ភ្នំពេញៈ BEST Inc ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដំណោះស្រាយ​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​សេវា​ឡូជីស្ទិក​វៃឆ្លាត​បញ្ចូល​គ្នា​ឈានមុខ​គេ​នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី ១ ខែសីហា បាន​ដាក់ឱ្យ​ដំណើរការ​សេវា​ឡូជីស្ទិក​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពេញលេញ​របស់ខ្លួន ដើម្បី​ដឹកជញ្ជូន​កញ្ចប់​ទំនិញ​ពី​ប្រទេស​ចិន ទៅ​ប្រទេស​ថៃ វៀតណាម និង​កម្ពុជា។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន។

សេវាកម្ម​នេះ​នឹង​ប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Cainiao Smart Logistics Network ដែលជា​សាខា​ឡូជីស្ទិក​ក្រុមហ៊ុន Alibaba Group។

កញ្ចប់​ទំនិញ​អាច​ដឹក​តាម​ផ្លូវគោក សមុទ្រ ឬ​ផ្លូវអាកាស ដោយ​អាស្រ័យ​តាម​តម្រូវការ​អតិថិជន។ ការមិន​រាប់បញ្ចូល​មួយចំនួន​ដូចជា ម្សៅ ឬ​ផលិតផល​ដែលមាន​មូលដ្ឋាន​ពី​វត្ថុ​រាវ ត្រូវ​ដឹកជញ្ជូន​តាមផ្លូវ​គោក ខណៈ​ដែល​ផលិតផល​ដែល​រង​ផលប៉ះពាល់​ដោយពេល​វេលា​ត្រូវ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស។

ផលិតផល​ទាំងនោះ បន្ទាប់មក​ត្រូវ​ដឹកជញ្ជូន​ទៅ​មជ្ឈមណ្ឌល​បែងចែក​តាម​ប្រភេទ​របស់​ក្រុមហ៊ុន BEST នៅ​ទីក្រុង​បាងកក ទីក្រុង​ហាណូយ ឬ​ភ្នំពេញ មុនពេល​ត្រូវបញ្ជូន​សម្រាប់​ការដឹកជញ្ជូន​ចុងក្រោយ។ អតិថិជន​អាច​តាមដាន​ទំនិញភ្លាមៗ​ក្នុង​ពេល​ដំណើរការ​ដឹកជញ្ជូន​ទាំងមូល។

សម្រាប់​អ្នកប្រើប្រាស់​ពាណិជ្ជកម្ម​អេឡិចត្រូនិក នៅ​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម ដែល​ជ្រើសរើស​សេវាកម្ម​ឡូជីស្ទិក​នេះ កញ្ចប់​ទំនិញ​របស់​ពួកគេ​នឹងត្រូវ​ដឹកជញ្ជូន​ដោយផ្ទាល់​ពី​កន្លែង​ណាមួយ​ក្នុងប្រទេស​ចិន ទៅកាន់​ឃ្លាំង​ស្ដុក​របស់​ក្រុមហ៊ុន BEST នៅ​ទីក្រុង Shenzhen។ ចាប់ពី​កន្លែង​នោះ កញ្ចប់​ទំនិញ​បន្ទាប់មក​ត្រូវ​ដឹកជញ្ជូន​ដោយផ្ទាល់​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ឬ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា បន្ទាប់ពី​បញ្ចេញ​ទំនិញ​ពី​គយ​ចិន។

លោក​ Johnny Chou ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន BEST Inc ថ្លែងថា៖ «អាស៊ីអាគ្នេយ៍​បាន​ផ្ដោតលើ​វិស័យ​សំខាន់ៗ​របស់​យុទ្ធសាស្ដ្រ​ពិភពលោក​របស់​ក្រុមហ៊ុន BEST ហើយ​យើង​គ្រោង​នឹង​វិនិយោគ​បន្ថែមទៀត​នៅ​តំបន់​នេះ។ យើង​បាន​អភិវឌ្ឍ​នូវ​បណ្ដាញ​ដឹកជញ្ជូន​រហ័ស ទៅក្នុង​ទីផ្សារ​ចំនួន ៥ នៅក្នុង​តំបន់​នេះ ដែល​ផ្ដល់​ដល់​អតិថិជន​នូវ​សេវាកម្ម​ល្បឿន​លឿន អាច​ទុកចិត្តបាន និង​ចំណាយ​តិច ព្រមទាំង​ជួយ​សម្រួល​ដល់​កំណើន​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន»។

លោក Au Yeong Shong Kwong ប្រធាន​ផ្នែក​ឆ្លងកាត់​ព្រំដែន ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី នៅ​ក្រុមហ៊ុន Cainiao Network បាន​និយាយថា៖ «ដើម្បី​ដោះស្រាយ​តម្រូវការ​អតិថិជន យើង​បាន​បង្កើត​សេវាកម្ម​ឡូជីស្ទិក​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ចិន អាស៊ី-អាគ្នេយ៍​ដោយផ្ទាល់ ដែល​បង្ហាញ​ពី​យុទ្ធសាស្ដ្រ​របស់​យើង​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​តំបន់​នេះ»។

តាំងពី​ឆ្នាំ ២០២០ ក្រុមហ៊ុន BEST បាន​បង្កើត​បណ្ដាញ​ឡូជីស្ទិក​ដ៏ទូលំទូលាយ​នៅក្នុង​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និង​កម្ពុជា ដែល​រួមមាន​មជ្ឈមណ្ឌល​បែងចែក​ចំណាត់ថ្នាក់​ទំនិញ ២៤ និង​ស្ថានីយ​សេវាកម្ម​ជាង ១ ០០០ ដែល​អាច​ឱ្យ​ក្រុមហ៊ុន​នេះ​ផ្ដល់​សេវាកម្ម​ឡូជីស្ទិក​ពេញលេញ​ដល់​អតិថិជន​ជាច្រើន៕ LA