ភ្នំពេញៈ កម្ពុជា​បាន​រកឃើញ​សាច់​ក្របី​បង្កក​ចំនួន ៣ កុងតឺន័រ​នាំចូល​ពី​ប្រទេស​ឥណ្ឌា​ មាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩ នឹងត្រូវ​ដុត​កម្ទេចចោល​ឆាប់ៗ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

លិខិត​ចុះហត្ថលេខា​ដោយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា នា​ថ្ងៃទី​ ២១ ខែកក្កដា ឱ្យដឹងថា​សាច់​ក្របី​បង្កក​ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា​ហើយ​កំពុង​ស្ថិតនៅក្នុង​ទីលាន​ផែស្ងួត​ត្រីកូដ ដ្រាយផត មាន វិជ្ជមាន​វីរុស SARS-CoV-2​។

អនុលោម​តាម​ប្រការ​ ២ នៃ​ប្រកាស​លេខ ៣០៤ សហវ.ប្រក គណៈកម្មការ​ចំពោះ​កិច្ច​មាន​ភារកិច្ច​ចាត់វិធានការ​កម្ទេចចោល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ផ្សេងទៀត​ដែល​បាន​រកឃើញ​មាន​វីរុស​កូវីដ​ ១៩​។

លិខិត​នេះ​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ក្នុងនាម​គណៈកម្មការ​ចំពោះ​កិច្ច ខ្ញុំ​ស្នើ​លោក​ប្រធាន​ក្រុមហ៊ុន​ចូលរួម​ជាមួយ​ក្រុមការងារ​ចម្រុះ ដើម្បី​ចាត់​វិធានការ​កម្ទេច​ចោល​សាច់​ក្របី​បង្កក​ផ្ទុក​ក្នុង​កុងតឺន័រ​ដែល​បាន​រកឃើញ​វីរុស​កូវីដ​ ១៩ តាម​នីតិវិធី​ជា​ធរមាន​នាពេល​ដ៏ខ្លី​ខាងមុខ​នេះ​»​។

ការសម្រេច​ដុត​កម្ទេច​សាច់​ក្របី​បង្កក​នេះ​ត្រូវធ្វើ​ឡើង​តាម​លិខិត​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ១៩ ខែកក្កដា ដែល​បាន​រកឃើញថា សាច់​ក្របី​បង្កក​ចំនួន​ ៣ ​កុងតឺន័រ​ក្នុងចំណោម ៥ កុងតឺន័រ​នាំចូល​ពី​ប្រទេស​ឥណ្ឌា​ ដោយ​ក្រុមហ៊ុន បូវីនី ហ្វូដ ឯក និង​ក្រុមហ៊ុន អើស្ពារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯក មាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩ (SARS-CoV-2)​។

ជាមួយ​គ្នា​នេះ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​ ២៧ ខែកក្កដា បានចេញ​លិខិត​មួយ​ដោយបាន​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើតេស្ដ​ឡើងវិញ​ទៅលើ​សំណាក​សាច់​ក្របី​ស្រស់​ដែល​បញ្ជាក់​វិជ្ជមាន​វីរុស SARS-CoV-2​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹងថា ក្រុមហ៊ុន​នាំចេញ​ ២ ​របស់​ប្រទេស​ឥណ្ឌា​ ទទួល​បាន​សំណាក​ដែល​រក្សាទុក​បាន​ធ្វើ​តេស្ដ​នៅ​មន្ទីរពិសោធន៍​ដែល​ទទួលស្គាល់​ដោយ ISO 17025 នៅ​ប្រទេស​ឥណ្ឌា ហើយ​សាច់​ទាំងអស់​ត្រូវបាន​រកឃើញ​អវិជ្ជមាន​វីរុស SARS-COV-2​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​តាម​ទស្សនៈ​ដែល​ហាក់​យល់​ខុសគ្នា​រវាង​ឥណ្ឌា និង​កម្ពុជា ដោយសារ​តែ​ក្រុមហ៊ុន​នាំចេញ​របស់​ប្រទេស​ឥណ្ឌា តាមរយៈ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន​នាំចូល​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​ស្នើ​ក្រសួង​សុខាភិបាល និង​គណៈកម្មការ​ចំពោះ​កិច្ច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូវីដ​ ១៩ ធ្វើតេស្ដ​ជាថ្មី​នៃ​សំណាក​ស្រស់​ពី​កុងតឺន័រ​ដដែល​ ដើម្បី​បញ្ជាក់​ជាថ្មី​ពី​លទ្ធផល​នៃ​ការធ្វើ​តេស្ដ ប្រសិនបើ​អាចធ្វើ​បាន​នៅ​មន្ទីរពិសោធន៍​ទំនើប​នៅ​ប្រទេស​សិង្ហបុរី​»​។

«​ការរកឃើញ​ហ្សែន ប្រសិនបើ​មាន មិនមែន​ជា​ការចង្អុលបង្ហាញ​នៃ​ការឆ្លង​សកម្ម​នោះទេ​ចាប់តាំងពី​កុងតឺន័រ​ទាំងនេះ​បាន​ចាកចេញ​ពី​ប្រទេស​ឥណ្ឌា​កាលពី​ខែមេសា ឆ្នាំ​ ២០២១ ហើយ​បាន​មកដល់​កម្ពុជា​កាលពី​ខែកក្កដា ឆ្នាំ​ ២០២១»​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានបញ្ជាក់​ទៀតថា មិនមាន​ភ័ស្ដុតាង​វិទ្យាសាស្ដ្រ​ណា​បង្ហាញ​ថា វីរុស​ជំងឺ​កូវីដ​ ១៩ អាច​រស់​នៅលើ​អាហារ និង​សម្ភារ​វេចខ្ចប់​អាហារ​ក្នុង​រយៈពេល​ជិត ៣ ​ខែ​នោះទេ​។ កូវីដ​ ១៩ គឺជា​ជំងឺ​ផ្លូវដង្ហើម​ឆ្លង​តាមរយៈ​ការប៉ះពាល់​រវាង​មនុស្ស-មនុស្ស​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស កាលពី​ថ្ងៃទី​ ២៤ ខែកក្កដា បាន​ណែនាំ​ទៅ​ដល់​សាធារណជន​ទាំងអស់​សូមឱ្យ​រៀបចំ និង​ទុកដាក់​ចំណីអាហារ​ក្នុង​បរិបទ​ជំងឺ​កូវីដ​ដើម្បី​ឱ្យ​បុគ្គល​មាន​សុខភាព​ល្អ ចៀស​ផុតពី​បញ្ហា​សុខភាព បណ្តាល​មកពី​ការឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​កូវីដ​ ១៩ ការពុល​អាហារ និង​ការពុល​ស្រា​។

លោកស្រី​បន្ត​លើកឡើង​ថា បញ្ហា​សុខភាព​បណ្តាល​មកពី​ចំណីអាហារ បង្កឡើង​តាមរយៈ​ការប៉ះពាល់ ការទទួល​ទាន​ចំណីអាហារ ឬ​ទឹក​កខ្វក់ ដែលមាន​មេរោគ​បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ​សារធាតុគីមី​ក្នុង​នោះ​ក៏​អាចមាន​វីរុស​កូវីដ​ ១៩ ​ផងដែរ​។

លោក​លើកឡើង​ថា​៖ «​មាន​ការសិក្សា​ខ្លះ​បាន​បង្ហាញថា មាន​វីរុស​កូវីដ​ ១៩ អាច​នៅរស់​នៅលើ​អាហារ​កកៗ​ដែរ បើទោះបី​វីរុស​កូវីដ​ ១៩ មិនអាច​បង្កើត​កូនចៅ​ក្នុង​ចំណីអាហារ​បាន​ក៏ដោយ​។ ក្នុងន័យនេះ ក្រសួង​សុខាភិបាល​សូម​ជម្រាបជូន​ថា បុគ្គល​អាច​មិន​ឆ្លង​វីរុស​កូវីដ​ ១៩ ពី​ចំណីអាហារ ឬ​ពី​អាហារ​វេចខ្ចប់ ប្រសិន​បើ​បាន​អនុវត្ត​វិធានការ​អនាម័យ​ចំណីអាហារ​ឱ្យបាន​ជាប់​ជានិច្ច​»​។

ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១ ខែឧសភា ឆ្នាំនេះ​បាន​ដាក់​ការហាមឃាត់​មិន​កំណត់ពេល​លើ​ការនាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេងទៀត ដែល​ចាត់ទុក​ថា​មាន​ «​ហានិភ័យ​ខ្ពស់​» ដែលមាន​ប្រភព​ពី​ប្រទេស​ឥណ្ឌា ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដោយសារ​រលក​លើក​ទី​២ ដ៏គ្រោះថ្នាក់​នាពេល​កន្លងមក​នៅក្នុង​ប្រទេស​ ១ ​នេះ​។

ឥណ្ឌា គឺជា​ទីផ្សារ​ដ៏ធំ​មួយ​នៃ​ការផ្គត់ផ្គង់​សាច់​ក្របី និង​អាហារ​នានា ហើយ​ប្រទេស​កម្ពុជា​បាន​នាំចូល​សាច់​ក្របី​ពី​ឥណ្ឌា ក្នុងតម្លៃ ១៧,៧ ​លាន​ដុល្លារ កាលពី​ឆ្នាំមុន កើន​ពី ៦,៤ ​លាន​ដុល្លារ​ធៀប​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ភ្នំពេញ​៕ LA