ភ្នំពេញៈ ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​ក្នុងស្រុក និង​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង​ ១៤ ​ភាគរយ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំនេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ចរាចរណ៍​ក្រុមហ៊ុន​ Cambodia Airports​។

លោក ខែក នរិន្ទដា នាយក​ផ្នែក​ទូរគមនាគមន៍ និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុន Cambodia Airports បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការដឹក​ជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​បង្ហាញ​កំណើន​នេះ គឺ​ដោយសារ​មាន​កត្តា​មួយចំនួន​ដូចជា នៅ​ប្រទេស​ជិតខាង​កម្ពុជា​ត្រូវបាន​បិទខ្ទប់ និង​ការកកស្ទះ​នៅតាម​កំពង់ផែ​សមុទ្រ ដែល​ជំរុញ​ឱ្យ​ការដឹកជញ្ជូន​មួយចំនួន​ចាំបាច់​ត្រូវធ្វើឡើង​តាមផ្លូវ​អាកាស​។

លោក​បាន​កត់សម្គាល់ថា ការបើក​ដំណើរការ​ឡើងវិញ​នៃ​រោងចក្រ​នានា​នៅ​ភ្នំពេញ​បន្ទាប់ពី​កម្មករ​ភាគច្រើន​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ព្រម​ជាមួយ​នឹង​ពេលវេលា​នៃ​ការឈប់​សម្រាក​នៅ​អឺរ៉ុប និង​អាមេរិក​ក៏​បាន​ជំរុញ​ឱ្យ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​ពី​ភ្នំពេញ​ទៅ​គោលដៅ​នានា​បាន​កើនឡើង​។

លោក​បាន​ឱ្យដឹងទៀតថា កំណើន​នៃ​ការដឹកជញ្ជូន​មានការ​កើនឡើង​ខ្លាំង​គួរឱ្យ​កត់សម្គាល់​ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា​ដល់ពេលនេះ​(​ថ្ងៃ​ ២៦ កក្កដា​) ដោយ​ទិសដៅ​អាមេរិក កើនឡើង​ ៤១ ​ភាគរយ អឺរ៉ុប​ ៣៨ ​ភាគរយ និង​អាស៊ី​​ ២១ ​ភាគរយ​។

លោក​បាន​ថ្លែងថា​៖ «​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ក៏មាន​សារៈសំខាន់​សម្រាប់​ការដោះស្រាយ​ការដឹកជញ្ជូន​វ៉ាក់សាំង​ផងដែរ​។ ក្រុមការងារ​យើង​មាន​មោទនភាព​ខ្លាំង​បំផុត ព្រោះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ថ្នាក់ជាតិ ដើម្បី​ប្រឆាំងនឹង​ការរីករាលដាល​ជំងឺ​កូវីដ ​១៩»​។

លោក ម៉ាក់ នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​ (CPSF) បាន​កត់សម្គាល់ថា តម្លៃ​ដឹកជញ្ជូន​កើនឡើង​ខ្ពស់​ក្នុងអំឡុង​ពេលនេះ​។ លោក​ថ្លែងថា​៖ «​សមាជិក​របស់​យើង​គ្រោង​នឹង​នាំចេញ​ផលិតផល​ម្រេច​ជាច្រើន​តោន​នៅ​ឆ្នាំនេះ ប៉ុន្តែ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ការកើនឡើង​តម្លៃ​ដឹកជញ្ជូន​អន្តរជាតិ ដែល​កើន​ប្រមាណ ៣​ ដង​»​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) កាលពីដើម​ខែកក្កដា បាន​ឱ្យ​ដឹងថា វិស័យ​ស្រូវ​អង្ករ​កម្ពុជា​កំពុង​ស្វែងរក​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​ទិសដៅ​នាំចេញ ដោយ​ងាក​មក​ផ្ដោត​កាន់តែខ្លាំង​លើ​ទីផ្សារ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​អាស៊ាន ខណៈ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​កំពុង​ជួបនឹង​បញ្ហា​ប្រឈម​ដែល​បណ្តាល​មកពី​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​កើន​ខ្ពស់​ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកនេះ​។

នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ បរិមាណ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​បាន​ធ្លាក់ចុះ ២៩,៤៧ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើ​យោងតាម CRF​។

លោក​បញ្ជាក់ថា​៖ «​ដំណោះស្រាយ​ធំ​បន្ទាប់​» គឺ​ការជួយ និង​គាំទ្រ​រោង​ម៉ាស៊ីនកិនស្រូវ​ជាមួយនឹង​ទុន ដើម្បី​ធានា​ទិញស្រូវ​ស្តុក​គ្រប់គ្រាន់ សម្រាប់​ការនាំចេញ​នៅ​ឆមាស​ទី​ ២ ​ឆ្នាំ​នេះ នៅពេល​ដែល​វិបត្តិ​កង្វះ​ទូ​កុងតឺន័រ​ដឹកជញ្ជូន​ទំនិញ​ពិភពលោក​ត្រូវ​រំពឹងថា នឹងមាន​ភាពប្រក្រតី​ឡើងវិញ​។

លោក​លើកឡើងថា​៖ «​ចំណែក​ការដឹកជញ្ជូន​តាម​សមុទ្រ សហព័ន្ធ​សង្ឃឹមថា នឹង​ស្វែងរក​ដំណោះស្រាយ​សមស្រប​មួយ​ចំពោះ​វិបត្តិ​ការដឹកជញ្ជូន ខណៈ​បណ្ដា​ប្រទេស​សំខាន់ៗ​នៅ​ជុំវិញ​ពិភពលោក​ចាប់ផ្ដើម​ចាត់វិធានការ​ឆ្ពោះទៅរក​ដំណោះស្រាយ​មួយ​»​។

ការចរាចរ​ទំនិញ​តាមផ្លូវ​អាកាស​តាមរយៈ​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង ៣ របស់​ប្រទេស​កម្ពុជា បាន​ធ្លាក់ចុះ ២៩,៩ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២០ ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ក្រុមហ៊ុន​ Cambodia Airports ៕LA