ភ្នំពេញៈ ក្រុមហ៊ុន ប្រាយម៍ រ៉ូដ អលថឺណេធីវ ខេមបូឌា ឯក (Prime Road Alternative Co., Ltd) នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​អនុភាព ៦០ មេហ្គាវ៉ាត់​ ដែលមាន​តម្លៃ​ជាង ៣៧ លាន​ដុល្លារ​ នៅក្នុង​ខេត្តកំពង់ឆ្នាំង​នាពេល​ឆាប់ៗនេះ។

លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ថ្ងៃទី ២៨ ខែកក្កដា​ថា នេះ​គឺជា​គម្រោង​កសាង​រោងចក្រ​ផលិត​ថាមពល​ពី​សូឡា​ថ្មី​មួយទៀត​ស្ថិត​ក្នុង​ស្រុក​ទឹកផុស​ជាប់​ព្រំប្រទល់​ស្រុក​សាមគ្គី​មានជ័យ ដែល​គាំទ្រ​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)។

លោក​បន្តថា គម្រោង​នេះ​នឹង​អាច​ដំណើរការ​សាងសង់​នៅពេល​ឆាប់ៗនេះ ព្រោះ​ក្រុមហ៊ុន​អះអាង​ថា​បាន​ដោះស្រាយ​ផលប៉ះពាល់​ផ្សេងៗ​ចប់សព្វគ្រប់​អស់ហើយ។

លោក​និយាយថា៖ «ក្រុមហ៊ុន​បានស្នើសុំ​យើង​អនុវត្ត​គម្រោង​ជាបណ្តើរៗ ប៉ុន្តែ​អាជ្ញាធរ​ដែនដី​សុំឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យ​ចប់​អស់​សិន ព្រោះ​យើង​បារម្ភ​ពី​ការប៉ះពាល់​ផលដំណាំ​របស់​ប្រជាជន»។

លោក​ប្រាប់ទៀតថា គម្រោង​នេះ​អគ្គិសនី​កម្ពុជា (EDC) នឹង​ទទួល​ទិញ​ទាំងអស់​ ដើម្បី​តភ្ជាប់​មក​បណ្តាញ​ជាតិ​ក្នុង​ការចែកចាយ​អគ្គិសនី​ទៅ​ទូទាំង​ប្រទេស ពិសេស​តំបន់​ដែល​ខ្វះខាត​ថាមពល​អគ្គិសនី។ គម្រោង​នេះ​នឹង​ចំណាយពេល​សាងសង់​រយៈពេល ១៨ ខែ​ចាប់​គិតពី​ថ្ងៃ​សាងសង់។

លោក​លើកឡើង​ថា៖ «ខេត្ត​កំពង់ឆ្នាំង​ទទួលបាន​គម្រោង​ថាមពល​សូឡា​ជា​បន្ទាប់​ដោយសារ​ទីតាំង​ភូមិសាស្ត្រ​នេះ​មាន​ភាព​អំណោយផល​ដែល​ផ្តល់​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ ហើយ​យើង​មាន​អនុ​ស្ថានីយ​ចំនួន ២ កន្លែង​សម្រាប់​បញ្ជូន​អគ្គិសនី​បន្ត​ចូលមក​បណ្តាញ​ជាតិ»។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី ៥ ខែមករា បាន​អនុម័ត​គម្រោង​សូឡា​ទំហំ ៦០ មេហ្គាវ៉ា​ត់​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមាន​ទុនវិនិយោគ ៣៧,៤ លាន​ដុល្លារ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ប្រាយម៍ រ៉ូដ អលថឺណេធីវ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាលពី​ខែកុម្ភៈ​ឆ្នាំនេះ បានអនុម័ត​កម្ចី​ចំនួន ១៦,៤ លាន​ដុល្លារ​ដល់​គម្រោង​ថាមពល​អគ្គិសនី​ពី​សូឡា​ទំហំ ៦០ មេហ្គាវ៉ាត់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​សម្រាប់​គាំទ្រ​ឱ្យ ប្រាយម៍ រ៉ូដ អលថឺណេធីវ ដើម្បី​អភិវឌ្ឍ និង​ប្រតិបត្តិការ​រោងចក្រ​ថាមពល​ពន្លឺ​សូឡា។ ក្រុមហ៊ុន​នេះ​បាន​លក់​ថាមពល​ឱ្យ​អគ្គិសនី​កម្ពុជា​ក្នុងតម្លៃ ០,៣៨៧៧ ដុល្លារ​ក្នុង ១ គីឡូវ៉ាត់ម៉ោង។

បច្ចុប្បន្ន​នៅក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង រដ្ឋាភិបាល​បានដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​ថាមពល​ពី​សូឡា​ទំហំ ៦០ មេហ្គាវ៉ាត់​ចំនួន​មួយ​រួចមកហើយ ដែល​បាន​តភ្ជាប់​ចូល​បណ្តាញ​ជាតិ​កាលពី​ខែ​មេសា ឆ្នាំ២០២០។

គម្រោង​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន SchneiTec Renewable Co Ltd ជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន និង​ក្រុមហ៊ុន​នៅក្នុង​ស្រុក។ នេះ​បើ​យោងតាម លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល។

បើតាម​អគ្គិសនី​កម្ពុជា សព្វថ្ងៃនេះ​ថាមពល​សូឡា​ដែល​បាន​តភ្ជាប់​មក​បណ្តាញ​ជាតិ​បាន​កើន​ដល់ ៣២០ មេហ្គាវ៉ាត់ បន្ទាប់ពី​រោងចក្រ​ផលិត​ថាមពល​ពី​ពន្លឺព្រះអាទិត្យ​អានុភាព ៦០ មេហ្គាវ៉ាត់​នៅ​ខេត្ត​បាត់ដំបង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នាអំឡុង​ខែមីនា ឆ្នាំ ២០២១។

ស្ថានីយ​ផលិត​អគ្គិសនី​ពី​សូឡា​នេះ​ស្ថិតនៅ​ឃុំ​អន្លង់រុន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង វិនិយោគ​ដោយ​ក្រុមហ៊ុន Risen Energy ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។ នេះ​បើ​យោងតាម​អគ្គិសនី​កម្ពុជា៕ LA