ភ្នំពេញៈ ប្រទេសកម្ពុជាបានដាក់ចេញវិធានការបន្ថែមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងៗទៀតដែលមានប្រភពមកពីប្រទេសកំពុងឆ្លងរាលដាលខ្លាំងនៃវីរុសកូវីដ ១៩ ដែលវិធានការនេះចាប់អនុវត្តចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ តទៅ។
ការចេញវិធានការបន្ថែមនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើការដុតកម្ទេចសាច់ក្របីចំនួន ៣ កុងតឺន័រដែលនាំចូលពីប្រទេសឥណ្ឌារកឃើញវិជ្ជមានវីរុសកូវីដ ១៩ កាលពីថ្មីៗនេះ។
លិខិតចុះហត្ថលេខាដោយលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានផ្សាយនៅថ្ងៃទី ៣០ ខែកក្កដានេះបញ្ជាក់ថា ដោយពិនិត្យឃើញនូវហានិភ័យនៃវីរុសកូវីដ ១៩ អាចឆ្លងរាលដាលតាមរយៈសាច់បង្កក និងទំនិញបង្កកផ្សេងទៀតនាំចូលមកកម្ពុជាដែលមានប្រភពមកពីប្រទេសកំពុងឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ ១៩ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកំណត់បណ្តោះអាសន្ននូវវិធានការបន្ថែម រួមមាន អនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមថាគ្មានវីរុសកូរីដ ១៩ លើសាច់បង្កកដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើមកំណើតទំនិញ និងការតម្រូវឱ្យយកសំណាកសាច់បង្កកនាំចូលមកពីប្រទេសឥណ្ឌាទៅធ្វើតេស្តរកវីរុសកូវីដ ១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
លិខិតបន្ថែមទៀតថា អនុវត្តប្រព្រឹត្តកម្មក្នុងចំណុច ១ តាមគោលការណ៍គ្រប់គ្រងហានិភ័យចំពោះទំនិញបង្កកនាំចូលមកកម្ពុជាពីប្រទេសផ្សេងទៀតដែលមានហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ ១៩ ពិសេសវីរុសប្រភេទបំប្លែងថ្មី Delta នៅមុនពេលអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។ ចំពោះទំនិញត្រជាក់ និងបង្កកនាំចូលពីប្រទេសជិតខាងដែលកំពុងឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ ១៩ ត្រូវយកសំណាកជាលក្ខណៈចោះៗទៅធ្វើតេស្តរកវីរុសវីដ ១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ បន្ថែមលើនេះ ត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅលើគ្រប់សម្បកវេចខ្ចប់នៃទំនិញទាំងនោះ។
លិខិតនេះបានឱ្យដឹងថា នាយកដ្ឋានសវនកម្មគយ និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានត្រូវសហការរៀបចំ និងធ្វើបច្ចុប្បន្នភាពឱ្យបានទាន់ពេលវេលានូវបញ្ជីឈ្មោះប្រទេសដែលមានហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ ១៩ ជាពិសេស វីរុសប្រភេទបំប្លែងថ្មី Delta ព្រមទាំងត្រូវកំណត់យន្តការនៃការជ្រើសរើសដោយចោះៗតាមរយៈប្រព័ន្ធ ស្វ័យប្រវត្តិកម្មគយនូវកុងតឺន័រដែលត្រូវយកសំណាកទំនិញធ្វើតេស្តរកវីរុសកូវីដ១៩។
ទន្ទឹមនឹងនេះ នៅពេលមានករណីតម្រូវឱ្យដកសំណាកធ្វើតេស្តរកវីរុសកូរីដ ១៩ អង្គភាពគយ និងរដ្ឋាករបំពេញបែបបទនៅមាត់ច្រកនាំចូលត្រូវជូនដំណឹង និងអញ្ជើញម្ចាស់ទំនិញចូលរួមក្នុងដំណើរការដកសំណាកទៅធ្វើតេស្តរកវីរុសកូរីដ ១៩ ដោយការចំណាយជាបន្ទុករបស់ម្ចាស់ទំនិញ និងស្នើសុំកិច្ចសហការពីស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតតាមបទប្បញ្ញត្តិជាធរមាន ដើម្បីចាត់ចែងការងារដកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ ១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយដឹកនាំសម្របសម្រួល និងធ្វើកំណត់ហេតុស្តីពីការដកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ១៩។
ក្នុងករណីលទ្ធផលអវិជ្ជមានវីរុសកូវីដ ១៩ ត្រូវជូនដំណឹងដល់ម្ចាស់ទំនិញឱ្យមកបំពេញបែបបទបញ្ចេញទំនិញពីគយ ហើយក្នុងករណីលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩ ត្រូវរាយការណ៍ជាបន្ទាន់ជូនអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការបន្ត។ ប្រសិនបើទំនិញនោះត្រូវបានសម្រេចឱ្យបំផ្លាញចោលរាល់ការចំណាយទាំងអស់ជាបន្ទុករបស់ម្ចាស់ទំនិញ និងត្រូវធ្វើរបាយការណ៍ស្តីពីស្ថានភាព និងលទ្ធផលនៃការអនុវត្តវិធានការខាងលើប្រចាំខែមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លិខិតនេះបានបង្ហាញទៀតថា ផ្អែកលើគោលការណ៍គ្រប់គ្រងហានិភ័យចំពោះប្រភេទទំនិញឆាប់ខូចគុណភាព ដូចជាមុខទំនិញក្លាស្សេ ជាដើម ដែលជាកម្មវត្ថុនៃការធ្វើតេស្តរកវីរុសកូវីដ ១៩ អាចអនុគ្រោះឱ្យម្ចាស់ទំនិញបំពេញបែបបទបញ្ចេញទំនិញពីគយបាន បន្ទាប់ពីដកយកសំណាករួច ប៉ុន្តែមិនអាចផ្គត់ផ្គង់ចូលទីផ្សារ ឬអ្នកប្រើប្រាស់បានឡើយលុះត្រាតែទទួលបានលទ្ធផល «អវិជ្ជមានវីរុសកូវីដ ១៩»៕