ការប្រែប្រួល​នៃ​តម្លៃ​មាស​នៅ​ចុង​សប្តាហ៍​មុន​អាច​បានធ្វើឱ្យ​អ្នកជួញដូរ​មាន​ការខកចិត្ត បន្ទាប់ពី​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​បាន​ឡើងដល់ Triple Top នៅ​តម្លៃ ១ ៨៣៣ ដុល្លារ ក្នុង ១ អោនស៍។ ការព្យាករ​សុទិដ្ឋិនិយម​នៃ​របាយការណ៍​ការងារ​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ខែកក្កដា ដែល​គ្រោង​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​អាច​ជា​កត្ដា​ដែល​ធ្វើឱ្យ​តម្លៃ​មាស​បន្ដ​ធ្លាក់ចុះ​ទៀត។

យោងតាម​គេហទំព័រ Investing.com កាលពី​ថ្ងៃទី ២ ខែសីហា លោក Stephen Innes ដែលជា​ដៃគូ​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្ដិ SPI បាន​និយាយថា៖ «ទីផ្សារ​កំពុង​ផ្ដោតទៅលើ​កំណើន​នៃ​អត្រា​អ្នកមាន​ការងារ (Non-farm Payrolls) ដែល​អាច​ធ្វើឱ្យ​តម្លៃ​ប្រាក់​ដុល្លារ​កើនឡើង​ដូចគ្នា។ ម្យ៉ាងទៀត វា​នឹង​ជួយ​ឱ្យ​វិនិយោគិន​ដឹង​កាន់តែច្បាស់​អំពី​ពេលវេលា​កំណត់​សម្រាប់​ធនាគារកណ្តាល​សហរដ្ឋ​អាមេរិក​ក្នុង​ការចាប់ផ្តើម​កាត់​បន្ថយ​ការទិញ​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​ពី​គោលនយោបាយ​ចាក់​បញ្ចូល​សាច់ប្រាក់​ទៅក្នុង​ទីផ្សារ (Tapering) ប្រសិន​បើ​របាយការណ៍​ការងារ​សហរដ្ឋអាមេរិក​ពីរ​ខែ​បន្ទាប់​ទៀត​អាច​កើនឡើង​ដល់ ៨០ ម៉ឺន ទៅ ១ លាន»។

ការចេញ​ផ្សាយ​របាយការណ៍​ការងារ​ប្រចាំខែ​របស់​សហរដ្ឋអាមេរិក ក៏ដូចជា​ទិសដៅ​តម្លៃ​មាស តម្លៃ​ប្រេង និង​ឧបករណ៍​ជួញដូរ​សំខាន់ៗ​មួយចំនួន​ផ្សេងទៀត គឺ​អាស្រ័យ​ទៅ​លើ​កម្រិត​សុខភាព​ទីផ្សារការងារ​របស់​ប្រទេស​ដែលមាន​កំណើន​សេដ្ឋកិច្ច​ឈានមុខ​គេ​នៅក្នុង​ពិភពលោក​នេះឯង»។

បច្ចុប្បន្ន តម្លៃ​មាស​កំពុង​ប្រែប្រួល​នៅក្នុង​ប្រអប់​ទីផ្សារ​ក្នុង​ចន្លោះ​ពី ១ ៧៥៥ ទៅ ១ ៨៤០ ដុល្លារ បន្ទាប់ពី​បានបង្ហាញ​ទម្រង់ Doji Candlestick កាលពី​ថ្ងៃ​ចន្ទ។ ម្យ៉ាងទៀត​ខណៈពេល​ដែល​តម្លៃ​មាស​កំពុង​ប្រែប្រួល​ក្នុង​ទិសដៅ​ធ្លាក់ចុះ អ្នកជួញដូរ​អាច​ចាប់ផ្តើម​លក់​មាស​នៅ​តម្លៃ ១ ៨៤០ ដុល្លារ ដោយ​កំណត់​មុខងារ​បញ្ឈប់​ហានិភ័យ​នៅ​តម្លៃ ១ ៨៧០ ដុល្លារ។

ប្រសិនបើ​ទិន្នន័យ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ជាក់ស្ដែង​ប្រែ​ទៅជា​អវិជ្ជមាន អ្នកជួញដូរ​អាច​រង់ចាំ​ទិញ​មាស​ក្នុងតម្លៃ ១ ៧៥៥ ដុល្លារ​វិញ ដោយ​កំណត់​មុខងារ​បញ្ឈប់​ហានិភ័យ​នៅ​តម្លៃ ១ ៧២៥ ដុល្លារ៕