The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - GDT ប្តេជ្ញា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិនិយោគិន

GDT ប្តេជ្ញា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិនិយោគិន

Content image - Phnom Penh Post
អគារ​ទីស្នាក់ការ​កណ្តាល​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ហេង ជីវ័ន

GDT ប្តេជ្ញា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិនិយោគិន

ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា (GDT) បាន​ប្តេជ្ញា​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​នានា​ ដែល​វិនិយោគិ​ន​ជប៉ុន​បានលើកឡើង​ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​អាជីវកម្ម និង​ការវិនិយោគ​របស់​ពួកគេ​នៅ​កម្ពុជា​អាច​ដំណើរការ​ទៅដោយ​រលូន។

ការលើកឡើង​បែបនេះ​ធ្វើឡើង​ក្នុងជំនួប​កាលពី​ថ្ងៃទី ២៧ ខែកក្កដា តាម​ប្រព័ន្ធ​អនឡាញ រវាង​លោក អេង រតនា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​លោក KAWAIDA Hiromitsu នាយក​គណៈកម្មការ​ផ្នែក​ពន្ធដារ​នៃ​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា (JBAC)។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ GDT ឱ្យ​ដឹងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅក្នុង​គោលបំណង ពិភាក្សា ដោះស្រាយ​នូវ​បញ្ហា​ប្រឈម បំភ្លឺ និង​ពន្យល់​បន្ថែម​អំពី​ចំណុច​មួយចំនួន​លើ​ការអនុវត្ត​ច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​កម្ពុជា ដែល​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​កំពុង​ជួបប្រទះ​នៅក្នុង​សកម្មភាព​អាជីវកម្ម ព្រមទាំង​ពង្រឹង​តម្លាភាព​នៅក្នុង​ការអនុវត្ត​ច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ដើម្បី​ជំរុញ​ការវិនិយោគ​របស់​ប្រទេស​ជប៉ុន​នៅ​កម្ពុជា​ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត។

លោក អេង រតនា បាន​លើកឡើង​ថា អគ្គនាយដ្ឋាន​ពន្ធដារ​កម្ពុជា​តែងតែ​យកចិត្ត​ទុកដាក់​ក្នុង​ការដោះស្រាយ ពន្យល់ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សមាគម​ផ្សេងៗ​ក៏ដូចជា​វិស័យ​ឯកជន​ពាក់ព័ន្ធ​ក្នុង​ន័យ​ដើម្បី​ពង្រឹង​ការផ្តល់សេវា​ល្អ​ជូន​ដល់​អ្នកជាប់ពន្ធ និង​សាធារណជន។

ជាក់ស្តែង​បើទោះបី​ស្ថិតក្នុង​បរិការណ៍​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ១៩ ក៏​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅតែ​ព្យាយាម​ជួបពិភាក្សា​ជាមួយ​សមាគម​ពាណិជ្ជកម្ម​ជប៉ុន ដើម្បី​ជួយ​សម្របសម្រួល ឬ​ដោះស្រាយ​បញ្ហា​បាន​ទាន់ពេលវេលា​ក្នុង​ករណី​ដែល JBAC ជួបនឹង​បញ្ហា​ណាមួយ។ លោក​បន្តថា ជាមួយ​គ្នា​នេះ GDT ក៏​នឹង​បន្ត​ផ្តល់​នូវ​បច្ចុប្បន្នភាព​នៃ​ច្បាប់​បទប្បញ្ញត្តិ​ថ្មីៗ​ដល់​វិនិយោគិន​ជប៉ុន​ដែល​កំពុងមាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​ផងដែរ។

លោក​បាន​ថ្លែងថា៖ «ក្នុងនាម​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធដារ ខ្ញុំ​សូម​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​វិនិយោគិន​ជប៉ុន​ដែល​កន្លងមក​តែងតែ​ព្យាយាម​ស្វែងយល់​អំពី​ច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ក៏ដូចជា​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការចូលរួម​គោរព​ច្បាប់​សារពើពន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យ៉ាង​ល្អប្រសើរ»។

GDT ក៏បាន​ប្រកាស​ទទួលយក​នូវ​រាល់​ធាតុ​ចូលថ្មីៗ និង​សំណូមពរ​របស់ JBAC ដើម្បី​យកមក​ធ្វើជា​មូលដ្ឋាន​សិក្សា​ស្វែងយល់ និង​ពិចារណា​លើ​ការកែលម្អ​ក្នុង​ករណី​ចាំបាច់ និង​ខិតខំ​អស់ពី​លទ្ធភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ជូន​អ្នកវិនិយោគ​ជប៉ុន ក៏ដូចជា​វិនិយោគិន​ឯកជន​ផ្សេងៗ​ទៀត។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន។

អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា លោក ងួន ម៉េងតិច កាលពីដើម​ខែកុម្ភៈ ឆ្នាំ ២០២១ ឱ្យដឹងថា វិនិយោគិន​ជប៉ុន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការបង្កើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ជប៉ុន ដែល​វិនិយោគ​នៅ​កម្ពុជា​បាន​កើនឡើង​យ៉ាង​រហ័ស​នា​រយៈពេល ១ ទសវត្សរ៍​ចុងក្រោយ​នេះ។ គិត​ត្រឹម​ដើមឆ្នាំ ២០២១ មាន​វិនិយោគិន​ជប៉ុន​ប្រមាណ​ជាង ១ ៥០០ នាក់​កំពុងមាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា។

ចាប់ពី​ឆ្នាំ ១៩៩៤ ដល់​ឆ្នាំ ២០១៨ មាន​គម្រោង​វិនិយោគ​ជប៉ុន ១៣៧ នៅ​កម្ពុជា​ដោយមាន​ទុនវិនិយោគ​សរុប ២ ៤៨៦ លាន​ដុល្លារ។ នេះ​បើតាម​ក្រសួង​ពាណិជ្ជកម្ម។

ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (Jetro) ឱ្យ​ដឹងថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន មាន​តម្លៃ​សរុប ៩៦៣,៩១ លាន​ដុល្លារ​កើន ៨,៨៣ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០ ដែលមាន​តម្លៃ ៨៨៥,៦៧ លាន​ដុល្លារ៕ LA

អត្ថបទគួរចាប់អារម្មណ៍