ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​បង់ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​តាម​ទូរស័ព្ទដៃ​ក្នុង​កម្មវិធី “GDT Taxpayer App” ក្នុង​គោលបំណង​ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​តម្លាភាព​លើ​កិច្ចការ​ប្រមូល​ចំណូល​ពន្ធដារ។

សេចក្តី​ជូនដំណឹង​របស់ GDT កាលពី​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំនេះ​បាន​ឱ្យដឹងថា ក្នុង​បរិបទ​នៃ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​ពន្ធដារ​ស្របតាម​គោលនយោបាយ​កែទម្រង់​របស់​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​អភិវឌ្ឍ​មុខងារ​សម្រាប់​បង់ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​តាម​ទូរស័ព្ទដៃ​ក្នុង​កម្មវិធី “GDT Taxpayer App”។ កម្មវិធី​នេះ​អាច​ដំឡើង​លើ​ទូរស័ព្ទ​ទាំង​ប្រព័ន្ធ​ប្រតិបតិ្តការ​ iOS និង​ Android។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា៖ «GDT ជឿជាក់​យ៉ាង​មុតមាំ​ថា សាធារណជន ឬ​ម្ចាស់​យានជំនិះ​ដែលជា​អ្នក​ជាប់ពន្ធ​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ពី​កម្មវិធី​នេះ ពិសេស​ចំណេញ​ពេលវេលា និង​ងាយស្រួល​ក្នុង​ការបង់ប្រាក់​ពន្ធ ហើយ​អាច​តាមដាន​ពី​ស្ថានភាព​នៃ​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​របស់ខ្លួន​ទាន់ពេលវេលា»។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​កត់សម្គាល់ថា រាជរដ្ឋាភិបាល​បាននិង​កំពុង​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​នៃ​ឧស្សាហកម្ម ៤.០ អ៊ីចឹង​ការប្រើប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​នឹង​ជួយ​កាត់បន្ថយ​ចំណាយ​ពេលវេលា។ កម្មវិធី​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ក្នុង​ការបង់ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ។

លោក​ថ្លែងថា៖ «ខ្ញុំ​គិតថា ​កម្មវិធី​នេះ​មាន​អត្ថប្រយោជន៍​ណាស់ ដែល​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏មាន​សារៈសំខាន់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ហើយ​វា​នឹង​រួមចំណែក​ទប់ស្កាត់​ការរីករាលដាល​នៃ​វីរុស​កូវីដ ១៩ ផងដែរ»។

សេចក្តី​ជូនដំណឹង​ដដែល​នេះ​បាន​ឱ្យដឹង​ទៀតថា កម្មវិធី​នេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ម្ចាស់​យានជំនិះ​ជា​អ្នក​ជាប់ពន្ធ​ក្នុង​ការពិនិត្យមើល​ព័ត៌មាន​យានជំនិះ​ដែល​បាន​ចុះបញ្ជី និង​បានធ្វើ​បច្ចុប្បន្នភាព​រួចរាល់​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​យានជំនិះ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ។

បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​របស់ខ្លួន​ដោយ​មិនចាំបាច់​បំពេញ​ព័ត៌មាន​ក្នុង​ទម្រង់​លិខិត​ប្រកាស​ពន្ធ ហើយ​អាច​ស្នើសុំ​ និង​ទទួលបាន​បណ្ណ​សម្គាល់​ការបង់ពន្ធ​ជា​ទម្រង់​ឌីជីថល (E-Card) ភ្លាមៗ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។

សេចក្តី​ជូនដំណឹង​នេះ បញ្ជាក់ថា​ម្ចាស់​យានជំនិះ​អាច​បង់ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ម្តង​មួយគ្រឿង ឬ​ច្រើន​គ្រឿង ដោយ​ចុច​បញ្ជូន​ព័ត៌មាន​យានជំនិះ​ក្នុង​កន្ត្រក (Add to Cart) ហើយ​ម្ចាស់​យានជំនិះ​អាច​ស្នើសុំ​ធ្វើ​បណ្ណ​សម្គាល់​ការបង់ពន្ធ​ដោយ​ជ្រើសរើស ប៊ូតុង «ស្នើសុំ​ធ្វើ​បណ្ណ​សម្គាល់​ការបង់ពន្ធ»។

សេចក្តី​ជូនដំណឹង​បន្តទៀតថា បន្ទាប់មក​ម្ចាស់​យានជំនិះ​ត្រូវ​ជ្រើសរើស​ទីតាំង​ដែល​ទទួល​លតាបត្រពន្ធ និង​អាច​បង់ប្រាក់​ពន្ធ​តាម​អនឡាញ (e-Payment) តាមរយៈ​ធនាគារ​ពាណិជ្ជកម្ម​ដែល​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) ប្រមូល​ពន្ធអាករ​បាន ១ ៥១៥,៩០ លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២១ ធ្លាក់ចុះ ១០,៦០ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ GDT។ ការប្រមូល​ចំណូល​ពន្ធអាករ​ក្នុង​ឆមាស​ទី ១ ស្មើនឹង ៦៧,៥៨ ភាគរយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២១៕