ភ្នំពេញៈ កម្ពុជា និង​រុស្ស៊ី បាន​សន្យា​នឹងសិក្សា​លទ្ធភាព​លើ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ការវិនិយោគ​រួមគ្នា​លើ​វិស័យ​បច្ចេកវិទ្យា​ឧស្សាហកម្ម និង​ថាមពល។ នេះ​បើតាម​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃទី ៣១ ខែកក្កដា ឱ្យដឹងថា ក្រុមការងារ​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​សហព័ន្ធរុស្ស៊ី​បានរៀបចំ «ជំនួប​ធុរកិច្ច​លើកដំបូង​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី» ដើម្បី​អបអរសាទរ​ខួប​លើក​ទី៦៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា-រុស្ស៊ី កាលពី​ថ្ងៃទី ៣០ កក្កដា ឆ្នាំ ២០២១។

កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​លោក ញឹម ខេមរា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបតិ្តការ​អន្តរជាតិ ព្រមទាំង​មាន​ការចូលរួម​ពី​ធុរជន និង​វិនិយោគិន​ប្រទេស​ទាំង ២ និង​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ ២៥០ នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ព្រឹត្តិការណ៍​ដ៏សំខាន់​នេះ​ផ្តោតលើ​ប្រធានបទ​សំខាន់​ចំនួន ៣ គឺ​បច្ចេកវិទ្យា ឧស្សាហកម្ម និង​ថាមពល។ ជំនួប​នេះ​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​ដល់​ក្រុមហ៊ុន​រុស្ស៊ី​ក្នុងការ​ស្វែងយល់​ពី​ឱកាស​ទីផ្សារ​នៅ​កម្ពុជា ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២ ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែមថា៖ «ការរៀបចំ​ព្រឹត្តិការណ៍​ជំនួប​ធុរកិច្ច រវាង​ធុរជន និង​ពាណិជ្ជករ​កម្ពុជា​ជាមួយ​បណ្តា​ក្រុមហ៊ុន​ឯកជន​នៃ​ប្រទេស​រុស្ស៊ី​ពេលនេះ គឺជា​ការចាប់ផ្តើម​មួយ​ក្នុង​ការចូលរួម​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​ទាក់ទាញ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស​មក​ប្រទេស​កម្ពុជា។ ព្រឹត្តិការណ៍​នេះ​នឹង​នាំទៅដល់​ការបើកផ្លូវ​ ដើម្បី​រៀបចំ​ជំនួប​ធុរកិច្ច​ជាមួយ​ប្រទេស​ជា​ដៃគូ​ផ្សេងទៀត​នាពេល​អនាគត»។

លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​ដែល​ចូលរួម​កិច្ចប្រជុំ​នេះ បានលើកឡើង​ពី​សាវតារ និង​សមិទ្ធផល​របស់​ក្រុមហ៊ុន​រុស្ស៊ី​ដែល​ធ្លាប់បាន​សិក្សា​ស្រាវជ្រាវ​ភូតព្ភសាស្ត្រ និង​គូស​ផែនទី​ប្រេងកាត​នៅ​អ័ក្ស​សមុទ្រ​កម្ពុជា​ទាំង​ដែន​គោក និង​សមុទ្រ​កម្ពុជា ព្រមទាំង​ផ្សព្វផ្សាយ​អំពី​សក្តានុពល​វិនិយោគ​លើ​វិស័យនេះ​នៅ​កម្ពុជា។

លោក ខាវ៉ាន់ និយាយថា៖ «យើង​សូម​ជំរុញ​ឱ្យ​ក្រុមហ៊ុន​រុស្ស៊ី​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ទាំង​គម្រោង​ថាមពល​អគ្គិសនី និង​គម្រោង​អភិវឌ្ឍន៍​ប្រេងកាត»។

លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ដែរ​ថា ប្រទេស​ទាំង២ គឺជា​ដៃគូ​យូរអង្វែង និង​មាន​ចំណង​ទំនាក់ទំនង​ជា​មិត្ត​ជិតស្និទ្ធ​តាំងពី​យូរលង់​ណាស់​មកហើយ។ ទំនាក់ទំនង​ទ្វេភាគី​ត្រូវបាន​យកចិត្ត​ទុកដាក់ និង​លើកកម្ពស់​ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ២ ជា​បន្តបន្ទាប់។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា។

លោក គិត ម៉េង ដែលជា​ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប​ផងដែរ​នោះ​បាន​ថ្លែងថា សភា​ពាណិជ្ជកម្ម បាននិង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​រុស្ស៊ី​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង ២។ លោក​បាន​ថ្លែងថា៖ «ខ្ញុំ​សូម​ស្វាគមន៍​កក់ក្តៅ​ចំពោះ​ធុរជន និង​វិនិយោគិន​រុស្ស៊ី​ទាំងអស់​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា»។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (EAEU) នៅក្នុង​ឆ្នាំ ២០២០ មានតម្លៃ​សរុប ៦៧,៣៧ លាន​ដុល្លារ កើន ១៨,២២ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន ៥៦,៩៨ លានដុល្លារ។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ ៥២,១៩ លាន​ដុល្លារ កើន ០,៧៣ ភាគរយ​ពី​ចំនួន ៥១,៨១ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩ និង​ការនាំ​ទំនិញ​ពី EAEU មក​កម្ពុជា​មានតម្លៃ ១៥,១៨ លាន​ដុល្លារ កើនឡើង ១៩៣,៥៧ ភាគរយ​ពី​ចំនួន ៥,១៧ លាន​ដុល្លារ។

EAEU ជា​សហព័ន្ធ​សេដ្ឋកិច្ច​ដែល​តំណាង​ឱ្យ​ប្លុក​ប្រទេស ៥ រួមមាន រុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន ដែល​មាន​ប្រជាជន​សរុប​ជាង ១៨៤ លាន​នាក់​ក្នុង​ឆ្នាំ ២០២០ និង​មាន​ផលិតផល​ក្នុងស្រុក GDP សរុប ៤,៧៧ ពាន់​ពាន់​លាន​ដុល្លារ៕ LA