ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ម្ទេស​សរុប​ជាង ៦៧,៥ ពាន់​តោន​ ក្នុង​រយៈពេល ៧ ខែ ដើមឆ្នាំ ២០២១ កើនឡើង​ជិត ៥០ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ទិន្នន័យ​ដែល​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ឱ្យ​ដឹងថា ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ ២០២១ កម្ពុជា​បាន​នាំចេញ​ម្ទេស​ក្នុង​បរិមាណ​សរុប ៦៧ ៥៤៧,៣៤ តោន។

ក្នុងនោះ​ម្ទេស​ស្រស់ ៦៦ ២២៧,១២ តោន​កើន ៤៦ ភាគរយ​ដោយ​នាំទៅ​ប្រទេស​ថៃ ៦៦ ២២៧,១២ តោន និង​ប្រទេស​អារ៉ាប់រួម ០,០០២ តោន។ ចំណែកឯ​ការនាំចេញ​ម្ទេស​ក្រៀម​មាន​ចំនួន ១ ៣២០,២២ តោន​កើនឡើង ១០,០២ ភាគរយ ដោយ​នាំទៅ​ប្រទេស​ថៃ ១ ៣២០ តោន, បែលហ្ស៊ិក ០,២១ តោន និង​កាណាដា ០,០១ តោន។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្ត​បាត់ដំបង លោក គឹម ហួត បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា តម្លៃ​ម្ទេស​ស្រស់​តែង​ប្រែប្រួល​ទៅតាម​តម្រូវការ​ទីផ្សារ ដោយ​នៅពេលនេះ​ក្នុង​ខេត្ត​បាត់ដំបង​មានតម្លៃ​ជា​មធ្យម ៥ ០០០ រៀល​ក្នុង ១ គីឡូក្រាម កើនឡើង​តិចតួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន។ លោក​បន្តថា ឆ្នាំនេះ​ដោយសារ​ផ្ទៃដី​ដាំដុះ​ក្នុង​ខេត្ត​កើនឡើង ហេតុនេះ​ផល​ម្ទេស​អាច​នឹង​កើន​លើស​ឆ្នាំមុន​ចន្លោះ​ពី ១០-២០ ភាគរយ។

លោក​ប្រាប់ទៀតថា សម្រាប់​ទិន្នផល​ម្ទេស​ដែល​ប្រមូលបាន​ក្នុង​ខេត្ត​បាត់ដំបង គឺ​មិន​ច្រើន​ទេ ប៉ុន្តែ​បើ​និយាយ​ពី​បរិមាណ​នាំចេញ​ទៅ​ប្រទេស​ថៃ តាម​ខេត្តបាត់ដំបង គឺមាន​ច្រើន ព្រោះ​ឈ្មួញ​បាន​ប្រមូល​ទិញ​ពី​បណ្តា​ខេត្ត​នានា​យកមក​នាំចេញ​តាម​ច្រក​នានា​របស់​ខេត្ត​បាត់ដំបង។

លោក​ថ្លែងថា៖ «ទោះបី​ខេត្តបាត់ដំបង​មិនមែន​ជា​កន្លែង​ដាំ​ម្ទេស​ច្រើន ប៉ុន្តែ​បើ​ផ្អែក​តាម​របាយការណ៍​ស្នើសុំ​វិញ្ញាបនបត្រ​នាំចេញ (CO) ម្ទេស​ស្រស់​ទៅ​ប្រទេស​ថៃ​ឆ្លងកាត់​តាម​ខេត្តបាត់ដំបង ចាប់ពី​ដើមឆ្នាំ​រហូតមកដល់​ពេលនេះ គឺមាន​ជិត ៤ ម៉ឺន​តោន»។

លោក​លើកឡើងថា ម្ទេស​មាន​ទីផ្សារ​នាំចេញ​ល្អ ហើយ​ការដាំដុះ​ពេលនេះ​ក៏​កំពុងមាន​សញ្ញា​វិជ្ជមាន​ផងដែរ។ លោក​អះអាង​ថា៖ «ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​តែង​ខិតខំ​ជួយ​សម្រួល​ដល់​ការនាំចេញ​គ្រប់​ផលិតផល ព្រោះ​វា​មិន​ត្រឹមតែ​ជា​ការលើកកម្ពស់​ការផលិត និង​ដាំដុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​នាំ​ចំណូល​ចូលជាតិ​ទៀតផង»។

យោងតាម​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង លោក ហេង សិទ្ធិ សម្រាប់​ខេត្តបាត់ដំបង គឺ​គេ​ពិបាក​កំណត់​ឱ្យបាន​ច្បាស់លាស់​ពី​ទំហំ​ផ្ទៃដី​ដាំដុះ​ណាស់ ព្រោះ​ម្ទេស​ត្រូវបាន​គេ​ដាំ​លាយ​ជាមួយ​បន្លែ​ផ្សេងទៀត។ ប៉ុន្តែ​អ្វីដែល​លោក​អាច​និយាយថា គឺ​ផ្ទៃដី​ដាំដុះ​បន្លែ ពិតជា​កើនឡើង​ចាប់តាំងពី​ក្រសួង​កសិកម្ម​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការបង្កើន និង​ជំរុញ​ការដាំដុះ​លើ​កសិផល​គ្រប់មុខ។

លោក​ប្រាប់ទៀតថា ម្ទេស​ភាគច្រើន​ត្រូវបាន​គេ​ដាំ​ច្រើន​នៅ​តំបន់​ជិត​មាត់ទឹក​ក្នុង​រដូវប្រាំង ដោយ​វា​ឱ្យ​ផល​បន្ទាប់ពី​ចាប់ផ្តើម​ដាំ​ពី ២ ខែ​កន្លះ​ឡើងទៅ។ លោក​និយាយថា៖ «ការដាំ​ម្ទេស​ក្នុង​ខេត្តបាត់ដំបង គឺ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​បរិភោគ​ក្នុង​ខេត្ត និង​អាច​សល់​នាំចេញ​បន្តិចបន្តួច»។

លោក​បន្ថែមថា ដោយសារ​ខេត្តបាត់ដំបង​មាន​ច្រកព្រំដែន​ជាប់​ប្រទេស​ថៃ ហេតុនេះ​ការដឹកជញ្ជូន​ម្ទេស​ទៅ​ប្រទេស​ថៃ​ដោយ​ឆ្លងកាត់​ខេត្តបាត់ដំបង គឺមាន​ច្រើន​ចាប់ពី​ដើមឆ្នាំ​មក​បើ​ធៀប​នឹង​ឆ្នាំ ២០២០។

លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បាន​ប្រាប់ថា ទោះ​មិនមាន​តួលេខ​ពិតប្រាកដ ប៉ុន្តែ​លោក​សង្កេតឃើញ​ថា ការដាំ​ម្ទេស​របស់​ប្រជាកសិករ​នៅ​កម្ពុជា​ចាប់ផ្តើម​មាន​កំណើន​សន្សឹមៗ។ កំណើន​នេះ​អាច​បណ្តាលមកពី​កត្តា ២ គឺ​កំណើន​តម្រូវការ​ក្នុងស្រុក និង​តម្លៃ​ទីផ្សារ​នាំចេញ​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ផងដែរ។ លោក​បន្ថែមថា ប្រទេស​ថៃ គឺជា​ទីផ្សារ​ធំ​សម្រាប់​ដំណាំ​ម្ទេស​ពី​កម្ពុជា ដូច្នេះ​តម្លៃ​ម្ទេស​ក៏​ប្រែប្រួល​ទៅតាម​តម្រូវការ​របស់​ប្រទេស​ថៃ​ផងដែរ។

កាលពី​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​ម្ទេស​ស្រស់​ចំនួន ៧០ ៥៤៦ តោន កើន ២៧,០៨ ភាគរយ​ពី ៥៥ ៥១៣ តោន​ក្នុង​ឆ្នាំ ២០១៩។ នេះ​បើតាម​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ៕ LA