ភ្នំពេញៈ តម្លៃ​ពោតក្រហម​នៅ​ខេត្តបាត់ដំបង​នា​ដើមរដូវ​ប្រមូលផល​លើក​ទី​១ ឆ្នាំនេះ​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់ ប៉ុន្តែ​សម្រាប់​បរិមាណ​នាំចេញ​ផ្លូវ​ការដែល​បាន​កត់ត្រា គឺ​ធ្លាក់ចុះ​ខ្លះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង​។

ជា​រៀងរាល់ឆ្នាំ​ការប្រមូលផល​ពោតក្រហម​បានធ្វើ​ឡើង​ចំនួន ២ ​លើក ដោយ​លើក​ទី១​ ​ចាប់ពី​ដើមខែ​កក្កដា ដល់​ខែសីហា និង​លើក​ទី២ ចាប់ពី​ចុងខែ​តុលា ដល់​ខែកុម្ភៈ​។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង លោក គឹម ហួត បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២៦ ខែកក្កដា​ថា ទោះបី​ការប្រមូលផល​ពេលនេះ​ទើប​សម្រេចបាន​ចន្លោះ ១០-១៥ ​ភាគរយ ប៉ុន្តែ​លោក​សង្កេតឃើញថា តម្លៃ​ពោតក្រហម​ (​សើម​) ​នាពេលនេះ​បាន​កើន​ជាង ២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដោយមាន​តម្លៃ​ជា​មធ្យម ៧០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម កើន​ពី ៥៥០ ​រៀល​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

លោក​បន្តថា ជាធម្មតា​ពោតក្រហម​នៅ​ខេត្តបាត់ដំបង និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ​ប្រហែល ៨០ ​ភាគរយ​ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​យកទៅលក់​នៅ​ប្រទេស​ថៃ ខណៈ​សល់​បន្តិចបន្តួច​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​ (​ធ្វើ​ចំណី​សត្វ​)​។

លោក​ថ្លែងថា​៖ «​ពោតក្រហម​ឆ្នាំនេះ​មានតម្លៃ​ល្អ​ច្រើន​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន ប៉ុន្តែ​ការនាំចេញ​ផ្លូវការ​ទៅ​ប្រទេស​ថៃ ​ឆ្នាំនេះ​នឹង​អាច​ធ្លាក់ចុះ​ខ្លះ​»​។

បើតាម​លោក គឹម ហួត បញ្ហា​ប្រឈម​នៃ​ការនាំចេញ​ពេលនេះ គឺ​ដោយសារ​អាជ្ញាធរ​ថៃ​បាន​​រឹតបន្តឹង​នៅតាម​ព្រំដែន ដោយ​គេ​បាន​តម្រូវឱ្យ​មាន​ការបាញ់​សម្លាញ់​មេរោគ ព្រមទាំង​មាន​លក្ខខណ្ឌ​ភូតគាម​អនាម័យ​ជាច្រើន​ទៀត​។

លោក​អះអាងថា​៖ «​មកដល់​ម៉ោង​នេះ រាល់​ឆ្នាំ​យើង​នាំចេញ​តាម​ច្រក​គីឡូ​ ១៣ (​សំពៅលូន​) ប៉ុន្តែ​ពេលនេះ​ច្រក​នេះ​មិនអាច​នាំចេញ​បានទេ គឺ​ទាល់តែ​ខាង​ភូតគាម​អនាម័យ​បញ្ជាក់​ទើប​ខាង​ថៃ​គេ​យល់ព្រម​ឱ្យចូល​។ បើ​ប្រៀបធៀប​ការនាំចេញ​ក្នុង​ឆ្នាំនេះ អាច​នឹង​ធ្លាក់​ទាប​ជាង​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​នៃ​ការស្នើសុំ C.O»​។

ម្ចាស់​សៃឡូ​ (​កន្លែង​ប្រមូល​ទិញ​) ​នៅ​ស្រុក​សំពៅលូន ខេត្តបាត់ដំបង អ្នកស្រី ចាន់ មួយ បាន​ប្រាប់ថា តម្លៃ​ពោតក្រហម​ពេលនេះ​បាន​ឡើង​ខ្ពស់ជាង​ឆ្នាំមុន ពិសេស​ពោត​ស្ងួត​ដែល​ប្រឡេះ​គ្រាប់​រួច ដោយ​ក្នុងថ្ងៃនេះ​ (២៦ ខែកក្កដា​) គ្រាប់ពោត​ស្ងួត​មាន​តម្លៃ​ជា​មធ្យម ៩,៣ ​បាត​ (១ ១៥០ ​រៀល​) ​ក្នុង​​ ១ ​គីឡូក្រាម កើនឡើង​ពី​ប្រមាណ ៨,២ ​បាត​ (១ ០០០ ​រៀល​) នា​រដូវ​ប្រមូលផល​ឆ្នាំមុន ចំណែក​ពោត​សើម​មាន​តម្លៃ ៤,៧ ​បាត (៥៨០ ​រៀល​) កើន​ពី ៤ ​បាត​ (៥០០ ​រៀល​)​។ អ្នកស្រី​បន្តថា ដោយសារ​ការប្រមូលផល​មិនទាន់មាន​ច្រើន​ដូច្នេះ​អ្នកស្រី​មិនទាន់​ហ៊ាន​សន្និដ្ឋានថា តម្លៃនឹង​មានការ​ប្រែប្រួល​បែបណា​ទៀត​ទេ ព្រោះ​ប្រទេស​ថៃ​គឺជា​អ្នកកំណត់​ថ្លៃ​។

អ្នកស្រី​និយាយថា​៖ «​កសិករ​ដាំពោត​ឆ្នាំនេះ​ទទួលបាន​តម្លៃ​ខ្ពស់ជាង​ឆ្នាំមុន ប៉ុន្តែ​នេះ​គ្រាន់តែ​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ចំណែក​ការនាំ​ចេញទៅ​ប្រទេស​ថៃ​ក៏​មិនមាន​ឧបសគ្គ​អ្វី​ធ្ងន់ធ្ងរ​នោះទេ​»​។

លោក ហេង សិទ្ធិ មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​បាន​ឱ្យដឹងថា ក្នុង​ខេត្តបាត់ដំបង​នា​រដូវ​ប្រមូលផល​លើក​ទី​ ១ នេះ​ផ្ទៃដី​ដាំពោត​មាន​ចំនួន ៣៥ ២៩៧ ​ហិកតា ដោយ​ជាទូទៅ​ក្នុង​ ១ ​ហិកតា​ផ្តល់​ផល​ចន្លោះ​ពី​ ៤-៥ ​តោន ក្នុង​ ១ ​ឆ្នាំ (​ប្រមូលផល ២ ​ដង​ក្នុង​ ១ ​ឆ្នាំ​)​។ ការប្រមូលផល​ពោត លើក​ទី​ ១ ឆ្នាំ​ ២០២១ នេះ​យឺត ដោយសារ​មិនមាន​ទឹក​គ្រប់គ្រាន់​។ លោក​បន្ថែមថា សម្រាប់​ទិន្នផល​ឆ្នាំនេះ មន្ទីរ​កសិកម្ម​ខេត្ត​រំពឹងថា​នឹង​ទទួលបាន​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​។

ដោយឡែក លោក តូច សុខន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ ដែល​បច្ចុប្បន្ន​ទីនោះ​ការប្រមូលផល​ពោត​សម្រេចបាន​ប្រមាណ​ជិត​ពាក់កណ្តាល បាន​ប្រាប់ថា តម្លៃ​ពោតក្រហម​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ពេលនេះ​បាន​កើនឡើង​តិចតួច​ធៀប​ឆ្នាំមុន ដោយ​ពោត​ស្ងួត​មានតម្លៃ​មធ្យម ១ ២០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម ចំណែក​ពោត​សើម​ជាប់​ស្នូល​មាន​តម្លៃ​ពី ៨០០-៩០០ ​រៀល​។

លោក​អះអាង​ថា​៖ «​ទោះ​ខ្ញុំ​មិនមាន​តួលេខ​ផ្ទៃដី​ដាំដុះ​ពោត​ក្រហម​ក្នុង​ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​ខ្ញុំ​ដឹងថា សកម្មភាព​នៃ​ការដាំដុះ​បាន​កើន​ជា​បន្តបន្ទាប់ ខណៈ​វា​មានតម្លៃ​ល្អ​អាច​ទទួល​យក​បាន​សម្រាប់​អ្នក​ក្នុង​រយៈពេល​ជាប់​គ្នា ២-៣ ឆ្នាំ មកនេះ​»​។

លោក​ប្រាប់ទៀតថា ទិន្នផល​ពោតក្រហម​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ភាគច្រើន​ត្រូវបាន​នាំមក​ភ្នំពេញ (​រោងចក្រ​ផលិត​ចំណី​សត្វ​) ក្រៅពីនោះ​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្ត និង​នាំទៅ​ប្រទេស​វៀតណាម​។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​ដឹងថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​គ្រាប់ពោត​សរុប ១៤០ ៦៦៩,១៣ ​តោន​កើនឡើង ១៧៦,៤៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ក្នុងនោះ​នាំទៅ​វៀតណាម ៩៧ ៥៨០ ​តោន​, ថៃ ៤២ ៣៥០ ​តោន កោះ​តៃវ៉ាន់ ៦៧៦,១៣ ​តោន បង់ក្លាដែស ៤២ ​តោន និង​កូរ៉េ ២១ ​តោន​៕ LA