ភ្នំពេញៈ ទោះបីជា​មាន​ការវិនិយោគ និង​ការកែលម្អ​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំថ្មីៗ​នេះ ក៏​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប្រទេស​កម្ពុជា​គឺ​នៅតែ​មិនទាន់​គ្រប់លក្ខណៈ​ទាំង​បរិមាណ និង​គុណភាព។

ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​គឺមាន​ភាពចាំបាច់​ដើម្បី​កាត់បន្ថយ​តម្លៃ​ឡូជីស្ទិក ដែលមាន​កម្រិត​ខ្ពស់ បើ​ធៀប​ទៅនឹង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត។ នេះ​បើតាម​ការសិក្សា​ថ្មី​ដោយ​អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង។

របាយការណ៍​ពី​ការត្រួតពិនិត្យ​វាយតម្លៃ​ការប្រកួតប្រជែង​របស់ OECD «វិស័យ​ឡូជីស្ទិក​នៅ​ប្រទេស​កម្ពុជា» ចេញផ្សាយ​កាលពី​ថ្ងៃទី ២៨ ខែកក្កដា បាន​បង្ហាញ​ពី​ភាពស្រដៀង​គ្នា​នឹង​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត​ដែរ ដោយ​កម្ពុជា​កំពុងតែ​រង​ផលប៉ះពាល់​ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ១៩។ ការរីក​រាលដាល​នេះ​បាន​បណ្ដាល​ឱ្យមាន​ការរំខាន​ដល់​ចង្វាក់​ផ្គត់ផ្គង់ និង​កម្រិត​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ។ ក្រុមហ៊ុន​ឡូជីស្ទិក​បាន​ទទួលរង​ផលប៉ះពាល់​ ដោយ​ឧបសគ្គ​ប្រតិបត្តិការ និង​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ។

យោងតាម​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​ប្រហែល ១០-១៥ ភាគរយ​នៃ​ក្រុមហ៊ុន​ផ្ដល់​សេវា​ឡូជីស្ទិក​កំពុង​ឆ្ពោះទៅរក​ការក្ស័យធន​គិត​ត្រឹម​ខែមិថុនា ឆ្នាំ ២០២១។

បើ​យោងតាម OECD ផលិតផល​ក្នុងស្រុក​សរុប (GDP) បាន​ពី​វិស័យ​ដឹកជញ្ជូន និង​ស្ដុក​ទំនិញ​មាន ៨ ៦១៨ ពាន់​លាន​រៀល (២,១ ពាន់​លាន​ដុល្លារ) កាលពី​ឆ្នាំ ២០១៩ និង​បន្ត​កើនឡើង​ជា​បន្តបន្ទាប់។ វិស័យ​ដឹកជញ្ជូន និង​ស្ដុក​តំណាង​ឱ្យ ៧,៨ ភាគរយ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា។

កាលពី​ឆ្នាំ ២០១៨ តម្លៃ​ឡូជីស្ទិក​លើ​ការលក់​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប៉ាន់ប្រមាណ​នៅក្នុង​ចំនួន ២០,៥ ភាគរយ (ដឹកជញ្ជូន ៩,០ ភាគរយ, ឃ្លាំង​ស្ដុក ៣,៧ ភាគរយ, ស្ដុក ៦ ភាគរយ និង​រដ្ឋបាល​ឡូជីស្ទិក ១,៩ ភាគរយ)។

«តម្លៃ​ឡូជីស្ទិក​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​បើ​ធៀប​ទៅនឹង​បណ្ដា​ប្រទេស​អាស៊ាន​មួយចំនួន​ដូចជា​វៀតណាម និង​ថៃ ហើយ​បើ​ធៀប​ទៅនឹង​ពិភពលោក​ជា​មធ្យម​ពី ១០ ទៅ ១២ ភាគរយ។ ទោះយ៉ាងណា តម្លៃ​នេះ​ទាប​ជាង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន​ផ្សេងទៀត​ដូចជា​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី»។ នេះ​បើ​យោងតាម OECD។

លោកស្រី ចម និមល រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី ១៣ ខែកក្កដា​ បានឱ្យ​ដឹងថា ការបិទ​ព្រំដែន​ដែល​ជាប់ទាក់ទង​នឹង​កូវីដ ១៩ ការរឹតបន្តឹង​ការធ្វើ​ដំណើរ និង​វិធាន​ពាណិជ្ជកម្ម​ផ្សេងទៀត​កំពុងតែ​រារាំង​ដល់​ដំណើរការ​ធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច និង​ថា រដ្ឋ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​ជូនដំណឹង​អំពី​ឧបសគ្គ​បច្ចេកទេស​ចំនួន ១០៦ ចំពោះ​ពាណិជ្ជកម្ម (TBT) និង​វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ (SPS) ចំនួន ៦៥ ទៅ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំមុន។

លោកស្រី​ថ្លែងថា៖ «វិធានការ​ទាំងនេះ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការដឹកជញ្ជូន​ទំនិញ​តាម​សមុទ្រ ផ្លូវគោក និង​អាកាស ដែល​បន្ថយល្បឿន​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក និង​បណ្ដាល​ឱ្យ​ពាណិជ្ជកម្ម​លើ​ពិភពលោក​កាលពី​ឆ្នាំ ២០២០ ធ្លាក់ចុះ ៥,៣ ភាគរយ»។

ទាក់ទង​បញ្ហា​គុណភាព​បទប្បញ្ញត្តិ​សម្រាប់​ការប្រកួត​ប្រជែង OECD បាន​ចង្អុលបង្ហាញ​ថា ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​ច្បាស់លាស់ និង​ការអាច​ចូល​ដំណើរ​បាន​ងាយស្រួល គឺ​មាន​សារៈសំខាន់​សម្រាប់​ក្រុមហ៊ុន​ថ្មី ដែល​មិនចាំបាច់​ស្គាល់​ច្បាស់​អំពី​ក្របខ័ណ្ឌ​ច្បាប់​ជាតិ​នោះទេ ហើយ​សម្រាប់​ដៃគូ​ប្រកួតប្រជែង​តូចៗ ដែល​តម្លៃ​អនុលោម និង​បន្ទុក​រដ្ឋបាល​មាន​សារៈ​សំខាន់​ជាង​ក្រុមហ៊ុន​ធំ។

OECD បានផ្ដល់​អនុសាសន៍​ថា៖ «ដើម្បី​កែលម្អ​គុណភាព​បទប្បញ្ញត្តិ OECD ទទួល​ស្គាល់​តម្រូវការ​សម្រាប់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​កម្មវិធី​គ្រប់​ជ្រុងជ្រោយ ដែល​រួមមាន ការត្រួតពិនិត្យ​ឡើងវិញ​បទប្បញ្ញត្តិ​ដែលមាន​ស្រាប់​ជា​ប្រព័ន្ធ ដើម្បី​ធានា​ឱ្យ​ប្រាកដ​នូវ​ប្រសិទ្ធភាព និង​ស័ក្តិសិទិ្ធភាព និង​ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​បទប្បញ្ញត្តិ​សម្រាប់​ពលរដ្ឋ និង​អាជីវកម្ម, ការបញ្ចូល​ការវាយតម្លៃ​ផលប៉ះពាល់​នៃ​បទប្បញ្ញត្តិ (RIA) ក្នុង​ដំណើរការ​សម្រាប់​ការបង្កើត​សំណើ​បទប្បញ្ញត្តិ​ថ្មី និង​ការប្រើប្រាស់​ឱកាស​នៃ​បច្ចេកវិទ្យា​ព័ត៌មាន និង​ការិយាល័យ​ច្រកចេញ ចូល​តែមួយ​សម្រាប់​អាជ្ញាប័ណ្ណ លិខិត​អនុញ្ញាត និង​លក្ខខណ្ឌ​តម្រូវ​នីតិវិធី​ផ្សេងទៀត»។

កាលពី​ឆ្នាំ ២០១៨ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី ៩៨ ក្នុង​ចំណោម​ប្រទេស ១៦០ ក្នុង​សន្ទស្សន៍​ប្រតិបត្តិការ​ឡូជីស្ទិក​ធ្លាក់ចុះ​ពី ៧៣ កាលពី​ឆ្នាំ ២០១៦។ នេះ​បើ​យោងតាម OECD៕ LA