ភ្នំពេញៈ ប្រទេស​កម្ពុជា និង​ចិន​ បាន​ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​ពី ៨ ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០២០ ឱ្យដល់ ១០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៣។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា។

ការប្តេជ្ញា​នេះ​ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​នៅក្នុង​វេទិកា​កម្រិត​ខ្ពស់​នៃ​ធនាគារ​ខួរក្បាល​កម្ពុជា-ចិន​លើក​ទី ២ នៅក្រោម​មូលបទ «ដំណាក់កាល​ថ្មី​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន» កាលពី​ថ្ងៃទី ២៨ ខែកក្កដា នៅ​ទីក្រុង Beijing ប្រទេស​ចិន។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​នៅក្នុង​វេទិកា​នេះ​ថា ភាគី​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់​កម្ពុជា ដែល​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​តែង​សម្រេចបាន​លទ្ធផល​លើស​ការរំពឹងទុក។ ជាក់ស្តែង ក្នុង​ឆ្នាំ ២០១៧ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន សម្រេច​បាន​ជាង ៥,៨ ពាន់​លាន​ដុល្លារ កើនឡើង ១៦ ភាគរយ​លើស​ការរំពឹងទុក។

លោក​បន្តថា ទោះជា​ក្នុងស្ថានភាព​នៃ​ការរីក​រាលដាល​វីរុស​កូវីដ ១៩ ក៏​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ សម្រេច​បាន​ជាង ៨ ពាន់​លាន​ដុល្លារ (ឆ្នាំ ២០២០) ហើយ​រំពឹងថា​នឹង​កើន​ដល់ ចំនួន ១០ ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០២៣ ខាងមុខ។

លោក​លើកឡើងថា៖ «ទំនាក់ទំនង​ពាណិជ្ជកម្ម​វិនិយោគ​ទ្វេភាគី​កម្ពុជា-ចិន មាន​ភាពចាំបាច់​ខ្លាំងណាស់​ក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ ១៩ និង​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ និង​សកលលោក»។

ប្រទេស​ទាំង ២ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន (CCFTA) កាលពី​ខែតុលា ឆ្នាំ ២០២០ កន្លងមក ដោយ​រំពឹងថា កិច្ចព្រមព្រៀង​នេះ​នឹង​ចូល​ជាធរ​មាននៅ​ដើមឆ្នាំ ២០២២។

លោក Huang Kunming សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​កណ្តាល CPC និង​ជា​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​គណៈកម្មាធិការ​កណ្តាល CPC បាន​ថ្លែង​ក្នុង​វេទិកា​នេះ​ថា ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​កម្ពុជា​នៃ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​កាន់តែ​ស៊ីជម្រៅ​បន្តធ្វើ​ការរួម​គ្នា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូវីដ ១៩ ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ នេះ​បើតាម​សារព័ត៌មាន​ចិន Xinhua។

លោក​ថ្លែង​ទៀតថា៖ «[យើង] បន្ត​គាំទ្រ​ពហុភាគី​និយម ហើយ​បន្ត​ការជំរុញ​មិត្តភាព​ប្រពៃណី​ចិន-កម្ពុជា និង​ជំរុញ​ការកសាង​បន្ថែមទៀត​នៃ​សហគមន៍​ចិន-កម្ពុជា​នៃ​អនាគត​រួមគ្នា»។

នៅក្នុង​រយៈពេល ៥ ខែ​ដំបូង​ដើមឆ្នាំ ២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ សម្រេចបាន ៣,៩ ពាន់​លាន​ដុល្លារ កើនឡើង ២៥ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើតាម​សារព័ត៌មាន Global Times៕ LA