ភ្នំពេញៈ ​កម្ពុជា​បាន​រកឃើញ​សាច់​ក្របី​បង្កក​ចំនួន ៣ កុងតឺន័រ​ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា​មាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩ នឹងត្រូវ​ដុត​កម្ទេចចោល​ឆាប់ៗ​នេះ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​។

ក្នុង​លិខិត​ចុះហត្ថលេខា​ដោយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋានគយ​ និង​រដ្ឋាករ​កម្ពុជា​ចុះ​ថ្ងៃទី​ ២១ ខែកក្កដា ​ឆ្នាំ​នេះ បានឱ្យ​ដឹងថា សាច់​ក្របី​បង្កក​ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា ​មាន​វិជ្ជមាន​កូវីដ​ ១៩ ដែល​ស្ថិតនៅក្នុង​ទីលាន​ផែស្ងួត​ត្រីកូដ ដ្រាយ ផត​។

លិខិត​នេះ​បន្តថា អនុលោម​តាម​ប្រការ​ ២ នៃ​ប្រកាស​លេខ ៣០៤ សហវ.ប្រក ​ចុះ​ថ្ងៃទី​ ៥ ខែ ឧសភា ឆ្នាំ​ ២០២១ គណៈកម្មការ​ចំពោះ​កិច្ច​មាន​ភារកិច្ច​ចាត់វិធានការ កម្ទេចចោល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ផ្សេងទៀត​ដែល​បាន​រកឃើញថា​មាន​វីរុស​កូវីដ ១៩​។

លិខិត​នេះ​បញ្ជាក់ថា​៖ «​ក្នុង​ន័យនេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ក្នុងនាម​គណៈកម្មការ​ចំពោះ​កិច្ច ខ្ញុំ​ស្នើ​លោក​ប្រធាន​ក្រុមហ៊ុន​ចូលរួម​ជាមួយ​ក្រុមការងារ​ចម្រុះ ដើម្បី​ចាត់វិធានការ​កម្ទេចចោល​សាច់​ក្របី​បង្កក​ផ្ទុក​ក្នុង​កុងតឺន័រ​ដែល​បាន​រកឃើញ​វីរុស​កូវីដ​ ១៩ ​តាម​នីតិវិធី​ជា​ធរមាន​នាពេល​ដ៏ខ្លី​ខាងមុខនេះ​»​។

ការសម្រេច​ដុត​កម្ទេច​សាច់​ក្របី​បង្កក​នេះ​ត្រូវធ្វើ​ឡើង​តាម​លិខិត​របស់​ក្រសួង​សុខាភិបាល​ចុះហត្ថលេខា​ដោយ​វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយក​បចេ្ចកទេស​សុខាភិបាល​នៃ​ក្រសួង​សុខាភិបាល​ចុះ​នៅ​ថ្ងៃទី​ ១៩ កក្កដា បាន​សន្និដ្ឋានថា​សាច់​ក្របី​បង្កក​ចំនួន ៣ ​កុងតឺន័រ​ក្នុងចំណោម ៥ កុងដឺន័រ​ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា​ដោយ​ក្រុមហ៊ុន បូវីនី ហ្វូដ ឯក (BOVINI FOOD CO.,LTD) ​និង​ក្រុមហ៊ុន អើស្ពារី & ​ខនស្ត្រាក់សិន ឯក​ (ASHARY INVESTMENT & CONSTRUCTION CO.,LTD) ​មាន​វិជ្ជមាន​វិរុស​កូវីដ​ ១៩ (SARS-CoV-2)​។

ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ១ ខែឧសភា ឆ្នាំនេះ​បានដាក់​ការហាមឃាត់​មិន​កំណត់​ពេលវេលា​មួយ​លើ​ការនាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេងទៀត ដែល​ចាត់ទុកថា ជា «​ហានិភ័យ​ខ្ពស់​» ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ ដោយសារ​តែ​រលក​វីរុស​កូរ៉ូណា​លើក​ទី​២ ​ដ៏គ្រោះថ្នាក់​នាពេល​កន្លងមក​នៅក្នុង​ប្រទេស​នេះ​។

ឥណ្ឌា គឺជា​ទីផ្សារ​ដ៏ធំ​មួយ​នៃ​ការផ្គត់ផ្គង់​សាច់​ក្របី និង​អាហារ​នានា ហើយ​ប្រទេស​កម្ពុជា​បាន​នាំចូល​សាច់​ក្របី​ពី​ប្រទេស​ឥណ្ឌា​ក្នុង​តម្លៃ ១៧,៧ លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង​ពី ៦,៤ លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ ២០១៩​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ភ្នំពេញ​៕

វីដេអូ៖