ភ្នំពេញៈ ក្រុមហ៊ុន លីហួរ ផេប្រ៉ូ ភីអីលស៊ី ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន លីហួរ គ្រុប នឹង​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឌីជីថល​ជាមួយនឹង​ផ្សារ​ខេមបូឌាត្រេដ (Cambodia Trade) របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​គោលបំណង​ដើម្បី​សម្រួល​ដល់​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។

លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ពិភាក្សា​ក្នុង​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក យុន ផន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លីហួរ ផេប្រ៉ូ ​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាមបែប​ឌីជីថល​របស់​ក្រុមហ៊ុន​លីហួរ តាមរយៈ​ប្រព័ន្ធ​ហ្សូម កាលពី​ថ្ងៃទី ២៧ ខែ​កក្កដា ឆ្នាំ ២០២១ ។

លោក សំហេង បូរ៉ា បានឱ្យដឹងថា ការពិភាក្សា​គ្នា​នេះ ដើម្បី​ស្វែងរក​លទ្ធភាព​រៀបចំ​កិច្ចសហប្រតិបត្តិការ​នៃ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាមបែប​ឌីជីថល​របស់​ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និង​ផ្សារ​អនឡាញ CambodiaTrade។

លោក​ថ្លែង​ទៀតថា៖ «ការតភ្ជាប់​នេះ​នឹង​ជួយ​បង្កើន​ភាពងាយស្រួល និង​កាត់បន្ថយ​ពេលវេលា​ជូន​អតិថិជន និង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ប្រទេស​កម្ពុជា»។

លោក​លើកឡើងថា ក្រសួង​មាន​ជំហរ​យ៉ាង​មុតមាំ​ក្នុង​ការធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និង​ស្នើឱ្យ​ក្រុមការងារ​បច្ចេកទេស​ទាំង​ពីរ​សហការ​គ្នា​ឱ្យបាន​ល្អ​ ដើម្បី​ធានា​ឱ្យបាន​នូវ​ការតភា្ជប់​ប្រព័ន្ធ​ទូទាត់​តាមបែប​ឌីជីថល​របស់​ក្រុមហ៊ុន និង​ផ្សារ​ខេមបូឌាត្រេដ​ឱ្យ​ទទួល​ជោគជ័យ។

លោក​និយាយថា៖ «[ខ្ញុំ] សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន លីហួរ ផេប្រ៉ូ ដែល​មាន​បំណង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាមបែប​ឌីជីថល​របស់ខ្លួន​ជាមួយ​ផ្សារ​ខេមបូឌាត្រេដ​របស់​ក្រសួង​ពាណិជ្ជកម្ម»។

ក្រសួង​ពាណិជ្ជកម្ម​បាន​ដាក់ឱ្យ​ដំណើរការ CambodiaTrade កាលពី​ខែមិថុនា ឆ្នាំនេះ។ CambodiaTrade ជា​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​អាចដាក់​លក់​ផលិតផល​របស់ខ្លួន​លើ​ផ្សារ​នេះ។ ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវបាន​ប្រតិបត្តិការ​តាមរយៈ​គេហទំព័រ CambodiaTrade.com ដែល​គ្រប់គ្រង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​៕LA