ភ្នំពេញៈ Hennes & Mauritz AB (H&M) ដែលជា​ក្រុមហ៊ុន​លក់រាយ​សម្លៀកបំពាក់​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត នឹង​បើកហាង​លើកដំបូង​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំក្រោយ ដែល​នេះ​ជា​ផែនការ​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅក្នុង​តំបន់ ខណៈ​ទីផ្សារ​ជាច្រើន​បានចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​បន្ទាប់ពី​មានការ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ បាន​យ៉ាង​រហ័ស​។

របាយការណ៍​ប្រចាំ​ឆមាស​ទី​ ១ របស់​ក្រុមហ៊ុន​ឱ្យដឹងថា ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ទីផ្សារ​ថ្មី​របស់ខ្លួន​តាមរយៈ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ក្នុង​ឆ្នាំ​ ២០២២​។

លោកស្រី Helena Helmersson អគ្គនាយក​ក្រុមហ៊ុន H&M បាន​ថ្លែងថា​៖ «​ជាមួយ​នឹង​ម៉ូដ​សម្លៀកបំពាក់​សម័យ​ថ្មី​របស់​យើង ការផ្លាស់ប្តូរ​ជាបន្តបន្ទាប់​របស់​យើង និង​ការពិត​ដែលថា​ទីផ្សារ​ជាច្រើន​បាន​ចាប់​បើក​ដំណើរការ​ឡើង​វិញ​ជា​បណ្ដើរៗ ព្រមជាមួយ​នឹង​ការស្ទុះ​ងើបឡើង​វិញ​របស់​យើង គឺ​មាន​ភាពរឹងមាំ​។ ការលក់​តាម​អនឡាញ​បាន​បន្ត​អភិវឌ្ឍ​យ៉ាង​ល្អប្រសើរ ទោះបីជា​ហាង​លក់​ផ្ទាល់​ជាច្រើន​បាន​បើក​ដំណើរការ​ដែល​នេះ​បង្ហាញថា​អតិថិជន​ពេញចិត្ត​នឹង​ម៉ូដ​សម័យថ្មី និង​អាច​ទិញ​តាមរយៈ​បណ្ដាញ​ដែល​ពួកគេ​ចូលចិត្ត​»​។

លោកស្រី​បានលើកឡើង​ថា ដោយសារ​តែ​ប្រជាជន​កាន់តែ​ច្រើនឡើងៗ​បាន​ចាក់​វ៉ាក់សាំង និង​ការរឹតបន្តឹង​ត្រូវបាន​បន្ធូរបន្ថយ ពិភពលោក​កំពុងបើក​ដំណើរការ​ឡើងវិញ​ជា​បណ្ដើរៗ​ហើយ​។ ជាថ្មី​ម្ដងទៀត​អតិថិជន​អាច​ចូល​មើល​ហាង​លក់​របស់ខ្លួន​បាន​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​ដោយមាន​ការរួមបញ្ចូល​គ្នា​នៃ​ម៉ូដ​ទាន់សម័យ​ដែលមាន​ការពេញចិត្ត ការសម្រប​ខ្លួន​យ៉ាង​រហ័ស និង​ការកែលម្អ​បន្ថែមទៀត ការស្ទុះ​ងើបឡើង​វិញ​របស់​យើង​នឹងមាន​ភាពរឹងមាំ​។ ទោះបី​ការរឹតបន្តឹង​មាន​ជា​បន្ត​ក៏​ការ​លក់បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ត្រីមាស​ទី​ ៣ បានចាប់ផ្ដើម​ដំណើរការ​ល្អប្រសើរ ហើយ​យើង​ជិត​ត្រឡប់​ទៅរក​កម្រិត​ដូច​មុនពេល ការរីករាលដាល​កូវីដ​ ១៩»​។

លោកស្រី​បន្តថា​៖ «​ខ្ញុំ​មាន​មោទនភាព​លើ​ការប្ដេជ្ញាចិត្ត និង​ការជំរុញ​របស់​សហការី​ក្នុងអំឡុងពេល​ដ៏ពិបាក​នេះ​។ វិបត្តិ​នេះ​ធ្វើឱ្យ​យើង​កាន់តែ​រឹងមាំ​។ មេរៀន​ដែល​យើង​បាន​រៀនសូត្រ​កំពុង​ជំរុញ​ឱ្យ​យើង​កាន់តែ​ល្អប្រសើរ និង​កាន់តែ​លឿន​ជាមុន​នៅក្នុង​ទីផ្សារ​នូវ​ឱកាស​ថ្មីៗ​ច្រើន​បំផុត ហើយ​យើង​មាន​សុទិដ្ឋិនិយម​អំពី​អនាគត​»​។

លោក ខេន លូ អគ្គលេខាធិការ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន H&M គឺជា​អ្នកគាំទ្រ​រយៈពេល​វែង​នៃ​ឧស្សាហកម្ម​កាត់ដេរ​ដែល​នាំមុខ​ដោយ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា ហើយ​នឹង​បន្ត​គាំទ្រ​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​ទៀត ដរាបណា​កម្ពុជា​អាច​រក្សា និង​បង្កើន​សមត្ថភាព​របស់​ខ្លួន​បាន​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ក្រុមហ៊ុន​ផលិត​មាន​កិច្ចសន្យា​យីហោ ប្រទេស​កម្ពុជា​បានផ្ដល់​ប្រភព​ទិសដៅ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ហាង​លក់​ទូទាំង​ពិភពលោក​ទាក់ទង​នឹង​អនុលោមភាព​ការងារ​»​។

លោក​បន្តថា​៖ «​ការបើក​ហាង​លក់​នៅ​ប្រទេស​កម្ពុជា វា​នឹង​ផ្ដល់​សញ្ញា​កំណើន​សេដ្ឋកិច្ច​ដ៏រឹងមាំ​ជាមួយ​នឹង​ការប្រើប្រាស់​ក្នុងស្រុក​កើនឡើង​។ វា​ក៏​នឹង​ជួយ​កែលម្អ​លក្ខណៈ​ម៉ូដ​ទាន់សម័យ​នៅ​កម្ពុជា ជាពិសេស​សម្រាប់​យុវវ័យ​ជំនាន់​ថ្មី​»​។

ចាប់ពី​ថ្ងៃទី​ ១ ខែមីនា ដល់​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ​ ២០២១ ការលក់​របស់​ក្រុមហ៊ុន H&M បាន​កើនឡើង ៧៥ ​ភាគរយ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក​ (Krona របស់​ស៊ុយអែត​) ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ការលក់​ក្នុងអំឡុង​ពេល​ចាប់ពី​ថ្ងៃ​ទី​ ១ ​ដល់​ ១៣ ខែមិថុនា ឆ្នាំ​ ២០២១ បាន​កើន ៣៥ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ និង ២ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។ ទីផ្សារ​ភាគច្រើន​របស់ H&M កំពុងស្ថិត​នៅក្រោម​ការរឹតបន្តឹង ហើយ​កាលពី​ថ្ងៃទី​ ១៣ ខែ​មុន​ហាង​លក់​ប្រហែល ១៨០ ត្រូវបាន​បិទ​ដំណើរការ​ជា​បណ្ដោះអាសន្ន​។ ហាង​លក់​ទាំង ៥០ នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​បិទ​ដំណើរការ​កាលពី​ដើមខែ​នេះ​។ នេះ​បើតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់ H&M៕ LA