ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េ នៅក្នុង​ឆមាស​ទី១ ឆ្នាំ ២០២១ មានតម្លៃ​ជាង ៤៥១ លាន​ដុល្លារ កើនឡើង ៦,៧២ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (Kita)។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា​ដល់​ខែមិថុនា ឆ្នាំ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េ មាន​ទឹកប្រាក់​សរុប ៤៥១,៩៨ លាន​ដុល្លារ​កើនឡើង ៦,៧២ ភាគរយ​ពី​ចំនួន ៤២៣,៥១ លាន​ដុល្លារ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០។

ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​​មាន​ទឹកប្រាក់ ១៥៩,៤ លានដុល្លារ​ធ្លាក់ចុះ ១,៦ ភាគរយ​ពី ១៦២,០៦ លាន​ដុល្លារ និង​ការនាំ​ចូល​ពី​កូរ៉េ​មាន​ទឹកប្រាក់ ២៩២,៥៩ លាន​ដុល្លារ​កើនឡើង ១១,៩ ភាគរយ​ពី​ចំនួន ២៦១,៤៥ លាន​ដុល្លារ។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​កត់សម្គាល់​ថា ការនាំចូល​របស់​កម្ពុជា​ច្រើន​នូវ​សម្ភារ​សំណង់ រថយន្ត និង​សម្ភារ​ពេទ្យ (PPE) ពិសេស​សម្ភារ​ធ្វើតេស្ត​រហ័ស​រក​វីរុស​ជំងឺ​កូវីដ ១៩ ពី​ប្រទេស​កូរ៉េខាងត្បូង​នៅក្នុង​ឆមាស​ទី ១ នេះ ដែល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​បាន​កើនឡើង។

លោក​បន្តថា បើទោះជា​ការនាំចេញ​របស់​កម្ពុជា​ធ្លាក់ចុះ​ ដោយសារ​រោងចក្រ​មួយចំនួន​នៅ​កម្ពុជា​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​កូវីដ ១៩ ដែល​ធ្វើឱ្យ​ការផលិត​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​ធ្លាក់ចុះ ប៉ុន្តែ​លោក​ជឿថា ការនាំចេញ​របស់​កម្ពុជា​នឹ​ងមាន​កំណើន​ឡើងវិញ​ បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ គ្រប់​ចំនួន ១០ លាន​នាក់​តាម​ផែនការ​កំណត់។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ខ្ញុំ​ជឿថា​ការសម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​នឹង​ជួយ​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ឱ្យ​កើនឡើង​បន្ថែមទៀត»។

កម្ពុជា និង​ប្រទេស​កូរ៉េ​បាន​បញ្ចប់​ការចរចា ១០០ ភាគរយ​ទៅលើ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA) ជាមួយ​គ្នា​កាលពី​ដើមឆ្នាំ ២០២១ ហើយ​រដ្ឋាភិបាល​ទាំង ២ គ្រោង​នឹង​ចុះហត្ថលេខា​រួមគ្នា​នៅ​ចុងឆ្នាំ ២០២១ នេះ។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​កូរ៉េខាងត្បូង​រួមមាន​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ​ភេសជ្ជៈ គ្រឿងបន្លាស់​អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និង​ផលិតផល​កសិកម្ម ហើយ​កម្ពុជា​នាំចូល​មកវិញ​រួមមាន​យានយន្ត​គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​ប្លាស្ទិក។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េខាងត្បូង​មាន​ចំនួន ៨៨៤,៨៨ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០ ធ្លាក់ចុះ ១៧,៧៧ ភាគរយ​ធៀប​ឆ្នាំ ២០១៩ ដែលមាន​ប្រមាណ ១ ០៣២ លាន​ដុល្លារ។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ។

ទិន្នន័យ​នោះ​ឱ្យដឹងថា កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​កូរ៉េ​ក្នុងតម្លៃ​ជាង ៣១៧ លាន​ដុល្លារ ធ្លាក់ចុះ ៥,៤ ភាគរយ ខណៈ​កម្ពុជា​នាំចូល​មកវិញ​មាន​ជាង ៥៦៧ លាន​ដុល្លារ​ធ្លាក់ចុះ ១៨,៦ ភាគរយ​ធៀប​ឆ្នាំ ២០១៩ មាន​ជាង ៦៩៦ លាន​ដុល្លារ៕