់​ត្រឡប់​របស់​អតិថិជន​ដែល​រង​ផលប៉ះពាល់​កម្រិតធ្ងន់ និង​មធ្យម ដោយ​ជួយ​ឱ្យ​គាត់​នៅតែ​បន្ត​មុខរបរ​ជាធម្មតា​»​។

លោក​បន្តថា​៖ «​ការបង់​សង​ប្រចាំខែ​តិចជាង​មុន ឬ​ផ្អាក​ទាំងស្រុង​មួយរយៈ ព្រមទាំង​មិនមាន​ផលប៉ះពាល់​ប្រវត្តិ​ឥណទាន​គាត់​នៅ​ការិយាល័យ​ឥណទាន​កម្ពុជា​ (CBC)​។ ក្នុងករណី​ភាគច្រើន​អតិថិជន​ជ្រើស​យក​ជម្រើស​បង់​តែ​ការប្រាក់​រយៈពេល ៣-៦ ​ខែ ពន្យារ​រយៈពេល​ឥណទាន​ឱ្យ​វែង​ជាង​មុន ឬ​ករណី​ធ្ងន់ធ្ងរ គឺ​ផ្អាក​បង់​ទាំង​ការប្រាក់​ទាំង​ដើម​រយៈពេល​ពេល ៣-៦ ​ខែ​។

ដោយឡែក​ចាប់ពី​ខែមេសា​មក​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ក៏បាន​ដាក់ចេញ​នូវ​អន្តរាគមន៍​បន្ថែម​ ដើម្បី​ជួយ​សម្រាល​បន្ទុក​អ្នក​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ ដូចជា​អ្នក​ជាប់​កាតព្វកិច្ច​ចត្តាឡីស័ក អ្នកជំងឺ និង​គ្រួសារ​ដែលមាន​សមាជិក​បាត់បង់​ជីវិត​ជាដើម​។

លោក សាយ សូនី អនុប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​ឱ្យដឹងថា ប្រាសាក់​បាននិង​កំពុង​អនុវត្តតាម​សេចក្តីណែនាំ​នានា​របស់ NBC ក្នុងការ​សម្រាល​បន្ទុក និង​អនុគ្រោះ​ដល់​អតិថិជន​ដែល​កំពុងមាន​ការលំបាក​។

លោក​និយាយថា​៖ «​ដូចនេះ​យើង​នឹង​ពិនិត្យ​សំណើ​របស់​អតិថិជន​តាម​លទ្ធភាព និង​គោលការណ៍​ជាក់ស្តែង​។ យើង​សង្ឃឹមថា​នឹងមាន​ការថយចុះ​នៅក្នុង​ឆមាស​ទី​ ២ បើ​អត្រា​ឆ្លង​ថយចុះ និង​យុទ្ធនាការ​ចាក់​វ៉ាកសាំង​ត្រូវបាន​បញ្ចប់ ព្រមទាំង​ការយកចិត្ត​ទុកដាក់​អនុវត្ត​វិធាន ៣ការពារ ៣កុំ ដូចនេះ​អាជីវកម្ម​ទាំងអស់​នឹង​ចាប់ផ្តើម​ឡើងវិញ​»​។

ចំនួន​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​នៅតាម​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​កើន​ដល់ ៤,២ ​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំណាច់ឆ្នាំ ​២០២០ ចាប់តាំងពី​វិធានការ​នេះ​ត្រូវបាន​ប្រកាស​កាលពី​ចុងខែ​មីនា ឆ្នាំ​ ២០២០ ដើម្បី​បន្ធូរបន្ថយ​បន្ទុក​អ្នកខ្ចីប្រាក់​ក្នុង​វិស័យ​សំខាន់ៗ​ចំនួន ៤ ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩៕ LA