ភ្នំពេញៈ វិទ្យាស្ថាន​កំណើន​បៃតង​ពិភពលោក (GGGI) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​សមាគម​ផ្ដល់​ប្រឹក្សា​សំណង់​អគារ​បៃតង​កម្ពុជា (CamGBC) ដែល​ទើប​បង្កើត​ថ្មី ដោយ​ពន្យល់​ពី​ផែនការ​កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង ២ ដើម្បី​លើកកម្ពស់​អគារ​បៃតង។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមគ្នា អគារ​បៃតង​ត្រូវបាន​កំណត់​ដោយ CamGBC ជា​អគារ​ដែល​ទទួលខុសត្រូវ​ផ្នែក​បរិស្ថាន និង​ប្រសិទ្ធភាព​ធនធាន ពេញ ១ ជីវិត​របស់​អគារ។

សមាគម​ផ្ដល់​ប្រឹក្សា​សំណង់​អគារ​បៃតង​កម្ពុជា​គឺជា​គំនិត​ផ្តួចផ្តើម​វិស័យ​ឯកជន​ដែល​ត្រូវបាន​បង្កើតឡើង​នៅពេលថ្មីៗ ដោយមាន​ចក្ខុវិស័យ​ដើម្បី​ធ្វើឱ្យ​អគារ​បៃតង​ និង​សហគមន៍​មាន​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់។

សមាគម​នេះ​មានបំណង​ចូលរួម​ជាមួយ​ក្រុម​អ្នកបង្កើត​គោលនយោបាយ ក្រុម​អ្នកជំនាញ និង​សង្គម ដើម្បី​ផ្លាស់ប្តូរ​ឧស្សាហកម្ម​សំណង់​ទៅជា​ឧស្សាហកម្ម​មួយ​ដែល​គោរព​ដល់​បរិស្ថាន។

ស្ថិតក្រោម​កិច្ចព្រមព្រៀង​នៃ​កិច្ចសហប្រតិបត្តិការ​ថ្មី​នេះ GGGI នឹង​គាំទ្រ​ប្រតិបត្តិការ​របស់​សមាគម​ផ្ដល់​ប្រឹក្សា​សំណង់​អគារ​បៃតង​កម្ពុជា។ អង្គការ​ទាំង ២ នេះ​នឹង​ធ្វើ​ការងារ​ជាមួយគ្នា ដើម្បី​ដំណើរការ​ការវាយតម្លៃ​អគារ​បៃតង​ជាក់លាក់​នៅ​កម្ពុជា និង​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ផែនការ​នេះ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្ដើម​អភិវឌ្ឍ​គំនិត​ផ្តួចផ្ដើម​រយៈពេល​វែង​ជាច្រើន ដើម្បី​បង្កើត​វិស័យ​សំណង់​ប្រកប​ដោយ​និរន្តរភាព នៅក្នុង​ប្រទេស​កម្ពុជា ដែល​រួមមាន​ច្បាប់​សំណង់ ស្ថិតក្រោម​ការអភិវឌ្ឍ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ (MUPLMC) និង​គោលការណ៍​ណែនាំ​អគារ​បៃតង និង​ផែនការ​សកម្មភាព​ថ្នាក់ជាតិ ស្ថិតក្រោម​ការអភិវឌ្ឍ ដោយ​ក្រសួង​បរិស្ថាន (MoE)។

ការរួមចំណែក​កំណត់ដោយ​ជាតិ (NDC) ដែល​ធ្វើ​បច្ចុប្បន្នភាព​របស់​កម្ពុជា ដែល​បាន​បញ្ជូន​កាលពី​ខែធ្នូ​ឆ្នាំ ២០២០ ក៏​បញ្ជាក់​ពី​មហិច្ឆតា​ដែល​បាន​ពង្រឹង​សម្រាប់​វិស័យនេះ​ផងដែរ ដែល​រួមមាន​សកម្មភាព​ដែល​ជាប់ទាក់ទង​នឹង​ការបង្កើត​ប្រសិទ្ធភាព​ថាមពល​ និង​ភាពត្រជាក់។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព បាន​ថ្លែង​ក្នុងអំឡុងពេល​ដាក់ឱ្យ​ដំណើរការ​ក្របខ័ណ្ឌ​ផែនការ​កម្ពុជា (CPF) កាលពី​ខែមិថុនា​ថា កំណើន​បៃតង​គឺជា​គំរូ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មួយ​ដែល​ស្វែងរក​កំណើនសេដ្ឋកិច្ច​ទាំងអស់ ខណៈពេល​កំពុង​ខិតខំ​ដើម្បី​ការរួមបញ្ចូល​សង្គម និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​ចីរភាព។

លោក​ឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា (RGC) អនុវត្ត​គោលការណ៍​កំណើន​បៃតង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍ​របស់ខ្លួន។

លោក​កត់សម្គាល់ថា៖ «យើង​ប្ដេជ្ញាចិត្ត​ចំពោះ​សកម្មភាព​ធាតុអាកាស និង​សម្រេច​បាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​វិស័យ​ទាំងអស់​តាមរយៈ​ការផ្តល់​អាទិភាព​ដល់​វិធីសាស្ត្រ​កំណើន​បៃតង»។

វិស័យ​សំណង់ គឺជា​វិស័យ​ប្រើប្រាស់​ថាមពល​ចុងក្រោយ​ដ៏សំខាន់​បំផុត​នៅ​កម្ពុជា ជាមួយ​នឹង​ចំណែក​ដែល​ប៉ាន់ប្រមាណ​ប្រហែល ៥២ ភាគរយ។ អគារ​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម​ប្រើប្រាស់​អគ្គិសនី។

ប្រហែល ៨០ ភាគរយ​នៅក្នុង​ប្រទេស ហើយ​ការប្រើប្រាស់​ថាមពល​នៅក្នុង​អគារ​ជាច្រើន​នឹង​កើនឡើង ២ ដង​រហូតដល់​ឆ្នាំ ២០៤០។ នេះ​បើ​យោងតាម​ការសង្ខេប​គោលនយោបាយ និង​ករណី​សិក្សា​នៅក្នុង​ប្រទេស​ក្នុង​ឆ្នាំ ២០២០ របស់​ UNDP។

UNDP បានឱ្យដឹង​ដែរ​ថា លុះត្រាតែ​សម្រេចបាន​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅរក​ការបង្កើន​ប្រសិទ្ធភាព​ថាមពល កំណើន​បច្ចុប្បន្ន​ក្នុង​ការប្រើប្រាស់​ថាមពល​ប្រចាំឆ្នាំ​នៅក្នុង​អគារ​ត្រូវបាន​រំពឹងថា នឹង​បន្ត​កើនឡើង​នោះ​នឹង​រួមចំណែក​ច្រើន​ដល់​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​កម្ពុជា។ កត្តា​ជំរុញ​សំខាន់ៗ​នៃ​កំណើន​តម្រូវការ​ថាមពល​គឺ​ការកើនឡើង​នៅក្នុង​សំណង់​អគារថ្មីៗ ការប្រើប្រាស់​ថាមពល​មិន​គ្រប់គ្រាន់ នៅក្នុង​អគារ​ដែលមាន​ស្រាប់ និង​ការកើនឡើង​ជា​បន្ត​នូវ​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ដែល​ប្រើប្រាស់​អគ្គិសនី​៕LA