ភ្នំពេញៈ លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​ត្រូវបាន​ជ្រើសរើស​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​ផ្ដល់យោបល់​កាលពី​ថ្ងៃទី​ ២៦ ខែកក្កដា ឆ្នាំ​ ២០២១ នៃ​បណ្ដាញ​នវានុវត្តន៍​ហិរញ្ញវត្ថុ​អាស៊ាន (AFIN) ជាទី​ដែល​លោកស្រី​រំពឹងថា នឹង​ឃើញ​វត្តមាន​របស់​បណ្តា​ក្រុមហ៊ុន​ក្នុងស្រុក​ពី​វិស័យ FinTech និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ (FIs) របស់​កម្ពុជា ឈរ​នៅលើ​វេទិកា APIX របស់​សមាគម​នេះ​។

AFIN ត្រូវបាន​បង្កើត​ឡើង​ជាមួយ​បេសកកម្ម​ ដើម្បី​ជួយ​សម្រួល​នវានុវត្តន៍ និង​កិច្ចសហប្រតិបត្តិការ​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង FinTech ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្លាស់ប្តូរ​តាមបែប​ឌីជីថល​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​តំបន់​អាស៊ាន និង​លើសពីនេះ​ទៀត ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​ទីបំផុត​។ AFIN ប្រមូលផ្តុំ​អ្នកចូលរួម​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ដើម្បី​ស្វែងរក បង្កើត និង​ប្រើប្រាស់​ដំណោះស្រាយ​ឌីជីថល​នវានុវត្តន៍​នៅក្នុង​ប្រព័ន្ធ​អេកូស៊ីស្ដែម រួម​។

លោកស្រី សិរី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ផ្ទាល់ខ្លួន​ថា​៖ «​ខ្ញុំ​មាន​កិត្តិយស ដែល​ត្រូវបាន​អញ្ជើញ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​យោបល់​នៃ​បណ្ដាញ​នវានុវត្តន៍​ហិរញ្ញវត្ថុ​អាស៊ាន​ (AFIN)​។ AFIN បាន​ដាក់ឱ្យ​ដំណើរការ API Exchange (APIX)​។ APIX គឺជា​ទីផ្សារ​ឆ្លងកាត់​ព្រំដែន​របស់​ពិភពលោក បើកចំហ​ស្ថាបត្យកម្ម API និង ជា​ប្លាតហ្វ៉មស្នូល​សម្រាប់​ការសហការ​រវាង FinTechs និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​អ្នក​ចូលរួម​អាច​រួមបញ្ចូល និង​សាកល្បង​ដំណោះស្រាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក តាមរយៈ​ស្ថាបត្យកម្ម​ខ្លោដ​»​។

លោកស្រី​បន្ថែមថា​៖ «​នេះ​ជា​ឱកាស​សម្រាប់ FinTech នៅ​អាស៊ាន និង​លើសពីនេះ​ទៀត ដើម្បី​បង្ហាញ​ពិភពលោក​នូវ​អ្វីដែល​ពួកគេ​បានទទួល​។ ខ្ញុំ​ធ្លាប់​និយាយថា វា​ជា​ការតស៊ូ​របស់​យើង​ដែល​យើង​រកឃើញ​ភាពច្នៃប្រឌិត​។ ក្នុងករណីនេះ​អាស៊ាន​មិន​ខ្វះ​ការតស៊ូ​ទេ ហើយ​មិន​ខ្វះ​គំនិត​នវានុវត្តន៍​ផងដែរ​។ វា​ជា​តារា​កំពុងរះ ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ទន្ទឹង​រង់ចាំ​ការមើលឃើញ​អ្នក​នៅក្នុង​វិស័យ FinTech និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ (FIs) របស់​កម្ពុជា​នៅលើ​វេទិកា APIX»​។

ស្ថិតក្រោម​ការដឹកនាំ​របស់​លោកស្រី​កាលពី​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ​ ២០២០ NBC បានដាក់​ឱ្យ​ដំណើរការ​វេទិកា​ទូទាត់​ចល័ត​អន្តរ​ធនាគារ ដែល​គេ​ស្គាល់​ថា «​ប្រព័ន្ធ​បាគង​» ក្នុង​គោលបំណង​ដើម្បី​ផ្ដល់​សម្ទុះ​ប្រកបដោយ​ថាមពល​ទៅដល់​វិស័យ​ហិរញ្ញវត្ថុ​ជនបទ អភិវឌ្ឍ និង​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​។

AFIN ត្រូវបាន​បង្កើត​ឡើងជា​អង្គ​ការមិន​ស្វែងរក​ប្រាក់​ចំណេញ​ក្នុង​ឆ្នាំ​ ២០១៨ ដោយ​សមាគម​ធនាគារិក​អាស៊ាន សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​សមាជិក​របស់​គ្រុប​ធនាគារ​ពិភពលោក និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (MAS)៕ LA