The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​បង្កើត​ក្រុមការងារ​ស្តារ​វិស័យ​ទេសចរណ៍​ក្នុង​ និង​ក្រោយ​វិបត្តិ​កូវីដ




កម្ពុជា​បង្កើត​ក្រុមការងារ​ស្តារ​វិស័យ​ទេសចរណ៍​ក្នុង​ និង​ក្រោយ​វិបត្តិ​កូវីដ

Content image - Phnom Penh Post
ភ្ញៀវទេសចរចូលទៅទស្សនាប្រាសាទអង្គរវត្ត នាពេលកន្លងមក។ ហេង ជីវ័ន

កម្ពុជា​បង្កើត​ក្រុមការងារ​ស្តារ​វិស័យ​ទេសចរណ៍​ក្នុង​ និង​ក្រោយ​វិបត្តិ​កូវីដ

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ក្រុមការងារ​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ១៩។

សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២២ ខែកក្កដា ឱ្យដឹងថា ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន ត្រូវ​ដឹកនាំ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ព្រមទាំង​មានការ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​សរុប​ចំនួន ៤៤ រូប។

សេចក្តី​សម្រេច​នេះ​បាន​ឱ្យដឹងថា ក្រុមការងារ​នេះ​មាន​តួនាទី និង​ភារកិច្ច​ក្នុង​ការដឹកនាំ ចាត់ចែង និង​តាមដាន ត្រួតពិនិត្យ​ការអនុវត្ត​ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ១៩។ ក្រុម​នេះ​ក៏មាន​ភារកិច្ច​ធ្វើ​របាយការណ៍​វឌ្ឍនភាព​ការងារ​ជូន​រដ្ឋាភិបាល និង​ទទួល​ភារកិច្ច​ផ្សេងទៀត​តាម​ការប្រគល់​របស់​រាជរដ្ឋាភិបាល។

សេចក្តី​សម្រេច​នេះ​បន្ថែមថា ក្រុម​ការងារ​នេះ​មាន​សិទ្ធិ​ប្រើប្រាស់​ថវិកាជាតិ និង​ជំនួយផ្សេងៗ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ប្រភព​ស្របច្បាប់​ផ្សេងទៀត ហើយ​ក្រុមការងារ​នេះ​ក៏មាន​សិទ្ធិ​ប្រើ​ត្រា​ក្រសួង​ទេសចរណ៍ ដើម្បី​ដំណើរការ​ការងារ​របស់ខ្លួន​តាម​ការចាំបាច់។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ក្រុម​ការងារ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការចាត់ចែង​អនុវត្តតាម​ផែនទី​ចង្អុល​ផ្លូវ​របស់​រដ្ឋាភិបាល​ដែល​បានអនុម័ត​កាលពី​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ សម្រាប់​ការលើក​ស្ទួយ និង​ស្តារ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ១៩។

លោក​បាន​ថ្លែងថា៖ «ចំណុច​សំខាន់​របស់​ក្រុមការងារ​នេះ​គឺ​ការលើកស្ទួយ និង​គាំពារ​ដល់​សហគ្រាស និង​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​កូវីដ ១៩ និង​លើកកម្ពស់​ទីផ្សារ​ទេសចរណ៍​កម្ពុជា​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ព្រមទាំង​ការពង្រឹង​អភិបាលកិច្ច​ទេសចរណ៍ គុណភាព​សេវាកម្ម បដិសណ្ឋារកិច្ច និង​ពង្រឹង​សមត្ថភាព​ទេសចរណ៍»។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន ដែលជា​សមាជិក ១ រូប​ ក្នុង​ក្រុមការងារ​នេះ​បាន​ឱ្យ​ដឹងថា វិស័យ​ឯកជន​នឹង​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការបណ្តុះបណ្តាល ការកសាង​គោលនយោបាយ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​ការរៀបចំ​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​ទេសចរណ៍។

អ្នកស្រី​ប្រាប់ថា៖ «ក្នុងនាម​យើង​ជា​ប្រតិបត្តិករ​វិស័យ​ទេសចរណ៍​យើង​នឹង​ផ្តល់​ធាតុ​ចូលទៅ​រាជរដ្ឋាភិបាល ហើយ​យើង​ក៏​ចូលរួម​ផ្សព្វផ្សាយ ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​តាមរយៈ​ការផ្គូផ្គង់​ប្រតិបត្តិករ​ក្នុងស្រុក​ជាមួយ​បណ្តា​ប្រតិបត្តិករ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន និង​សហគមន៍​អឺរ៉ុប​ជាដើម»។

ស្ថិតិ​ទេសចរណ៍​ឆ្នាំ ២០២០ បង្ហាញថា វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដោយ​ប្រាក់ចំណូល​ពី​ទេសចរណ៍​អន្តរជាតិ​ដែល​កម្ពុជា​ទទួលបាន​ក្នុង​ឆ្នាំ ២០២០ មាន​ត្រឹម ១,០២៣ ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ៧៩,២ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន ៤,៩១៩ ពាន់​លាន​ដុល្លារ។

ចំណែក​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុជា​មាន​ចំនួន ១,៣១ លាន​នាក់​ថយ ៨០,២ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន​ចំនួន ៦,៦១ លាន​នាក់៕ LA

អត្ថបទគួរចាប់អារម្មណ៍