ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​មូលនិធិ​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) បាន​ចុះ អនុស្សរណៈ​យោគយល់ (MoU) ស្តីពី​កម្មវិធី​បណ្តុះបណ្តាល​ធនធានមនុស្ស ផ្នែក​គ្រប់គ្រង ការវិនិយោគ​ដើម្បី​បង្កើត​នូវ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង ២ លើ​ផ្នែក​បច្ចេកទេស​ក្នុង​ការជួយ​អភិវឌ្ឍ​ធនធានមនុស្ស និង ពង្រឹង​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង​ការវិនិយោគ មូលនិធិ-សន្តិសុខ​សង្គម។

MoU ត្រូវបាន និង​ចុះ​ហត្ថលេខា​រវាង​លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា និង លោក អ៊ុក សមវិទ្យា អគ្គនាយក NSSF តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី ២៩ ខែកក្កដា កន្លង​មក​នេះ។

លោក សមវិទ្យា បាន​ថ្លែងថា ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដោយ សំដៅលើ​កិច្ច​គាំពារ​សង្គម ក្នុង​នោះ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​សន្តិសុខ​សង្គម ដែល​មាន​ផ្នែក ថែទាំ​សុខ​ភាពជា​ចម្បង ហើយ​កាតព្វកិច្ច​នេះ​តម្រូវឱ្យ​អង្គភាព ប.ស.ស. ជា​អ្នកប្រតិបត្តិ​ផ្ទាល់​ទៅលើ​ផ្នែកធំៗ​ចំនួន ៤ គឺ ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព ផ្នែក​ប្រាក់​សោធន និង​ផ្នែក​និកម្មភាព​ការងារ សម្រាប់​បុគ្គល​ដែល​ស្ថិតក្នុង​វិស័យ​សាធារណៈ បុគ្គល​ដែល​ស្ថិតនៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ។

លោក សមវិទ្យា បាន​ថ្លែងថា «អ្វី​ជា​គោលបំណង​សំខាន់​នៃ​ការចុះ​អនុស្សរណៈ​យោគយល់​នៅពេលនេះ គឺជា​ការផ្តល់​ឱកាស​ឱ្យ​អង្គភាព​ទាំង ២ ស្វែងយល់​ពី​ទស្សនៈ​ផ្សេងៗ ដូចជា​ការដកស្រង់ និង​ចែករំលែក​នូវ​បទពិសោធ​លើ​ញ្ហា​ដែល​ពាក់ព័ន្ធ​ឱ្យ​គ្នា​ទៅវិញទៅមក និង​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង ២ និង​ចំណេះដឹង​ផ្នែក​ការគ្រប់គ្រង​វិនិយោគ​ ដើម្បី​អនុវត្ត​ការងារ​វិនិយោគ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធផល»។

លោកស្រី ជា សិរី បាន​ថ្លែងថា ការបណ្តុះបណ្តាល​មន្ត្រី​គ្រប់គ្រង​ទុនបម្រុង​ត្រូវបាន​អនុវត្ត​ជាប្រចាំ​តាម​គ្រប់​រូបភាព និង​ប្រកបដោយ​និរន្តរភាព​ដែល​រួមមាន​ការបណ្តុះបណ្តាល​ផ្ទៃ​ក្នុង​ការបណ្តុះបណ្តាល​ក្រៅប្រទេស សម្រាប់​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង​តាម​ការសហការ​ជាមួយ​បណ្តា​ធនាគារ​កណ្តាល ស្ថាប័ន​ធនាគារ ឯកជន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ​នៅ​លើ​ពិភពលោក។

លោកស្រី​បាន​ថ្លែង​បញ្ជាក់ថា៖ «ដោយ​មើលឃើញថា បេឡា​ជាតិ​សន្តិសុខ​សង្គម​មាន​ទស្សនវិស័យ​ក្នុង​ការគ្រប់គ្រង​មូលនិធិ​សន្តិសុខ​សង្គម ដូចដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​កំពុង​អនុវត្ត ខ្ញុំ​ជឿជាក់​ថា ការអនុវត្ត​អនុស្សរណៈ​យោគយល់​នេះ នឹង​ផ្តល់​ឱកាស​ដល់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​មួយ​ដែល​មាន​គុណភាព​ខ្ពស់ និង​សមស្រប​តាម​តម្រូវការ​ជាក់ស្តែង​ ដើម្បី​ឈានទៅ​សម្រេចបាន​គោលដៅ​គ្រប់គ្រង​ការវិនិយោគ​មូលនិធិ​សន្តិសុខ​សង្គម ប្រកបដោយ​សុវត្ថិភាព និង ប្រសិទ្ធភាព»។

បើ​យោងតាម​លោក សម វិទ្យា បច្ចុប្បន្ន ប.ស.ស បាននិង​កំពុង​អនុវត្ត​របប​សន្តិសុខ​សង្គម​ចំនួន ២ គឺ​ផ្នែក​ហានិភ័យ ការងារ និង​ផ្នែក​ថែទាំ​សុខភាព ហើយ​នៅពេល​ដ៏ខ្លី​ខាងមុខ​ឆាប់ៗ​នេះ ប.ស.ស. នឹង​ដាក់ឱ្យ​អនុវត្ត​នូវ​របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់សោធន (ប្រាក់​រ៉ឺត្រែត) ដែល​ពេលនោះ សមាជិក ប.ស.ស. ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន​ទាំងអស់​នឹង​ទទួលបាន​ប្រាក់​សោធន​និវត្តន៍ (ប្រាក់​រ៉ឺត្រែត) ដូច​ទៅនឹង​មន្ត្រីរាជការ​ផងដែរ។

លោក​បាន​ថ្លែង​ទៀតថា៖ «ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​កិច្ចសហការ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា នាពេល​នេះ ប.ស.ស.នឹង​ទទួលបាន​ផ្លែផ្កា​ជា​វិជ្ជមាន ដើម្បី​រួមចំណែក​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល ឱ្យ​កាន់តែ​ទទួល​បាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាព»៕