ភ្នំពេញៈ ខណៈ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កំពុង​ទទួល​ការពេញនិយម​ច្រើន ជាពិសេស​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​តាមរយៈ​ការចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​នោះ​មាន​សកម្មភាព​ចំនួន ៦ ​ប្រភេទ ​ត្រូវបាន​លើកលែង​សម្រាប់​ការចុះបញ្ជី​នេះ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។

ច្បាប់​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវ​បាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ដោយមាន​គោលបំណង​គ្រប់គ្រង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា និង​អន្តរជាតិ និង​ការផ្តល់​នូវ​ទំនុកចិត្ត​ដល់​សាធារណជន​ក្នុង​ការប្រើប្រាស់​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ក្នុង​ថ្ងៃទី​ ២៧ ខែកក្កដា​ថា អំឡុងពេល​នៃ​វិបត្តិ​ការឆ្លង​រាលដាល​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩ គេ​បាន​សង្កេតឃើញ​សកម្មភាព​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​រីក​លូតលាស់​ជា​លំដាប់ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

លោក​បាន​បន្តថា ការចុះបញ្ជី​តាមច្បាប់​កំណត់​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ទាំង​ម្ចាស់​អាជីវកម្ម​ (​កិត្តិនាម​ល្អ​) ទំនុកចិត្ត​អ្នកប្រើប្រាស់ និង​រដ្ឋាភិបាល​ (​ចំណូល​ពន្ធ​)​។

លោក​បន្ថែមទៀត​ថា​៖ «​ការចុះបញ្ជី​ត្រឹមត្រូវ​នឹង​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​ម្ចាស់​អាជីវកម្ម​(​សហគ្រាស​/​ក្រុមហ៊ុន​) ក៏​ដូចជា​ផលិតផល​របស់ខ្លួន​ដែល​ដាក់តាំង​លក់ ទទួលបាន​កេរ្តិ៍ឈ្មោះ​ពាណិជ្ជកម្ម​ល្អ (Trade Name) ក៏ដូចជា​បញ្ជាក់​ពី​ភាពស្មោះត្រង់​ទាំង​ការផ្តល់សេវា និង​គុណភាព​ទំនិញ​ផងដែរ​»​។

ជាមួយ​នឹង​ការតម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មក​ចុះបញ្ជី​នេះ ច្បាប់​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក៏បាន​លើកលែង​ការចុះបញ្ជី​សម្រាប់​ប្រភេទ​សកម្មភាព​មួយចំនួន​ផងដែរ​។

លោក សុវិជាតិ លើកឡើងថា ដើម្បី​ជួយ​សម្រួល​លក់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យ​មាន​ភាពបត់បែន និង​សម្រួល​ដល់​ការធ្វើ​អាជីវកម្ម​ដែល​មិនមាន​លក្ខណៈ​ផ្លូវការ និង​អចិន្ត្រៃយ៍​នោះ ច្បាប់​នេះ​ក៏បាន​លើកលែង​សម្រាប់​ការចុះបញ្ជី​នូវ​ប្រភេទ​សកម្មភាព​មួយចំនួន​ដូចជា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេឡិចត្រូនិក​អំពី​ទំនិញ ឬ​សេវា​ដែល​មិន​បង្កើតជា​សំណើ​នៃ​កិច្ចសន្យា​ (​គ្រាន់តែ​ផ្សព្វផ្សាយ​ដោយ​មិនបាន​ប្រកាស​តម្លៃ​ផលិតផល និង​ត្រូវ​ប្រាកដថា​មិនមាន​ការផ្ដល់សេវា​ទិញ-លក់​), ការ​កក់​បម្រុង​ទុក​នូវ​សេវា​ដែល​មិនមាន​ការកក់ប្រាក់​ (​ការផ្ដល់​ព័ត៌មាន​ផ្សេងៗ​ដល់​អតិថិជន ឬ​អ្នកប្រើប្រាស់​ក្នុងន័យ​ជា​ការជជែក​គ្នា​ដោយ​មិនបង្កើត​សំណើ​កិច្ចសន្យា​ទិញ​-​លក់​), និង​ការលក់ទំនិញ ឬ​សេវា​របស់​រូបវន្តបុគ្គល ដែលមាន​ផល​របប​ក្រោម​កម្រិត​ផល​របប​ជា​អ្នក​ជាប់ពន្ធ​តូច​។

ចំណុច​ផ្សេងៗ​ទៀត​រួមមាន ការលក់ទំនិញ ឬ​ផ្ដល់​សេវា​លក្ខណៈ​គ្រួសារ​តាម​រដូវកាល និង​មិនមាន​លក្ខណៈ​អចិន្ត្រៃយ៍​ (​ការផ្សាយ​នៅលើ​បណ្ដាញ​សង្គម​ពី​ការលក់​ផលិតផល​កសិផល​តាម​រដូវ​កាល​), ការលក់ទំនិញ​ជា​ស្នាដៃ​សិល្បៈ​ (​ស្នាដៃ​គំនូរ និង​សិល្បៈ​), និង​ការផ្តល់សេវា​ការបង្ហាត់បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​លក្ខណៈ​ឯកជន ឬ​ការបង្ហាត់បង្រៀន ជា​សិក្ខាសាលា ជាដើម​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជានិយាយ​ថា ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការគ្រប់គ្រង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក៏ដូចជា​ជួយ​ទប់ស្កាត់​វិវាទ​ផ្សេងៗ​ពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ផងដែរ​។

បើតាម​លោក សុវិជាតិ ដោយសារ​ពេលនេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ផ្សព្វផ្សាយ ក្រសួង​ពាណិជ្ជកម្ម​នៅ​មិនទាន់​បានទទួល​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​នៅឡើយ​ទេ​។

ជាមួយ​នឹង​ការអភិវឌ្ឍ​ដ៏ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ប្រទេស​កម្ពុជា​ ទទួលបាន​ចំណូល​ជិត​កន្លះ​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​អាជីវកម្ម​បចេ្ចកវិទ្យា និង​ឌីជីថល​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​បំផុត​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ចេញផ្សាយ​កាលពី​ចុងខែ​ឧសភា​។

របាយការណ៍​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​ ២០២១ របស់ ADB អំពី​ «​ការធ្វើឱ្យ​ដំណើរការ​វេទិកា​ឌីជីថល​សម្រាប់​អាស៊ី​» បាន​បង្ហាញថា ប្រាក់ចំណូល​ឌីជីថល​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩ មាន​ចំនួន​សរុប ៤៧០ ​លាន​ដុល្លារ​។

បើ​គិត​តាម​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក គឺមាន​ចំនួន ២៧,៦ ​ភាគរយ សេវាកម្ម​អេឡិចត្រូនិក ៧,៨ ​ភាគរយ ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល មាន​ ១០,២ ​ភាគរយ បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ (AdTech) មាន ១២,៧ ​ភាគរយ ការដឹកជញ្ជូន ៣,៨ ​ភាគរយ និង​ការធ្វើដំណើរ​អនឡាញ​មាន​ចំនួន​ ៣៧,៩ ​ភាគរយ​៕ LA