ភ្នំពេញៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ JS Land Plc ទទួល​ការយល់ព្រម​ជា​គោលការណ៍​ពី​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ដើម្បី​ចុះបញ្ជី​លើ​ទីផ្សារ​កំណើន​របស់​ទីផ្សារ​មួយ​នេះ។ ក្រុមហ៊ុន​នេះ​នឹង​ក្លាយជា​សហគ្រាស​ធុន​តូច និង​មធ្យម ទី ២ ដែល​ចុះបញ្ជី​នៅលើ​ទីផ្សារ​កំណើន បន្ទាប់ពី​ក្រុមហ៊ុន​វិស្វកម្ម DBB ដែល​បច្ចុប្បន្នកំពុង​បោះ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO)។

បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ពី CSX កាលពី​ថ្ងៃទី ៣ ខែសីហា គឺ CSX បានផ្ដល់​ការយល់ព្រម​ជា​គោលការណ៍​លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ដល់ JS Land Plc កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១។

សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា៖ «ដើម្បី​អាច​ចុះបញ្ជី និង​ជួញដូរ​ជា​ផ្លូវការ​នៅ CSX ក្រុមហ៊ុន JS land Plc ត្រូវតែ​ទទួលបាន​ការអនុញ្ញាត​ឱ្យ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ពី​និយតករ​មូលបត្រ​កម្ពុជា (SERC) និង​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​ផ្សេងៗ​មួយចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​នៅ CSX»។

CSX ឱ្យដឹងទៀតថា៖ «JS Land Plc ជា​ក្រុមហ៊ុន​ទី ២ ដែល​ទទួលបាន​ការឯកភាព​ជាគោលការណ៍​លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​មូលបត្រ​នៅ​ទីផ្សារ​កំណើន​ CSX។ គួរកត់សម្គាល់​ដែរ​ថា JS Land Plc ជា​ក្រុមហ៊ុន​សក្ដានុពល​មួយ ដែលមាន​សកម្មភាព​អាជីវកម្ម​ចម្បង គឺ​អភិវឌ្ឍន៍​គម្រោង​ខុនដូ ហើយ​ក្រុមហ៊ុន​កំពុងតែ​ដំណើរ​ការកសាង​គម្រោង​ទី ២ ដែល​នៅ​ខណ្ឌ​សែនសុខ ជា​តំបន់​សក្ដានុពល និង​កំពុង​អភិវឌ្ឍ​មួយ​ក្នុង​រាជធានី​ភ្នំពេញ»។

លោកស្រី គឹម សុផានីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​របស់ CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នា​ថ្ងៃទី ៤ ខែសីហា​ថា បន្ទាប់ពី​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន​ក្នុង​ការបង្កើន​ការយល់ដឹង​អំពី​ការចុះបញ្ជី​នៅ​ទីផ្សារ​កំណើន​ក្នុងចំណោម​ម្ចាស់​ SME ជាច្រើន​ពេលនេះ CSX ទទួលបាន​ផ្លែផ្កា​ហើយ។

លោកស្រី​បញ្ជាក់ថា JS Land ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម SMEs ក្នុងស្រុក​ជាច្រើន​ដែលមាន​សក្ដានុពល​ដែល​កំពុង​ស្វែងរក​កំណើន និង​ការពង្រីក។ យើង​រីករាយ​ដែល​ក្រុមហ៊ុន​នេះ​ឆ្លង​ផុត​ការពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​មូលបត្រ​របស់​ផ្សារហ៊ុន​នេះ។

យើង​កំពុង​រង់ចាំ​ស្វាគមន៍ JS Land ជា​ក្រុមហ៊ុន​ចុះបញ្ជី​ទី ២ នៅលើ​ទីផ្សារ​កំណើន បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ឆ្លងកាត់​ដោយ​ជោគជ័យ​នៃ​ដំណើរការ​ដែល​នៅសល់ និង​ទទួលបាន​ការឯកភាព​ជា​ផ្លូវការ​ពី​ SERC។

លោកស្រី​បន្តថា ទោះយ៉ាងណា លោកស្រី​បដិសេធ​ផ្ដល់​ការអត្ថាធិប្បាយ​បន្ថែម​ទាក់ទង​នឹង​ការចេញ និង​ព័ត៌មាន​ចុះបញ្ជី​នេះ ដោយ​រង់ចាំ​រហូត​ដល់ SERC ផ្ដល់​ការឯកភាព​លើ​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​នេះ។

ក្រុមហ៊ុន​ JS LAND Plc ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​សហគ្រិន ៥ រូប​មកពី​ប្រទេស​កម្ពុជា ម៉ាឡេស៊ី និង​ហុងកុង។ ក្រុមហ៊ុន JS Land ត្រូវបាន​ដាក់បញ្ចូល​កាលពី​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៤ ជា​ក្រុមហ៊ុន​មាន​កម្រិត​ឯកជន​ស្ថិតក្រោម​ច្បាប់​ស្ដីពី​សហគ្រាស​ពាណិជ្ជកម្ម​កម្ពុជា៕ LA