ភ្នំពេញៈ កិច្ច​ប្រជុំ​ភាព​ជា​ដៃគូ​ពិភាក្សា​នៃ​ក្រុម​ការងារ​បច្ចេក​ទេសទី​១ «គយ-ឧស្សាហកម្ម​បម្រើ​ការ​នាំ​ចេញ​វិស័យ​កាត់ដេរ» នៃ​យន្តការ​ភាព​ជា​ដៃ​គូ​គយ-ផ្នែក​ឯកជន ត្រូវ​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃទី ២៩ ខែ​កក្កដា ឆ្នាំ ២០២១ តាម​ប្រព័ន្ធ​អនឡាញ។

កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូល​រួម​ពី លោក ផា អេងវ៉េង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ជា​សហប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​ទី ១ តំណាង​ផ្នែក​រដ្ឋាភិបាល និង​លោក ស៊ិន ចន្ធី សហប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​ទី១ តំណាង​ផ្នែក​ឯកជន​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​លោក លី ឃុនថៃ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង ជា​ប្រធាន​សមាគម​រោងចក្រ​ស្បែក​ជើង​កម្ពុជា លោក ងួន ម៉េងតិច អគ្គនាយក​សភាពាណិជ្ជ​កម្ម​កម្ពុជា ព្រម​ទាំង​មន្ត្រី ពាក់ព័ន្ធ​សំខាន់ៗ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សមាជិក សភាពាណិជ្ជកម្ម​កម្ពុជា តំណាង​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា តំណាង​ក្រុមហ៊ុន​អ្នក​នាំ​ចេញ​ជើង​សារគយ និង​សមាជិក សមាជិកា​នៃ​ក្រុម​ការងារ​បច្ចេក​ទេស​ទី ១ ជា​ច្រើន​ទៀត។

គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ពិគ្រោះ​ពិភាក្សា​រក​ដំណោះ​ស្រាយ បំភ្លឺ​បញ្ជាក់​ទៅ​លើ​បញ្ហា​ប្រឈម កង្វល់ និង​សំណូមពរ​មួយ​ចំនួន ដែល​លើក​ឡើង​ដោយ​ផ្នែក​ឯកជន ដាក់​ជូន​សំណាក់​ដៃគូ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ផ្ទាល់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​បម្រើ​ឱ្យ វិស័យ​កាត់ដេរ​ដែល​មាន​ការ​ប៉ះពាល់ ជា​ពិសេស បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ ១៩ ដែល​កំពុង​តែ​ឆ្លង​រាលដាល​នៅ​ប្រទេស កម្ពុជា។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ ពី កម្ពុជា​ក្នុង​ឆមាស​ទី ១ ឆ្នាំ​នេះ មាន​ទឹកប្រាក់ ៤ ៧២១,៤ លាន​ដុល្លារ​ កើន​ប្រមាណ ៤០,១ លានដុល្លារ ស្មើ​នឹង ០,៩ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​មុន៕