ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បាននិងកំពុង​សិក្សា​ពី​លទ្ធភាព​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​ស្រូវ​អង្ករ​ ដើម្បី​មានលទ្ធភាព​នៅក្នុង​ការជំរុញ​ផលិតកម្ម និង​ការនាំចេញ។

លោក ចាន់ សុឃាំង អនុប្រធាន CRF បាន​ជួបពិភាក្សា​តាមរយៈ​ប្រព័ន្ធ​អនឡាញ កាលពី​ថ្ងៃទី ២៩ ខែកក្កដា ជាមួយនឹង​ក្រុមការងារ​ជាន់ខ្ពស់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ដើម្បី​សិក្សា​ស្វែងយល់​អំពី​លទ្ធភាព​នៅក្នុង​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ពិសេស​ទៅដល់​រោង​ម៉ាស៊ីន កិនស្រូវ និង​សហគមន៍​កសិកម្ម។

លោក សុឃាំង បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ថ្ងៃអាទិត្យ​ថា បញ្ហា​ទុន​គឺជា​រឿង​មួយ​ដ៏ចាំបាច់​មិនអាច​ខ្វះ​បាន​សម្រាប់​ជា​ដើមទុន​បង្វិល​ការ​ទ្រទ្រង់​អាជីវកម្ម និង​ពង្រីក​អាជីវកម្ម។ លោក​បន្ថែមថា ជំនួប​នេះ​គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម​ដល់​ស្ថាប័ន​នេះ​ទាក់ទង​នឹង​ការបង្កើត​ផលិតផល​ដែល​អាចជួយ​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។

លោក​លើកឡើង​ទៀតថា ការសហការ លើ​ការផ្តល់​កម្ចី​ក៏ដូចជា​ការទ្រទ្រង់​ហិរញ្ញវត្ថុ​ចំពោះ​វិស័យ​ស្រូវ​អង្ករ​ពី​សំណាក់​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នឹង​កើនឡើង​បន្ថែម​ពីលើ​យន្តការ​របស់​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ដូចជា​កញ្ចប់​ឥណទាន​សម្រាប់​បណ្តា​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​កិន​កែច្នៃ និង​នាំចេញ​អង្ករ​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​បងប្អូន​ប្រជាកសិករ និង​ការធានា​ឥណទាន​ផ្សេងៗ​ទៀតផង​ដែរ។

លោក សុឃាំង ថ្លែងថា៖ «យើង​សង្ឃឹមថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នឹងធ្វើការ​ពិចារណា​ក្នុងការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែមទៀត​ដល់​វិស័យ​ស្រូវ​អង្ករ​ដែលជា​វិស័យ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​គឺ​មិន​ត្រឹមតែ​រក្សា​សន្តិសុខ​ស្បៀង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជំរុញ​ការនាំចេញ​ដើម្បី​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ចជាតិ។ យើង​ស្វាគមន៍​គ្រឹះស្ថាន​មីក្រូហិរញវត្ថុ​នានា​ ដើម្បី​ចាប់ផ្តើម​សិក្សា​លទ្ធភាព​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​វិស័យនេះ»។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​សរសេរ​នៅលើ​ទំពរ័​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី ៣១ ខែកក្កដា នេះ​បង្ហាញថា កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ចំនួន ៣០៩ ៨៦៥ តោន​ក្នុង​រយៈពេល ៧ ខែ ដើមឆ្នាំ ២០២១ ធ្លាក់ចុះ ២៧,២៧ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន។ ការនាំចេញ​អង្ករ​ធ្លាក់ចុះ គឺ​ដោយសារ​បញ្ហា​កង្វះ​ទូ​កុងតឺន័រ និង​តម្លៃ​ដឹកជញ្ជូន​ឡើងថ្លៃ​ខ្ពស់។

លោក​រដ្ឋមន្ត្រី​បានឱ្យដឹង​ទៀតថា ក្នុង​រយៈពេល ៧ ខែ ដើមឆ្នាំ​នេះ កម្ពុជា​ក៏បាន​នាំចេញ​ស្រូវ​បាន​ចំនួន​ជាង ២ លាន​តោន​ទៅកាន់​ប្រទេស​វៀតណាម​កើនឡើង ៨១,៣៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន។

របាយការណ៍​ក្រសួង​កសិកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦៩០ ៨២៩ តោន ដោយមាន​តម្លៃ​ជិត ៥៣៩ លាន​ដុល្លារ កើនឡើង ១១,៤០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩៕ LA